Oops! ធូលីពេជ្រ​ ធ្វើឲ្យ​តំបន់មួយ​ចំនួនក្នុង​កាឡាក់ស៊ី បញ្ចេញពន្លឺប្លែកៗ​យ៉ាង​អស្ចារ្យ…?

0

 

(អាមេរិក)៖ ការសិក្សាថ្មី​មួយ​បានឲ្យ​ដឹងថា ធូលីពេជ្រ​គឺជារូបធាតុ​ដែល​បង្កឲ្យ​មានការ​បញ្ចេញពន្លឺ​​ដ៏ចម្លែក ដែលមានប្រភពមក​ពីតំបន់មួយ​ចំនួន នៅក្នុង​កាឡាក់ស៊ី Milky Way របស់យើង​នេះតែម្តង។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

 

​នាពេលកន្លង​ទៅនេះ​ក្រុមតារាវិទូ​បានដឹងថា ភាគល្អិតដ៏តូច​មួយប្រភេទ បាននិងកំពុង​បង្កើតបាតុ​ភូតពន្លឺនេះ ដែលគេ​ហៅថា AME ប៉ុន្តែ​ពួកគេមិន​អាចកំណត់រកកត្តា​បង្កពិតប្រាកដ​ឡើយ ទាល់តែមក​ដល់ពេល​នេះ ទើបមាន​ការសន្និដ្ឋាន​តាមរយៈលទ្ធផល​សិក្សាថ្មី ហើយវាពិត​ជាបង្កការភ្ញាក់ផ្អើល​ខ្លាំង​ណាស់។

នៅក្នុងការសិក្សាថ្មីខាងលើ ក្រុមអ្នកស្រាវជ្រាវ​បានប្រើ​ប្រាស់តេឡេស្កូប​នៅលើផែនដី ដើម្បីស្វែង​រកពន្លឺ AME នៅក្នុងប្រព័ន្ធផ្កាយវ័យក្មេងចំនួន ១៤ នៅទូទាំង​កាឡាក់ស៊ី Milky Way។ ​ពួកគេ​បាន​ប្រទះ​ឃើញ​ការបញ្ចេញ​ពន្លឺ នៅក្នុងប្រព័ន្ធ​ផ្កាយចំនួន ០៣ ក្នុង​ចំណោមនោះ ដែលមានប្រភព​ចេញពីមកចង្កោមធូលី​ និង​ឧស្ម័ន​របស់ភព​នៅជុំវិញ​ផ្កាយទាំង​នោះ ហើយក្នុងនៅ​សំណុំធូលី និងឧស្ម័ន​ទាំងអស់នោះ គេ​បាន​រកឃើញនូវ​វត្តមានត្បូងពេជ្រ​តូចៗជាច្រើន ដែលយើងអាចហៅថា «ធូលី​ពេជ្រ ឬពពក​ធូលីពេជ្រ»។

គួរជម្រាបថា លទ្ធផល​នៃការសិក្សា​ថ្មីនេះ អាចជួយក្រុមតារាវិទូបាន​យ៉ាងច្រើន ក្នុងការស្វែង​យល់​ពីការកកើតដំបូង​​នៃចក្រវាឡ ដែលពោពេញ​ដោយ​កាឡាក់ស៊ី ផ្កាយ និងភព​រាប់មិនអស់​នេះ៕

ចែករំលែក