កាំភ្លើង​ឡាស៊ែរ​មួយ នឹងបាញ់​កម្ទេចសំរាម​នៅទីអវកាស ឲ្យរលាយ​ខ្ទេច​តែ​ម្តង…

0

(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៅប្រទេស​រុស្ស៊ី ត្រូវគេរាយការណ៍​ថា កំពុងធ្វើការ​អភិវឌ្ឍប្រព័ន្ធកាំភ្លើង​ឡាស៊ែរថ្មីមួយ ដែលមាន​សមត្ថភាព​បាញ់កម្ទេច​សំរាមទីអវកាស​នានា ដែលអាចបង្ក​ជាគ្រោះថ្នាក់​ផ្សេងៗ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។

កាំភ្លើងឡាស៊ែរ​ដ៏មានឥទ្ធិពល​នេះ នឹងត្រូវបំពាក់ទៅ​លើតេឡេស្កូបអុបទិច​មួយ ដែលមានមុខកាត់ ០៣ម៉ែត្រ និងត្រូវបាន​រចនាឡើង​ ដើម្បី​​អង្កេតផ្កាយរណប និងសំរាមនានា​នៅ​ទីអវកាស។ ឧបករណ៍​កម្ទេចសំរាម​អវកាសនេះ នឹងធ្វើការកម្ចាត់​កម្ទេចកម្ទីរនៅ​ទីអវកាស តាមរយៈ​ការបាញ់​ទម្លុះរាល់សំរាម​នីមួយៗ ជាមួយកាំរស្មីឡាស៊ែរ​របស់វា រហូតទាល់តែ​វត្ថុនោះរលាយ​គ្មានសល់អ្វី ដោយ​ថាមពល​កម្តៅ។

បច្ចេកវិទ្យាថ្មីនេះ បច្ចុប្បន្ន​កំពុងស្ថិតក្រោមការអភិវឌ្ឍ​របស់ក្រុមអ្នក​ស្រាវជ្រាវ នៅឯសហគ្រាស​ផ្នែកវិទ្យាសាស្រ្ត​មួយកន្លែង ដែល​នៅ​ក្រោម​ការគ្រប់គ្រង​របស់ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos។

គួរជម្រាបថា បើតាមការព្យាករណ៍​របស់ NASA កាលពីប៉ុន្មាន​ឆ្នាំមុន សំរាម​អវកាស​ជាង ៥០០,០០០​បំណែក រួមមានទំហំ​តូច និងធំបាន​នៅ​គោចរជុំវិញផែនដី​រួចស្រេចទៅ​ហើយ ដោយពួកវាធ្វើ​ដំណើរក្នុងល្បឿន​រហូតដល់ ១៧,០០០ម៉ែត្រ​ក្នុង​មួយម៉ោង ដែលល្បឿននេះ​គឺលឿន​គ្រប់គ្រាន់​អាចឲ្យបំណែក​ដែលតូចមួយ អាចបង្កការខូចខាត​ដល់ផ្កាយរណប ឬយាន​អវកាស​ផ្សេងៗបាន។

ម៉្យាងវិញទៀត ការកើនឡើង​នៃសំរាមអវកាស ក៏បានធ្វើឲ្យហានិភ័យ​នៃគ្រោះថ្នាក់កាន់តែខ្ពស់​ផងដែរ ចំពោះរាល់យាន​អវកាស ជាពិសេស​នោះគឺស្ថានីយ​អវកាសអន្តរជាតិ ដែលស្ថិតនៅកម្ពស់​ប្រមាណ ៤០០គីឡូម៉ែត្រ​ពីផែនដី ព្រមទាំង​យាន​ដឹកទំនិញ និងយាន​ដទៃៗទៀត ដែល​មានផ្ទុក​មនុស្សនៅ​លើ​នោះ៕

ចែករំលែក