អូខេៗ! នេះជា​ដំណឹងល្អអំពីយាន Juno ដែល​កំពុងហោះ​វិលវល់​ នៅ​ជុំវិញ​ភព​ព្រហស្បតិ៍​…

0

 

(អាមេរិក)៖ ដោយសារតែ​យានអង្កេតភពព្រហស្បតិ៍ Juno នៅតែអាច​ដំណើរការ​ទៅ​យ៉ាង​ល្អនោះ ទើបទីភ្នាក់ងារ​អវកាសអាមេរិក NASA បាន​សម្រេច​បន្ថែម​ពេល​វេលាបំពេញ​បេសកកម្មរបស់វា រយៈពេលបីឆ្នាំ​ទៅមុខទៀត គឺទៅដល់​ខែកក្កដា ឆ្នាំ២០២១ ឯណោះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន Space ដែលត្រូវបាន​ដកស្រង់​នៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។

បេសកកម្ម​នៃយានអង្កេត Juno មានទំហំ​ជាទឹកប្រាក់ ១.១ពាន់លានដុល្លារ ត្រូវបាន​បាញ់បង្ហោះ និងធ្វើដំណើរ​ទៅដល់ភពព្រហស្បតិ៍ កាលពីពាក់​កណ្តាលឆ្នាំ២០១៦ ហើយការសម្រេច​បង្កើន​ពេលវេលា នៃការបំពេញ​បេសសកម្មនៅ​ភពព្រហស្បតិ៍នេះ ត្រូវបានក្រុម​គ្រប់គ្រង​យាន Juno អះអាងថា វាប្រៀបបីដូចជា​ការបន្ថែមថាមពល ឲ្យពួកយើង​ធ្វើការសិក្សាបន្ត​ទៀត ដើម្បីទទួលបាន​របកគំហើញដ៏អស្ចារ្យ​បន្ថែម អំពី​ភពឧស្ម័នយក្ស​ធំជាងគេ​លេខ ១ ប្រចាំប្រព័ន្ធ​ព្រះអាទិត្យ​យើងនេះ។

ថ្វីត្បិត​តែយាន Juno ត្រូវពន្យារពេល​បំពេញបេសកកម្ម ទៅដល់ខែកក្កដា ឆ្នាំ២០២១ ក៏ពិតមែន ប៉ុន្តែយាននេះ​ត្រូវការពេលរហូតដល់ទៅឆ្នាំ២០២២ ដើម្បីអនុញ្ញាតឲ្យក្រុម​គ្រប់គ្រង​បេសកកម្ម​របស់វានៅលើ​ផែនដី អាចធ្វើការវិភាគ​អំពីទិន្នន័យនានា​ ដែលទទួលបាន​ពីវា​សិន ទើបធ្វើការ​បិទបញ្ចប់បេសកកម្ម​ទាំងស្រុង​ ត្រូវធ្វើឡើងជាក្រោយ។

ជុំវិញ​​បញ្ហា Juno នេះដែរ លោក Thomas Zurbuchen សហប្រធាន​​រដ្ឋបាល សម្រាប់ការ​ដឹកនាំ​បេសកកម្ម​វិទ្យាសាស្ត្រ​របស់ NASA ក្នុងរដ្ឋធានី​​វ៉ាស៊ីនតោន​បានឲ្យ​ដឹងថា «ជាមួយនឹង​ជំនួយបន្ថែម​ខាងលើនេះ Juno អាចនឹង​ធ្វើការបក​ស្រាយ​សំនួរដែលជា​ចម្ងល់ជាយូរណាស់​​មកហើយបន្ថែមទៀត ដែល​ទាក់ទងនឹង​ភព​ព្រហស្បតិ៍។ បន្ថែមពី​នេះ វានឹងធ្វើការបក​ស្រាយ​នូវចំណោទ​ផ្នែកវិទ្យាសាស្ត្រ ដែលបានចោទ​​​ឡើង​ដោយ​ក្រុមអ្នកស្រាវ​ជ្រាវ​ ជាយូរណាស់​​មក​​ហើយ។»

បើតាម​អត្ថន័យដែល លោក Thomas បានលើក​ឡើង ការបន្ថែម​ពេលវេលា​ឲ្យ Juno ធ្វើការគោចរ​កៀកជុំវិញ​ភពព្រហស្បតិ៍​ទៀតនោះ វានឹងអាច​ឲ្យយាន​នេះ ធ្វើការអង្កេត​បាន​គ្រប់ជ្រុងជ្រោយ​អំពីបម្រែបម្រួល នៃភពឧស្ម័ន​យក្សដ៏អស្ចារ្យ​នេះច្រើនឡើងៗ ដូចជា​ចលនា​ព្យុះ និងការប្រែប្រួល​ពពកឧស្ម័នទាំង​នៅតំបន់អេក្វាទ័រ និងប៉ូលទាំងពីរ​របស់ភព តួយ៉ាង​ដូចជា​រូបភាព​នានាដែល Juno បានបង្ហាញ​កន្លងមក​ដូច្នោះឯង ដែលសុទ្ធ​សឹងតែ​ជា​រូបភាព​ដ៏អស្ចារ្យ និងមិនធ្លាប់បាន​ឃើញពីមុនមកនោះ​ឡើយ។

គួររំលឹកថា យាន Juno ត្រូវបានបាញ់​បង្ហោះកាលពី​ខែសីហា ឆ្នាំ២០១១ និងបាន​ទៅដល់ភព​ព្រហស្បតិ៍ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ តួនាទី​គោលនៃ Juno គឺធ្វើការសិក្សា​អំពី​កម្លាំងទំនាញ និង​ដែនម៉ាញេទិច​របស់ភព​ព្រហស្បតិ៍ ក៏ដូចជាបរិយាកាស​ដ៏ក្រាស់​បំផុតរបស់វា​ផងដែរ។ លទ្ធផលទាំងនេះ​នឹងអាចឲ្យ​ក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ដើម្បីរកឲ្យ​ឃើញពីរបៀបចាប់​កំណើត​នៃភពយក្ស​នេះ និង​ការវិវឌ្ឍខ្លួន​ក្លាយ​ជាភព​ដែល​មានកម្លាំងខ្លាំងអស្ចារ្យគួរឲ្យងឿង​ឆ្ងល់៕

ចែករំលែក