មិន​ធម្មតា! NASA ត្រៀមសិក្សា​​នៅ​តំបន់ «ឆ្ងាយ​​ជាងភពភ្លុយតូ​ពីរ​ដង» ដែល​ជា​រនាំង​ការពារ​ប្រព័ន្ធ​​ព្រះអាទិត្យ​…

0

(អាមេរិក)៖ នៅឆ្នាំ២០២៤ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នឹងចាប់ផ្តើម​បេសកកម្ម​ថ្មីមួយ ដើម្បីជួយអ្នក​វិទ្យាសាស្រ្ត ឲ្យបង្កើន​ការស្វែង​យល់អំពី​ស្រទាប់ ដែលនៅហ៊ុមព័ទ្ធ​ជុំវិញ​ប្រព័ន្ធ​អាទិត្យយើងនេះតែម្តង។ នេះបើតាម​​ការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

ស្រទាប់​ដ៏ធំនេះ ដែលគេស្គាល់ថា ជាស្រទាប់ Heliosphere ត្រូវបានបង្កើត​ឡើងដោយ​ព្រះអាទិត្យ ដោយវារួមផ្សំឡើង​ពីភាគល្អិតតូចៗ​​​ និង​ដែនម៉ាញេទិចរបស់​ព្រះអាទិត្យ។ ស្រទាប់ Heliosphere នេះ មានតួនាទី​ជួយការពារ​ផែនដី និងភពនានា​ទាំងអស់​នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ ពី​រលក​វិទ្យុ​របស់ទីអវកាស និងរារាំងកាំរស្មី​ប្រកបដោយថាមពល​ខ្លាំងៗមួយចំនួន ដែលកើត​ចេញពីតំបន់អវកាស​នៅចន្លោះផ្កាយ​នីមួយៗជាដើម។

គួរជម្រាបថា ដែន​នៃស្រទាប់ Heliosphere មិនងាយនឹង​ទំលុះចូលនោះ​ឡើយ ដូច្នេះហើយ​បេសកកម្មថ្មី​របស់ NASA មាន​ឈ្មោះថា IMAP នឹងធ្វើការ​ប្រមូលនិង​សិក្សា​នូវភាគល្អិត​តូចនានា ដែលធ្វើដំណើរ​ក្នុងល្បឿន​យ៉ាងលឿន និងឆ្លងកាត់​ស្រទាប់ Heliosphere ចូលមកក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បាន។

ចំណុច៖ Heliosphere គឺជាអាថ៌​កំបាំង​មួយ​នៅជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (យើង​អាច​និយាយ​បាន​ថា វាជាព្រំដែន​នៃដែនម៉ាញេទិច​របស់​ព្រះអាទិត្យ) តែអ្នកវិទ្យាសាស្ត្រ​អាចកំណត់បានថា វាជាទីតាំងដែលភាគល្អិតនៃព្យុះពីព្រះអាទិត្យអាចជះទៅដល់ (ក្នុងកម្រិតអតិបរមា ១៥០០០លានគីឡូម៉ែត្រពីព្រះអាទិត្យ ឬចម្លាយពីព្រះអាទិត្យ ទៅភពភ្លុយតូច គុណនឹង ២)៕

ចែករំលែក