តើជីវិត​​លើ​ផែនដី ពិតជាមាន​ប្រភព​ដើម​ពីភពព្រះអង្គារ​ ដូចការ​សង្ស័យ​មែនឬ?

0

 

(ភ្នំពេញ)៖ របកគំហើញ​ពីអង្គការ NASA នៅថ្ងៃសុក្រនេះ ពិតជារឿងរ៉ាវ​មួយ​ប្លែក ប៉ុន្តែមិនមែនថ្មី​សន្លាងនោះឡើយ ព្រោះនេះជាអ្វី​ដែលក្រុមអ្នក​វិទ្យាសាស្ត្រ​រាប់​ទសវត្សរ៍មកនេះ បានរំពឹងទុកថា នឹងអាចសម្រេចចេញមក​នៅថ្ងៃណាមួយ ដូចជាការ​រកឃើញប្រភពទឹក​លើភពអង្គារ និងពេលនេះ គឺសារីរាង្គ​នៃម៉ូលេគុល​កាបូន ដែលមាន​អំណោយ​ផលសម្រាប់​ជីវិតនោះ។

ហេតុដូច្នេះ, តើភពអង្គារពិត​ជាធ្លាប់មានជីវិត ដូចនៅលើ​ផែនមែនឬ? តើជីវិត​នៅលើផែនដី​នេះ ពិតជាមានប្រភពដើម​ពីដុំថ្មអវកាស ១៣៤ដុំ ដែល​ត្រូវបាន​​រកឃើញ​នៅលើ​ផែនដី និងត្រូវបានអ្នកវិទ្យាសាស្ត្រ​អះអាងថា មាន​ប្រភពមក​ពីភពអង្គារមែនឬ? ចម្លើយសម្រាប់​សំនួរទាំងនេះ ពិតជាមិន​ទាន់មាន​ជាផ្លូវការ​នោះទេ ប៉ុន្តែបើយោង​តាមលទ្ធផល​ដែលអង្គការ NASA បានសិក្សា និងរកឃើញ​កន្លងមកនោះ ចំណុចធំៗ​ភាគច្រើន ដែលអាចប្រមូលផ្តុំ​ជាចម្លើយនោះ មានរួច​អស់​ទៅហើយ….។

«ទីណា​មានទឹក ទីនោះមាន​ជីវិត» នេះជាពាក្យ​ស្លោកដែលយើង​ប្រើប្រាស់​នៅលើ​ផែនដី ហើយពិតប្រាកដ​ណាស់ ភពអង្គារ​ធ្លាប់មានទឹក គ្រាន់តែភព​នេះត្រូវបាន​ដុំថ្មអវកាស ឬអាចផ្កាយ​ខ្នាតធំបុកទង្គិច ដែលជាហេតុនាំ​ឲ្យបរិយាកាស​ត្រូវបាត់បង់ និងសណ្ឋាន​ផ្ទៃដីរបស់វាចាប់ផ្តើម​ប្រែប្រួល ក្នុងរយៈកាលរាប់​ពាន់ឆ្នាំមក​ហើយ។ ទោះបីជាបែបនេះ​​ក្តី តាមរយៈបរិយាកាស​ដែលនៅសល់​តិចតួច និងដានទឹក​ហូ​រ​លើផ្ទាំងថ្មនៅបាតបឹង​ Gale Crater លើភព​អង្គារនោះ រូបធាតុអាចទ្រទ្រង់​ជីវិត​ត្រូវបានរក​ឃើញ​ទៅហើយ… ដូច្នេះតើ​នៅសល់​អ្វីទៀត?

បើតាមយើងគិតនោះគឺ សំណល់នៃជីវិត ឬហ្វូស៊ីលនៃជីវិតក្នុងទម្រង់ណាមួយ សូម្បីតែសារីរាង្គសត្វ និងរុក្ខជាតិ បើសិនជាត្រូវបានរកឃើញនៅថ្ងៃអនាគត ពេលអង្គការ NASA បំពេញបេសកកម្មកាន់តែច្រើនលើភពអង្គារនោះ វាពិតជាគាំទ្រ​ការលើកឡើងកន្លងមកដែលថា ជីវិតនៅលើផែនដីមានលទ្ធភាពខ្ពស់ថា បាន​នាំ​យក​មកជាមួយដោយកម្ទេចកម្ទីរថ្មភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន នៅពេលភព​អង្គារ​ត្រូវគេរងការទង្គេចដោយអាចម៍ផ្កាយ យ៉ាងដំណំ។

