ចង់ទៅរកជីវិតនៅព្រះច័ន្ទ​ភពព្រហស្បតិ៍ និង​សៅរ៍, NASA ត្រូវសិក្សា​ពីភ្នំភ្លើងក្រោម​បាត​សមុទ្រ​ផែនដី​ជាមុនសិន…

0

 

(អាមេរិក)៖ ខណៈកិច្ចខិតខំ​ប្រឹងប្រែង​នានាត្រូវបាន​ធ្វើឡើង ដើម្បី​តាម​រុករកជីវិត​ក្រៅ​ភព​នៅទីអវកាស ទីភ្នាក់ងារ​អវកាស NASA ក៏កំពុង​​​ផ្តោតលើ​មធ្យោបាយដទៃ​ទៀតផងដែរ ដូចជាតាម​រយៈការស្រាវជ្រាវ​ ទៅលើបាត​មហាសមុទ្រ​របស់ផែនដី​ជាដើម។ នេះបើតាម​ការដកស្រង់​​ការផ្សាយចេញពី​វែបសាយ Tech Times នៅរសៀល​ថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។

នៅចម្ងាយតែ ៣៥គីឡូម៉ែត្រ​ ប៉ុណ្ណោះ​ពីឆ្នេរនៃកោះហាវ៉ៃ​ សហរដ្ឋអាមេរិក គឺមានវត្តមាន​ភ្នំភ្លើងក្រោម​ទឹកមួយ ដែលកំពុង​បញ្ចេញ​ពពុះ​ដ៏ក្តៅ​គគុក​ពីចេញពីក្រោម​បាតសមុទ្រ។ វាមាន​ឈ្មោះថា Lo’ihi ជាភ្នំភ្លើង​សកម្មក្រោម​បាតសមុទ្រ ដែលអ្នក​វិទ្យាសាស្រ្តនៅ NASA ជឿជាក់ថា​មានលក្ខណៈស្រដៀង​ទៅនឹងតំបន់​នានា ក្នុងប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​លទ្ធភាពខ្ពស់​ក្នុងការទ្រង់ទ្រង់​ជីវិត។

នៅខាងក្រោម​ផ្ទៃនៃបាត​សមុទ្រ គឺមានវត្តមាន​នៃស្នាមប្រេះក្រហែង​ដែលគេហៅថា Hydrothermal Vent ដែល​បញ្ចេញ​ទឹកក្តៅ។ Hydrothermal Vent ជារឿយៗ​អាចត្រូវរកឃើញ​នៅក្បែរភ្នំភ្លើង​សកម្ម ផ្ទាំងសិលាតិកតូនិក ឬតំបន់ភ្នំភ្លើង ហើយអ្នក​វិទ្យាសាស្រ្តជឿថា សញ្ញាដំបូង​បង្អស់​នៃជីវិតនៅ​លើផែនដី មានប្រភព​កើត​ចេញពី Hydrothermal Vent ទាំង​នេះ។

ទ្រឹស្តីនោះ​គឺ កម្តៅទឹកដែលបញ្ចេញ​ពីក្រហែង​ទាំងនេះ បានបង្កជា​ប្រតិកម្មគីមី នៅបាត​សមុទ្រ ដែលនាំឲ្យមាន​ការកកើត​នៃសរីរាង្គ ឬកោសិ​កា​មួយដំបូងបំផុត។ ដោយសារ​តែពន្លឺព្រះអាទិត្យ ​មិនអាចទម្លុះ​ចូលទៅក្នុងកន្លែង​ដែលមាន Hydrothermal Vent សរីរាង្គ​ទាំងឡាយ ដែលរស់​​នៅទីនោះ គឺត្រូវការពឹងផ្អែក​ទៅលើប្រតិកម្មគីមី​ទាំងនេះ សម្រាប់ការចិញ្ចឹម​ជីវិតរបស់​ពួកវា។

គួរបញ្ជាក់ថា ការសិក្សា​ខាងលើនេះ គឺមានវិសាលភាព​ទៅលើតំបន់​ផ្សេងទៀត​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដូចជាព្រះច័ន្ទ​ទឹកកក​យូរ៉ូប៉ា នៃភព​ព្រហស្បតិ៍ ដែល​ត្រូវបានក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាង​ថា មានមហាសមុទ្រ​ទឹកកក​នៅក្រោម​ផ្ទាំង​​ទឹកកក​ស្រោប​ខ្លួនវា ដែលមាន​កម្រាស់ ១០គីឡូម៉ែត្រ។ បន្ថែមពី​នេះទៀត គឺព្រះច័ន្ទ អាន់សេឡាដឺស នៃភពសៅរ៍​ដែលមានបំភាស​ចំហាយ​ទឹក​ ចេញពីតំបន់​ប៉ូលខាងត្បូង​របស់វា ដែលអាច​ជាកំហួលនៃភ្នំភ្លើង​ក្រោម​សមុទ្រ​ទឹកកក៕

ចែករំលែក