លម្អិត​បន្ថែម៖ អង្គការ NASA ពន្យល់​អំពី «របកគំហើញ​ធំៗពីរ​នៅលើ​ភពអង្គារ» ដែល​ជាក្តី​សង្ឃឹម​ធំធេង​ទៅ​ថ្ងៃ​មុខ​…

0

 

(អាមេរិក)៖ ក្រៅពីកា​ររកឃើញ​សំណល់កាបូន លើភពអង្គារដូចដែលបាន​រៀបរាប់ក្នុង​អត្ថបទ​មុននេះ NASA ក៏បានប្រាប់​ពីការ​រកឃើញ​ នៃការប្រែប្រួល​តាមរដូវកាល​របស់កម្រិតធាតុមេតាន នៅក្នុងបរិយាកាស​​​របស់ភពអង្គារ ក្នុងអំឡុង​ពេល​ជិត ០៣ឆ្នាំលើ​ភពអង្គារ ដែលស្មើនឹង​ជិត ០៦ឆ្នាំ នៅលើផែនដី​ផងដែរ។ នេះបើតាមការដកស្រង់ពី Space វែបសាយ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

អ្នក​វិទ្យាសាស្រ្ត NASA បានបញ្ជាក់ថា ទោះបីជាប្រតិកម្ម​ទឹក និង​ថ្ម ប្រហែលអាចបង្កើត​ចេញជាមេតាន​ក៏ដោយ ពួកគេ​នៅតែពុំ​អាចច្រានចោល​លទ្ធភាព នៃការកើតចេញ​ពីប្រភពបែប​សារីរាង្គជីវសាស្រ្ត​នោះ​ឡើយ។ លទ្ធផលនេះ គឺស្របគ្នាទៅនឹងការ​រកឃើញ​ម៉ូលេគុលកាបូនក្នុងថ្ម នៃភពអង្គារ ដែលសុទ្ធសឹងជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់ ដូចនៅលើភពផែនដី ប៉ុន្តែគេបានបញ្ជាក់ដូច្នេះថា «វាមិនមែន​ជាការរកឃើញ​ជីវិតឡើយ» ប៉ុន្តែជាការ​រកឃើញ​វត្ថុធាតុ ដែលអំណោយ​ផល​សម្រាប់​ជីវិត។

មេតានកាល​​ពីមុនមក ធ្លាប់ត្រូវបានរកឃើញ​នៅក្នុងបរិយាកាស​របស់ ភពអង្គារ (Mars) នៅក្នុងកម្រិតដ៏ធំ និងពុំអាចប៉ាន់ស្មាន​ត្រូវនោះ​ឡើយ ប៉ុន្តែលទ្ធផល​ថ្មីនេះ​ពិតជា​បានបង្ហាញថា កម្រិតទាប​នៃមេតាននៅក្នុង​តំបន់ Gale Crater (បឹងយក្ស​ដែលធ្លាប់​មានទឹក) តែងតែកើន​ឡើងខ្ពស់នៅក្នុងខែនា​រដូវក្តៅ និងធ្លាក់ចុះមកវិញ​នៅ​រដូវត្រជាក់​ជារៀង​រាល់ឆ្នាំ។

គួរជម្រាបថា ការរកឃើញ​មេតាននៅក្នុង​បរិយាកាស និងសំណល់​កាបូនបុរាណ ដែលកប់​នៅក្នុង​ផ្ទៃរបស់ Mars បាននិងកំពុងផ្តល់​ឲ្យ​​​ក្រុម​អ្នកវិទ្យាសាស្រ្ត​នូវភាពជឿជាក់ថា បេសកកម្ម​​យាន Mars Rover ឆ្នាំ២០២០ របស់អង្គការ NASA និងយាន ExoMars Rover របស់ទីភ្នាក់ងារ​​អវកាសអឺរ៉ុប នឹងបង្កើត​រកគំហើញទាក់​ទិននឹងសារីរាង្គកាន់​តែច្រើនថែម​ទៀត ទាំងនៅលើផ្ទៃលើ និងនៅផ្ទៃខាងក្នុង​រាក់ៗ​​ជាដើម។

