ទៀត! អង្គការ NASA អះអាងថា «នឹង​នាំ​​មនុស្សទៅ​ជាន់​ភព​អង្គារ នៅ​​ឆ្នាំ​២០៤០» ខណៈ​បញ្ហា​​ធំ​មួយ​ នៅ​មិន​ទាន់​រក​ច្រកចេញ​ឃើញ​…

0

(អាមេរិក)៖ ប្រធានក្រុមអ្នកវិទ្យាសាស្រ្ត នៃទីភ្នាក់ងារ​អវកាស NASA លោក ជីម ហ្គ្រីន (Jim Green) បានប្រកាសឲ្យ​ដឹងថា NASA មានគម្រោងបញ្ជូនមនុស្ស​ទៅកាន់ភពអង្គការ​នៅឆ្នាំ២០៤០។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​វែបសាយ អង់គ្លេស Express នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ​២០១៨។

លោក Green បានអះអាង​ថា ក្រោយពីសញ្ញានៃជីវិត​ជាច្រើន​ត្រូវបាន​រកឃើញ​នៅលើភពក្រហ​ម​នេះ ការរស់នៅលើ​ភពអង្គារ​ហាក់ជិត​ក្លាយជាការ​ពិតមែនទែនហើយ។ លោក Green បានលើក​ឡើង​ថា «បច្ចុប្បន្ន យើងមើល​ឃើញ​ថា ភពអង្គារ​គឺជាកន្លែងដ៏ប្រសើរ និងកាន់​តែ​ប្រសើរ​ឡើង ដែលអាចធ្លាប់​មានវត្តមានជីវិត​កាលពី​អតីតកាល។ បើតាមការ​សិក្សា​ស្រាវជ្រាវ ភពអង្គារ គឺជាភព​ដែលស្រដៀងផែនដី​ជាង​គេ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។

ងាកទៅកាន់ក្រុមហ៊ុន SpaceX វិញកាលពីឆ្នាំមុននេះ ប្រធាន​ក្រុមហ៊ុន គឺលោក Elon Musk បាន​ប្តេជ្ញាថា ក្រុមហ៊ុនរបស់លោក​នឹងនាំមនុស្សទៅភពអង្គារ​ឲ្យបាន នៅអំឡុង​ទសវត្សរ៍ឆ្នាំ២០២០ ដែលការ​លើកឡើងនេះ គឺបានធ្វើឲ្យ​អង្គការ NASA បាក់​មុខយ៉ាង​ខ្លាំង ខណៈអង្គការនេះ​ធ្លាប់បានផ្លាស់ប្តូរពេល​វេលា ​ទៅ​បំពេញបេសកកម្ម​ដោយមនុស្ស នៅលើភព​អង្គារនៅ​ឆ្នាំ២០២០ ២០៣០ និងឥឡូវនេះ​ដល់ ២០៤០ទៅ​ហើយ។

ខណៈគម្រោង​របស់​អង្គការ NASA គឺបញ្ជូននរណាម្នាក់​ទៅកាន់ Mars នៅមុន​ឆ្នាំ២០៤០ វាត្រូវចាំមើលសិនថា តើ NASA អាចបញ្ជូន​យាន​ទម្ងន់ ១០តោន ទៅលើភពក្រហម​នេះបានដែរ​ឬអត់ ព្រោះថា​បច្ចុប្បន្ន​ទីភ្នាក់ងារ​អវកាស​អាមេរិកមួយនេះ មានសមត្ថភាព​ធ្វើការចុះចតយាន​ទម្ងន់​ត្រឹម ០១តោនប៉ុណ្ណោះ​នៅលើភព Mars។

គួរ​ជម្រាបថា ទីភ្នាក់ងារ​អវកាស​អាមេរិក NASA មិនទាន់រកឃើញ​​មធ្យោបាយ ដើម្បីហោះចាកចេញ​ពី​ភពអង្គារនៅ​ឡើយទេ ខណៈលោក Green បាន​​បញ្ជាក់ថា ពេលណាមួយ​នៅទសវត្សរ៍​​ខាងមុខ ស្ថាប័ន​របស់​លោក​មានគម្រោង​បង្ហោះយានចេញពី​ផ្ទៃរបស់ Mars ហើយត្រឡប់​​មក​ផែន​​ដី​វិញ៕

ចែករំលែក