យានអវកាស Dawn របស់ NASA នឹងហោះ​ទៅកៀក​អាចម៍ផ្កាយ​យក្សមួយ នៅចន្លោះ​ភពអង្គារ និង​ព្រហស្បតិ៍…

0

 

(អាមេរិក)៖ យានអវកាស​មួយគ្រឿង​របស់ NASA នឹងត្រូវធ្វើដំណើរ​ទៅយ៉ាងកៀក​ជាមួយ​​ Ceres ជាអាចម៍​ផ្កាយយក្ស ដែល​​ភពមិន​ពេញ​​លក្ខណៈ (Dwarf Planet) នៅក្នុងតំបន់​ខាងក្នុងនៃប្រព័ន្ធ​ព្រះអាទិត្យ (គិតត្រឹមភព​អង្គារមក​ព្រះអាទិត្យ)។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។

នាខែថ្មីនេះ យានស្រាវជ្រាវ​ឈ្មោះថា Dawn របស់ទីភ្នាក់ងារ​អវកាស NASA នឹងឆ្លាស់ទៅ​រកគន្លងមួយ ដែលនឹងស្ថិត​នៅចម្ងាយ​ត្រឹមតែ​ ៣៥​គីឡូម៉ែត្រប៉ុណ្ណោះ​ពីលើផ្ទៃរបស់​អាចម៍ផ្កាយ ឬភពមិន​ពេញ​លក្ខណៈ Ceres ​នៅចំណុច​កៀកបំផុត ដោយវានឹង​អនុញ្ញាតឲ្យ Dawn ផ្តិតយកទស្សនីយភាព​ដ៏​ល្អ​បំផុតពី Ceres ខណៈចំណុចឆ្ងាយបំផុត នៃគន្លងរាងពងក្រពើនេះ នឹងនាំ​យកយាន Dawn ទៅចម្ងាយ​ ៤,០០០​គីឡូម៉ែត្រ។ នៅចំណុច​ទាប និងកៀកបំផុតរបស់វា យាន​អវកាស Dawn នឹងនៅ​រយៈចម្ងាយ ១០ដង​ជិត​ទៅនឹង Ceres ជាង​យាន​ពីមុនៗ​ទាំង​អស់។

គួរជម្រាបថា យាន​អវកាស Dawn បាននិងកំពុង​បន្តវិល​ជុំវិញ Ceres ដែលស្ថិត​នៅតំបន់ខ្សែ​ក្រវាត់​អាចម៍ផ្កាយ (ចន្លោះ​ភពអង្គារ និងភព​​ព្រហស្បតិ៍) ចាប់តាំងពី​ខែមីនា ឆ្នាំ២០១៥​មកម្ល៉េះ។ NASA បានបាញ់បង្ហោះ​យាន​បេសកកម្មនេះ កាលពី​ឆ្នាំ២០០៧ ដោយជាដំបូង​បាន​បញ្ជូន Dawn ទៅកាន់អាចម៍​ផ្កាយយក្ស Vesta ដែលជាវត្ថុអវកាស​ធំបំផុត​លំដាប់ទីពីរ នៅតំបន់ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​បន្ទាប់​ពី Ceres៕

ចែករំលែក