បើមានភព​មានជីវិត​ នៅជុំវិញ​ប្រព័ន្ធ​ផ្កាយ Alpha Centauri វាប្រាកដ​​ជាប្រសើរ​ជាង​នៅប្រព័ន្ធ​​ព្រះអាទិត្យ​​យើងទៅទៀត…

0

(អាមេរិក)៖ ការសិក្សាថ្មីមួយ​ទាក់ទិននឹង​ការអង្កេត ប្រព័ន្ធផ្កាយ​នៅក្បែរៗនឹង​ប្រព័ន្ធព្រះអាទិត្យយើង បានលាត​ត្រដាង​ឲ្យឃើញថា ប្រព័ន្ធ​ផ្កាយ​មួយក្នុង​ចំណោមនោះ ប្រហែលជា​មានភាពអំណោយ​ផលដល់ទម្រង់ជីវិត ជាជាង​ព្រះអាទិត្យយើង បើយើងគិតពី​កម្រិតនៃរលក​កាំរស្មីអ៊ិច ហើយនេះ​គឺជាលទ្ធផល​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល និងប្លែក​អារម្មណ៍ផងដែរ។ នេះ​បើ​តាមការដក​ស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានចេញសេចក្តី​ប្រកាសព័ត៌មាន​មួយឲ្យដឹងថា ភពទាំងឡាយ​នៅវិលជុំវិញ​ផ្កាយភ្លោះ​ដ៏ភ្លឺចែងចាំង នៅ​ក្នុង​ប្រព័ន្ធផ្កាយ Alpha Centauri ទំនងទំនង​ជាពុំបានទទួលរង​កម្រិត នៃរលកកាំរស្មីអ៊ិចខ្លាំងក្លា ចេញពីផ្កាយមេទាំងពីរ​របស់វាឡើយ។ ប្រព័ន្ធ Alpha Centauri គឺជាប្រព័ន្ធ​ផ្កាយបី ដែលស្ថិតនៅ​ចម្ងាយ ០៤ឆ្នាំពន្លឺ ឬស្មើនឹង ៤០ទ្រីលាន​គីឡូម៉ែត្រ (៤០ពាន់ពាន់​លាន​គីឡូម៉ែត្រ) ពី​ផែនដី។

អ្នកវិទ្យាសាស្រ្ត​​បានលើក​ឡើងថា ដោយសារតែរយៈចម្ងាយ​ដ៏កៀករបស់វា ប្រព័ន្ធ Alpha Centauri ត្រូវបាន​មនុស្ស​ជាច្រើនមើល​ឃើញថា ជាបេក្ខភាព​ដ៏ប្រសើរជាងគេ​បំផុត ក្នុងការរុករក​សញ្ញានៃ​ទម្រង់ជីវិត ប៉ុន្តែសំណួរ​នោះគឺ តើយើងនឹងអាចស្វែង​រកភព​ ដែលមានបរិស្ថាន​​អំណោយផល សម្រាប់​ទម្រង់ជីវិត ដូចដែលយើង​បានដឹង ឬអត់។

បើតាម NASA វាគឺជាដំណឹង​ដ៏ប្រសើរមួយ​សម្រាប់ផ្កាយ Alpha Cen AB បើគិតពី​លទ្ធភាព​នៃការរស់រាន​របស់ជីវិត​នៃភពនានា នៅចំពោះ​មុខ​រលកកាំ​រស្មីអ៊ិច ដែលបញ្ចេញ​ពីផ្កាយភ្លោះ​នេះ ហើយការសិក្សា​ថ្មីនេះ​បានបង្ហាញ​ថា ជីវិតនឹងមាន​ឱកាសខ្ពស់​នៅលើភពនានា នៅ​ជុំវិញផ្កាយ​ទាំងពីរ។ ប៉ុន្តែដំណឹង​អាក្រក់នោះ​គឺ ទោះបីជាភពទំហំ​ប៉ុនផែនដីមួយ ត្រូវបានគេរកឃើញ​នៅក្បែរផ្កាយ Proxima ក៏ដោយ​មក​ទល់ពេលនេះ ក្រុមតារាវិទូ​ពុំអាចរកឃើញ​ភពអេលៀនណា​មួយ នៅជុំវិញ Alpha Cen A និង B ឡើយ។