អត្ថបទមុន៖ យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នក​វិទ្យាសាស្រ្តណាសា ចុះផ្សាយនៅ​លើទស្សនាវដ្ដី Science នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ ភពព្រះអង្គារ ត្រូវបានគេ​ជឿជាក់ថា មានសមាសភាព​កាបូនមូលដ្ឋាន ឬគេហៅថា «ម៉ូលេគុលសរីរាង្គ»​ ដែលជាសមាសធាតុដ៏សំខាន់​សម្រាប់ជីវិត។ បន្ថែមពីលើនេះ ការសិក្សាដដែល​ក៏បានឱ្យ​ដឹងដែរថា មានភស្ដុតាង​ជាច្រើនអាច​បញ្ជាក់បាន​ថា ជាម៉ូលេគុល​សរីរាង្គធំៗ​នៅលើភព​ព្រះអង្គារ ហើយដែលនេះ​​គឺជាការខិតខំប្រឹងប្រែងបន្ត​ពីការរុករកនៃ​យាន Viking របស់ NASA ដែលបានចុះចតលើ​ភពព្រះអង្គារ នៅអំឡុង​ទសវត្សរ៍ឆ្នាំ១៩៧០។

ចំណែកឯ​ការធ្វើតេស្ដកាល​ពីលើកមុនៗ អាចអង្អុលបង្ហាញ​ពីសារពាង្គកាយ ប៉ុន្តែវត្តមាន ក្លរីន (chlorine)​ បែរជាធ្វើឱ្យគេពិបាក​ក្នុងការបក​ស្រាយទៅវិញ។ ដោយឡែកជុំវិញ​របកគំហើញនេះដែរ លោកស្រី ជែននីហ្វឺ អេហ្គែនប្រូដ (Jennifer Eigenbrode) ជាអ្នកវិទ្យាសាស្រ្ត​ជីវៈ-​គីមី នៃអង្គការ NASA បានលើក ឡើងយ៉ាងដូច្នេះថា «នៅពេលដែលអ្នក​ធ្វើការជាមួយ​នឹងអ្វីមួយ​ ប្រៀបដូច​ជា​មនុស្សឆ្កួត​​នៅលើភព​ព្រះអង្គារ ជាមួយឧបករណ៍ដ៏ស្មុគស្មាញ ដែលត្រូវ​បញ្ជូនទៅ​កាន់ទីអវកាស នោះវាហាក់​ដូចជាយើងកំពុង​ធ្វើអ្វីមួយ ដែលយើង​ជឿជាក់ជា​មុនថា វាមិនអាច​ទៅរួច… ប៉ុន្តែខ្ញុំបាន​ធ្វើការងារជាមួយ​ក្រុមការងារ​ដ៏អាស្ចារ្យ​ នៅលើភព​ព្រះអង្គារ ហើយយើង​បានរកឃើញ​របកគំហើញថ្មី​ជាច្រើន»។

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលអង្គការ NASA ប្រកាសពីរបក​គំហើញថ្មីៗ ពាក់ព័ន្ធនឹងជីវិត​នៅលើភព​ព្រះអង្គារ ពោលគឺអង្គការ​មួយនេះក៏ធ្លាប់បាន​អះអាងផងដែរថា ខ្លួនបានរកឃើញ​ស្លាកស្នាម​ប្រភពទឹក​ អមជាមួយម៉ូលេគុល​សរីរាង្គដ៏​ស្មុគស្មាញ​នៅលើភពមួយនេះ​ ដែលធ្លាប់កើតមានកាលពីជាង ៣.៥ពាន់លានឆ្នាំមុនផង​ដែរ។

ចំណុចបន្ថែម៖ កាលពី​ខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញ​សេចក្តី​​ប្រកាស​ដ៏ធំមួយ ដែលនាំឲ្យ​កក្រើកពិភព​វិទ្យាសាស្ត្រ នោះគឺការរក​ឃើញវត្តមានទឹក​រាវ ហូរនៅលើផ្ទៃភពព្រះអង្គារ​ក្នុងចំនួនតិចតួច ហើយវាពិតជា​សញ្ញា​មួយ​ដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាត​ឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយាន​តាមដាន​អំពី​លក្ខណៈបន្ថែម​នៃភពអង្គារ ដែលកាល​ពីរាប់រយរាប់ពាន់​លានឆ្នាំមុន អាចធ្លាប់មាន​ជីវិតរស់នៅ ឬក៏បរិយាកាស​ស្រដៀងនឹង​ភពផែនដី​នេះ៕

ចែករំលែក