យាន​ចល័តលើ​​ផ្ទៃភព​អង្គារ «កំពុងតែព្យាយាម​​តាមដាន​ព្យុះ​ធូលី​យក្ស» ដែល​​​រីករាល​ដាលមួយ​ចំហៀង​ភព (រូបភាព​ខាង​ក្នុង)

0

 

(អាមេរិក)៖ ព្យុះធូលី​នៅភពអង្គារ មិនបានបន្ថយ​ឥទ្ធិពលនោះ​ឡើយ ដោយវាកំពុងតែ​រីករាលដាល​យ៉ាងខ្លាំងក្លា នៅផ្ទៃមួយចំហៀង​នៃភពក្រហមនេះ​តែម្តង ខណៈយាន​រុក​រយក Curiosity របស់ NASA ដែល​មានវត្តមាន​លើនោះស្រាប់ កំពុងតែរក្សា​សុវត្ថិភាព​របស់ខ្លួន ខណៈយានមួយ​ទៀត ដែលស្ថិតនៅផ្ទៃម្ខាង​ទៀតរបស់ភព​អង្គារ ត្រូវបាន​ព្យុះធូលី​យក្ស បោកសន្ធប់​រួច​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ វែបសាយ Space នៅល្ងាចថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

បើគិតអំពី​ទំហំព្យុះធូលីយក្ស​លើភព​អង្គារនេះ ជាផ្ទៃនៅលើ​ភពផែនដី​វិញ នោះវា​នឹងអាច​គ្របដណ្តប់​ទ្វីបអាមេរិក​ខាងជើង និងប្រទេសរុស្ស៊ីមួយ​ទាំងមូល​តែម្តង ដោយ​គិត​ត្រឹម​ថ្ងៃទី១២ ខែមថុនា ពេលវេលា​នៅលើផែនដី។ ជាក់ស្តែង​យាន Opportunity របស់​អង្គការ NASA ត្រូវបានធូលី​គ្រប់ដណ្តប់​រួចទៅហើយ ដោយផ្ទាំងស្រូប​​ពន្លឺព្រះអាទិត្យ​នៅលើ​យាននោះមិន​អាច​ដំណើរការ​​ទៀតបាន​ឡើយ ហើយវាត្រូវរង់​ចាំ​ការធ្វើប្រតិបត្តិការ​​​បោស​សម្អាតដោយ​​ខ្លួនវាសិន ក្រោយព្យុះ​ស្ងប់ស្ងាត់។

បើតាម​ទិន្នន័យពី​យាន Curiosity ព្យុះធូលីយក្ស​ខាងលើនេះ អាចវិវឌ្ឍន៍រហូត​ដល់​ទំហំ​ ១៥៤គីឡូម៉ែត្រ នៃអង្កត់ផ្ចិត​ដែលមានទំហំប៉ុន​នឹងបឹងយក្ស Gale Crater នៅលើភព​អង្គារដែរនោះ​ទៅហើយ។ ប៉ុន្តែ​យាន Curiosity ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដូច្នេះ​ការថយចុះ​នៃពន្លឺព្រះអាទិត្យ ដោយសារ​តែព្យុះធូលីនោះ នឹងមិនប៉ះពាល់​ដល់​យាន​ដែលមាន​​អាយុកាល ០៧ឆ្នាំនេះ​បាន​ឡើយ។

ទោះបីជាបែប​នេះក្តី ក្រុមគ្រប់គ្រង​យាន Curiosity ពីលើ​ផែនដី នៅតែកំពុង​តាមដាន​ព្យុះខាងលើនេះ​នៅឡើយ។ លោក Rachel Kronyak សមាជិក​​ក្រុម​តាមដាន​បាន​អះអាងថា «តាមគណនា​អំពី​​ស្ថានភាព​​នៃព្យុះធូលី យើងត្រូវប្រើ​កាមេរ៉ា Mastcam ចង្អុលទៅឲ្យចំ​ទិញ​ព្រះអាទិត្យ ហើយចាប់ផ្តើម​ការគណនា​អំពីកម្រិត នៃពន្លឺ​ព្រះអាទិត្យ ដែលធ្វើឲ្យយើងអាចសន្មត់អំពី​ជម្រៅនៃ​ពន្លឺអុបទិក ជាលក្ខណៈ​បញ្ឈរ​តែម្តង…។ កាមេរ៉ា MastCam នៅលើ​យាន Curisity មាន​កែវឡេន​​ចំនួនពីរ គឺមួយសម្រាប់​ថតរូបស-ខ្មៅ និងមួយទៀត​ថតវីដេអូ​អំពីទេសភាពទូទៅ ដើម្បីយកមក​ពីការសិក្សាច្រើន​ប្រភេទ…។»

សម្រាប់​យាន Opportunity វិញបានឲ្យសញ្ញាមកកាន់ក្រុមគ្រប់គ្រង​លើផែនដី កាលពី​ថ្ងៃទី១០ ខែមិថុនា ដោយ​បង្ហាញថា វានៅសល់​ថាមពលថ្មខ្លះ សម្រាប់​ធ្វើការ​ស្តារ​ប្រព័ន្ធដំណើរការ​ឡើងវិញ នៅក្នុងការស្រូបយក​ថាមពល​ព្រះអាទិត្យ និង​ប្រើម៉ាស៊ីន​កម្តៅខ្លួន​របស់វា ដើម្បីចៀសវាង​ការកក ព្រោះភពអង្គារ​មានសីតុណ្ហភាព​ត្រជាក់​ដល់​ដករាប់រយ​អង្សាសេ​នាពេលរាត្រី។

គួរបញ្ជាក់ថា ប្រវត្តិជូរចត់មួយក៏ធ្លាប់​បានកើតមានឡើងផងដែរ ដោយ​យាន Spirit ជាបងប្អូនភ្លោះ​​របស់​យាន Opportunity ដែលបាន​ចុះចត​លើភពអង្គារ កាលពី​ខែមករា ឆ្នាំ២០១៤នោះ បានគាំងដំណើរការ​ជារៀងរហូត ដោយសារតែ​ការជាប់ខ្លួននៅ​ក្នុង​ខ្សាច់-ធូលី​​នៃភពអង្គារ រហូតដល់​កកមិនអាចរើខ្លួនរួច​កាលពី​ឆ្នាំ២០១០។ ប៉ុន្តែពេល​នេះ Opportunity មានសំណាងល្អ ព្រោះវាសល់ថាមពល​គ្រប់គ្រាន់ ដើម្បី​ការពារខ្លួន​ពី​ការកក៕

ចែករំលែក