កាំរស្មីអ៊ិច និងឥទ្ធិពលនានានៅទីអវកាស ដែលជាបញ្ហាពាក់ព័ន្ធឯទៀតៗ មានផលប៉ះពាល់​អាក្រក់ជាខ្លាំង សម្រាប់ជីវិតដែល​ពុំមានការការពារ ដូច​ជា​តាមរយៈការទទួលរង​រលកកាំរស្មី ក្នុងកម្រិតខ្ពស់ដោយផ្ទាល់ និងតាមរយៈ​ការ​បំផ្លាញបរិយាកាស​ ដែលជា​ខែល​ការពារជីវិតនៅលើភព​មួយជាដើម។​

ផ្កាយនៅក្នុងប្រព័ន្ធ Alpha Centauri រួមមានផ្កាយ​មួយគូ គឺ Alpha Centauri A និង B ដែលធ្វើគោចរ​នៅកៀកគ្នា។ ផ្កាយ Alpha Cen A គឺ​ស្ទើរតែដូច​ទៅនឹងព្រះអាទិត្យ​របស់យើង​បេះបិត រួមមានទាំង​អាយុកាល ខណៈ Alpha Cen B មានទំហំតូច​ជាង និងបញ្ចេញពន្លឺ​ខ្សោយ​ជាង​ ប៉ុន្តែនៅតែ​ស្រដៀងនឹង​ព្រះអាទិត្យយើងដែរ។

សម្រាប់ផ្កាយទីបីវិញនោះ គឺ Alpha Cen C ឬមានឈ្មោះ​មួយទៀតថា Proxima ផងដែរនោះ គឺជាផ្កាយ​ក្រហម Red Dwarf ដ៏តូចមួយ ដែលធ្វើដំណើរ​នៅជុំវិញផ្កាយ​ភ្លោះ A និង B នៅក្នុងគន្លង​ដ៏ធំមួយ ហើយបើគិត​ពីចម្ងាយ​ពីវាទៅ​ផ្កាយភ្លោះ A និង B វិញនោះ គឺជាង ១០,០០០ដង​ឆ្ងា ​ជាងចម្ងាយ​រវាងផែនដី និងព្រះអាទិត្យ​យើងឯណោះ (ចម្លាយពីផែនដី​ទៅព្រះអាទិត្យ គឺ ១៥០លានគីឡូម៉ែត្រ)។

បច្ចុប្បន្ន Proxima ត្រូវគេចាត់ទុកថា គឺជាផ្កាយនៅជិតផែនដីបំផុត ខណៈផ្កាយ AB ឈរនៅលេខរៀងទីពីរ។ យោងតាមលទ្ធផលនេះការ​អង្កេតអស់រយៈពេលជាច្រើនឆ្នាំ បានលាត​ត្រដាងឲ្យដឹងថា លទ្ធភាព​នៃទម្រង់ជីវិត បើគិតពីកម្រិត​ទទួលរងឥទ្ធិពលពី​កាំរស្មីអ៊ិចនោះ គឺ​មានភាពប្រសើរ​ខ្លាំងនៅជុំវិញ​ផ្កាយ Alpha Cen A និង B ជាជាង​ព្រះអាទិត្យ។ ផ្ទុយទៅវិញ Proxima គឺជាផ្កាយ Red Dwarf សកម្មមួយ ​​ដែលគេដឹងថា តែងតែបញ្ចេញ​រលកកាំរស្មីអ៊ិច​ក្នុងកម្រិត​យ៉ាងគ្រោះថ្នាក់ និងមិនអំណោច​ផលសម្រាប់ជីវិត​ឡើយ។

គួរជម្រាបថា ការប្រមាញ់​រកភពនៅជុំវិញផ្កាយ​ទាំងពីរ គឺមានភាពលំបាក​មែនទែន ដោយសារតែគន្លង​របស់ពួកវា ដែលបានទាញ​ផ្កាយ​ដ៏​ភ្លឺ​ទាំង​ពីរដួង ឲ្យទៅ​កៀកគ្នា។ បើតាម NASA ភពនានា​នៅក្នុងតំបន់អាច​ទ្រទ្រង់​ជីវិតបាន (Habitable Zone) នៅជុំវិញ​ផ្កាយ Proxima ជា​មធ្យម​ទទួលរងកម្រិត​កាំរស្មីអ៊ិច​ប្រហែល ៥០០ដង​ខ្លាំងជាងភព​ផែនដី និង ៥០,០០០ដង​ខ្លាំងជាងក្នុង​កម្រិត​ខ្ពស់បំផុត៕

ចែករំលែក