រំលឹក៖ យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នក​វិទ្យាសាស្រ្តណាសា ចុះផ្សាយនៅ​លើទស្សនាវដ្ដី Science នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ ភពព្រះអង្គារ ត្រូវបានគេ​ជឿជាក់ថា មានសមាសភាព​កាបូនមូលដ្ឋាន ឬគេហៅថា «ម៉ូលេគុលសរីរាង្គ»​ ដែលជាសមាសធាតុដ៏សំខាន់​សម្រាប់ជីវិត។ បន្ថែមពីលើនេះ ការសិក្សាដដែល​ក៏បានឱ្យ​ដឹងដែរថា មានភស្ដុតាង​ជាច្រើនអាច​បញ្ជាក់បាន​ថា ជាម៉ូលេគុល​សរីរាង្គធំៗ​នៅលើភព​ព្រះអង្គារ ហើយដែលនេះ​​គឺជាការខិតខំប្រឹងប្រែងបន្ត​ពីការរុករកនៃ​យាន Viking របស់ NASA ដែលបានចុះចតលើ​ភពព្រះអង្គារ នៅអំឡុង​ទសវត្សរ៍ឆ្នាំ១៩៧០។

ក្រៅពីកា​ររកឃើញ​សំណល់កាបូន លើភពអង្គារដូចដែលបាន​រៀបរាប់ក្នុង​អត្ថបទ​មុននេះ NASA ក៏បានប្រាប់​ពីការ​រកឃើញ​ នៃការប្រែប្រួល​តាមរដូវកាល​របស់កម្រិតធាតុមេតាន នៅក្នុងបរិយាកាស​​​របស់ភពអង្គារ ក្នុងអំឡុង​ពេល​ជិត ០៣ឆ្នាំលើ​ភពអង្គារ ដែលស្មើនឹង​ជិត ០៦ឆ្នាំ នៅលើផែនដី​ផងដែរ។

អ្នក​វិទ្យាសាស្រ្ត NASA បានបញ្ជាក់ថា ទោះបីជាប្រតិកម្ម​ទឹក និង​ថ្ម ប្រហែលអាចបង្កើត​ចេញជាមេតាន​ក៏ដោយ ពួកគេ​នៅតែពុំ​អាចច្រានចោល​លទ្ធភាព នៃការកើតចេញ​ពីប្រភពបែប​សារីរាង្គជីវសាស្រ្ត​នោះ​ឡើយ។ លទ្ធផលនេះ គឺស្របគ្នាទៅនឹងការ​រកឃើញ​ម៉ូលេគុលកាបូនក្នុងថ្ម នៃភពអង្គារ ដែលសុទ្ធសឹងជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់ ដូចនៅលើភពផែនដី ប៉ុន្តែគេបានបញ្ជាក់ដូច្នេះថា «វាមិនមែន​ជាការរកឃើញ​ជីវិតឡើយ» ប៉ុន្តែជាការ​រកឃើញ​វត្ថុធាតុ ដែលអំណោយ​ផល​សម្រាប់​ជីវិត។

មេតានកាល​​ពីមុនមក ធ្លាប់ត្រូវបានរកឃើញ​នៅក្នុងបរិយាកាស​របស់ ភពអង្គារ (Mars) នៅក្នុងកម្រិតដ៏ធំ និងពុំអាចប៉ាន់ស្មាន​ត្រូវនោះ​ឡើយ ប៉ុន្តែលទ្ធផល​ថ្មីនេះ​ពិតជា​បានបង្ហាញថា កម្រិតទាប​នៃមេតាននៅក្នុង​តំបន់ Gale Crater (បឹងយក្ស​ដែលធ្លាប់​មានទឹក) តែងតែកើន​ឡើងខ្ពស់នៅក្នុងខែនា​រដូវក្តៅ និងធ្លាក់ចុះមកវិញ​នៅ​រដូវត្រជាក់​ជារៀង​រាល់ឆ្នាំ។

គួរជម្រាបថា ការរកឃើញ​មេតាននៅក្នុង​បរិយាកាស និងសំណល់​កាបូនបុរាណ ដែលកប់​នៅក្នុង​ផ្ទៃរបស់ Mars បាននិងកំពុងផ្តល់​ឲ្យ​​​ក្រុម​អ្នកវិទ្យាសាស្រ្ត​នូវភាពជឿជាក់ថា បេសកកម្ម​​យាន Mars Rover ឆ្នាំ២០២០ របស់អង្គការ NASA និងយាន ExoMars Rover របស់ទីភ្នាក់ងារ​​អវកាសអឺរ៉ុប នឹងបង្កើត​រកគំហើញទាក់​ទិននឹងសារីរាង្គកាន់​តែច្រើនថែម​ទៀត ទាំងនៅលើផ្ទៃលើ និងនៅផ្ទៃខាងក្នុង​រាក់ៗ​​ជាដើម៕

ចែករំលែក