ត្រៀមៗ! អង្គការ NASA មាន​តំណឹងល្អ​ត្រូវប្រកាស ពាក់ព័ន្ធនឹង​របកគំហើញ​ថ្មី​លើភព​អង្គារ…

0

 

(អាមេរិក)៖ យាន​រុករក ខៀរីយ៉ូស៊ីធី (Curiosity) របស់ទីភ្នាក់ងារ​អវកាស NASA ត្រូវគេរាយការណ៍​ថា បានរកឃើញអ្វីយ៉ាងដែលគួរឲ្យចាប់​អារម្មណ៍ខ្លាំង​មែនទែន នៅលើ​ភពអង្គារ (Mars) ហើយ NASA នឹងលាតត្រដាង​ឲ្យសាធារណជន​បានដឹង​ ពីរបកគំហើញនេះ​នៅថ្ងៃព្រហស្បតិ៍ (ពេលវេលា​នៅ​វ៉ាស៊ីនតោន)។ នេះបើតាម​​ការដក​ស្រង់​ការ​ផ្សាយចេញ​ពី​ ​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

ជុំវិញរឿងនេះ​អង្គការ NASA បានបញ្ចេញ​ឲ្យដឹងតែព័ត៌មាន​តិចតួចប៉ុណ្ណោះ អំពីអ្វីដែលនឹង​ត្រូវប្រកាសនា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ប៉ុន្តែ​ការ​ពិភាក្សា​ដោយផ្សាយផ្ទាល់​នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ នឹងមានរួម​បញ្ចូលនូវលទ្ធផល​ស្រាវជ្រាវថ្មី​ផ្នែកវិទ្យាសាស្រ្ត ពីយាន​រុករក Curiosity របស់ NASA។

យាន Mars Rover Curiosity បាននិងកំពុង​ធ្វើការស្រាវជ្រាវ​រុករកនៅលើភព​ក្រហមនេះ ចាប់តាំងតែពី​ពេលវាបានចុះចត​នៅ​ទីនោះកាលពី​ខែសីហា ឆ្នាំ២០១២​មកម្ល៉េះ ហើយរបបគំហើញសំខាន់ៗមួយចំនួនហើយ ត្រូវបានយាន​ដែលមានទំហំប៉ុន​កូនឡានមួយ​គ្រឿងនេះ សម្រេចបានដែល​ជាប្រយោជន៍ធំធេង​សម្រាប់ការស្រាវជ្រាវ​បន្ត នៅលើ​ភពអង្គារ។

គួរបញ្ជាក់ថា កាលពី​ខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញ​សេចក្តី​​ប្រកាស​ដ៏ធំមួយ ដែលនាំឲ្យ​កក្រើកពិភព​វិទ្យាសាស្ត្រ នោះគឺការរក​ឃើញវត្តមានទឹក​រាវ ហូរនៅលើផ្ទៃភពព្រះអង្គារ​ក្នុងចំនួនតិចតួច ហើយវាពិតជា​សញ្ញា​មួយ​ដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាត​ឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយាន​តាមដាន​អំពី​លក្ខណៈបន្ថែម​នៃភពអង្គារ ដែលកាល​ពីរាប់រយរាប់ពាន់​លានឆ្នាំមុន អាចធ្លាប់មាន​ជីវិតរស់នៅ ឬក៏បរិយាកាស​ស្រដៀងនឹង​ភពផែនដី​នេះ។

ចុះបងប្អូនវិញ​គិតថា តើរបកគំហើញ​ថ្មីដែលនឹងត្រូវប្រកាស​នៅពេលខាងមុខនេះ ជាអ្វីដែរ? តើយាន Curiosity អាចរក​ឃើញនូវអ្វី ដែលនឹងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នក​តាម​ដានព័ត៌មាន​នេះ រំភើបដូចកាល​ពីឆ្នាំ២០១៥ ដែរឬទេ? សូមរង់ចាំ​​តាមដាន​ទស្សនា​ទាំងអស់​នៅរយៈពេលបី​ថ្ងៃ​ទៀត៕

 

ចែករំលែក