ក្រុមហ៊ុន SpaceX មិនមែន​​ជាការ​គំរាមកំហែង​ដល់ ​អង្គការ NASA នោះឡើយ…

0

 

(អាមេរិក)៖ នាយកប្រតិបត្តិការ​​របស់ក្រុមហ៊ុន SpaceX គឺ​លោក Elon Musk បានធ្វើ​ឲ្យពិភពលោក​​មានការកោត​​ស្ញប់ស្ញែង តាមរយៈការអភិវឌ្ឍ​​គ្រាប់រ៉ុក្កែតជំនាន់​​ចុងក្រោយ Falcon 9 ជាមួយនិងជោគជ័យ​​នៅតំណាក់​​កាលទី ១។ លទ្ធផលវិជ្ជមាន​​បំផុតនេះ គឺនឹង​ជួយកាត់​​បន្ថយថ្លៃ​ចំណាយ ទៅលើការប្រើប្រាស់​គ្រាប់រ៉ុក្កែត​​ក្នុងការបាញ់​បង្ហោះយាន និងផ្កាយរណប​​កន្លងមក ហើយក៏ជាបើកទ្វារ​ឲ្យមាន​ការបាញ់បង្ហោះ​​យានអវកាស​បន្ថែម ដើម្បី​ស្រាវជ្រាវ​នៅទីអវកាស​​នាថ្ងៃអនាគត​​ផងដែរ។ នេះបើតាម​​ការចេញផ្សាយ​​ដោយ វែបសាយ The Hill នាល្ងាច​​ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

ការរីកធំធាត់នៃក្រុមហ៊ុន SpaceX និងវិស័យពាណិជ្ជកម្ម​អវកាសជារួម ក្នុងនោះមាន​ទាំង​កម្មវិធី Blue Origin របស់មហាសេដ្ឋី​ជាម្ចាស់​ក្រុមហ៊ុន Amazon លោក Jeff Bezos ផងដែរនោះ ពិតជារូបភាពមិនសូវល្អ​ប៉ុន្មានឡើយ​ សម្រាប់សារព័ត៌មាន​មួយចំនួន ដែលបាន​សរសេរអំពី​ការភ័យព្រួយ ចំពោះការប្រកួតប្រជែង​ផ្នែកឧស្សាហកម្ម​អវកាស ជាពិសេសគឺ​ចំពោះកម្មវិធីអភិវឌ្ឍន៍​នានារបស់​អង្គការ NASA តែម្តង ដែលកាន់តែ​ខ្សត់ប្រាក់​ឧបត្ថម្ភ។

ជាក់ស្តែងកាសែត​មួយដែលមាន​ឈ្មោះថា Houston Chronicle ស្ថិតនៅក្នុងទឹកដី​កំណើត នៃមជ្ឈមណ្ឌល​ហោះហើរអវកាស Johnson របស់​អង្គការ NASA បានចេញ​ផ្សាយនូវ​អត្ថបទមួយ​ដោយសរសេរថា លោក Elon Musk កំពុងតែ​គំរាមកំហែង ដោយ​ចង់​ជំនួស​តួនាទីរបស់​អង្គការ NASA ដែលកាសែត​នេះ​ហៅថា «ជាកម្មវិធីអវកាស​របស់​ប្រជាជន»។

ការចេញផ្សាយ​​បានអត្ថាធិប្បាយ​​យ៉ាងដូច្នេះថា «អង្គការ NASA ពេលនេះ​គឺកំពុងជួបគ្រោះ​ទុរ្ភិក្ស មិនសំបូរសប្បាយ​ដូចមុននោះឡើយ ហើយអ្នក​នយោបាយនានា ក៏បាន​លើកឡើង​ផងដែរ អំពីនយោបាយទាញ​សហរដ្ឋអាមេរិក ឲ្យទៅស្រាវជ្រាវ​នៅឋានព្រះច័ន្ទ​វិញនោះ…។ វាច្បាស់លាស់​ណាស់ថា ជំនួយមួយ​ចំនួនត្រូវបាន​ទម្លាក់ទៅដល់ SpaceX និងលោក Musk​។ លុយទាំងនោះ គឺកំពុងជួយពង្រីកពាណិជ្ជកម្មរបស់ Musk បានយ៉ាង​ប្រសើរ និងជួយដល់​មនុស្សជាតិ​តាមមធ្យោបាយផ្សេងៗ ប៉ុន្តែទីភ្នាក់ងារ​អវកាស NASA ខ្លួនឯងនេះ គឺបន្ត​នៅទ្រឹងយ៉ាងត្រដាបត្រដួស»។

កាសែត​គាំទ្រ NASA ខាងលើបាន​សង្កត់ធ្ងន់​ថា «ដូច្នេះលោក Musk ជា CEO ក្រុមហ៊ុន SpaceX មើលទៅ​ដូច​ជាចង់ជួយ​ដោះស្រាយ​​បញ្ហាទាំងនេះ តាមរយៈការ​ជួយ​ធ្វើឲ្យថវិកា​សាធារណៈ​សម្រាប់​គំរោង​ទៅកាន់​ទីអវកាស​ឆ្ងាយៗ​ពីផែនដី មានស្ថិរភាព និងលុបចោល​កម្មវិធីផលិត​​រ៉ុក្កែត​នៅ​ថ្ងៃ​អនាគត​​របស់ NASA។ ដូច្នេះសរុប​​សេចក្តី​​មក SpaceX កំពុងតែ​បង្ហាញចេតនា​​យ៉ាង​ច្បាស់​ នៅក្នុងការ​​ជំនួស​​តំណែង NASA…»។

គួរបញ្ជាក់ថា ជុំវិញ​បញ្ហានេះ​ក៏មានការចេញផ្សាយ​អត្ថបទតបទៅវិញ​ផងដែរ ដោយ​អ្នក​និពន្ធ​ចង់​ប្រាប់​ឲ្យមនុស្ស​មួយចំនួន កុំឲ្យមានការបារម្ភ​ចំពោះភាពរីកចំរើន​នៃក្រុមហ៊ុន SpaceX ថាជាការ​គំរាមកំហែង​ដល់អង្គការ NASA ឬក៏នឹងជំនួស​អង្គការ NASA នៅថ្ងៃអនាគត​នោះ។ សហរដ្ឋអាមេរិក​មានភាពវិសេស​លើសគេ ទៅ​លើការប្រកួត​ប្រជែង​ប្រកបដោយគុណ​ប្រយោជន៍ ក្នុងវិស័យអវកាស ដូច្នេះការកែប្រែផ្នែកអវកាសឲ្យ​ចូលក្នុងវិស័យពាណិជ្ជកម្ម និងបន្ត​អភិវឌ្ឍន៍ទៅមុន ដោយគិតពី​ប្រយោជន៍រួមជាធំ មិនគួរ​ត្រូវបានរារាំងដោយ​សារតែការ​ភ័យខ្លាច​នោះឡើយ៕

ចែករំលែក