បណ្តាំ​ចុង​ក្រោយ​ពី​លោក Stephen Hawking ទៅ​កាន់​​ទីអវកាស និង​សារសំឡេង​ទៅ​កាន់ Black Hole…

0

 

(អង់គ្លេស)៖ អ្នកវិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ និងជានិមិត្តរូប​នៃអ្នកស្នេហា​វិស័យ​ស្រាវ​ជ្រាវផ្នែក​វិទ្យាសាស្ត្រ និង​អវកាស ពិតជាបានបន្សល់​ទុក្ខនូវស្នាដៃច្រើន​រាប់មិនអស់ ដែលជាប្រយោជន៍​សម្រាប់មនុស្ស​ជាតិ និងភពផែនដី​របស់យើង ហើយក្រោយ​ពី​លោក បានទទួលមរណៈភាព​កាលពី​ខែមីនា ឆ្នាំ២០១៨នោះ បណ្តាំចុងក្រោយ​របស់លោក ក៏នឹងត្រូវបញ្ជូន​ទៅកាន់ទីអវកាស​ផងដែរ។ នេះបើតាម​​ការចេញពី​សារព័ត៌មាន BBC នៅយប់​ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

សំឡេងរបស់​រូបវិទូជនជាតិអង់​គ្លេសដ៏ល្បីឈ្មោះ គឺលោក ស្ទេវិន ហាឃីង (Stephen Hawking) នឹងត្រូវបាញ់បញ្ជូនទៅកាន់​ទីអវ​កាស ក្រោមសារនៃសន្តិភាព និងក្តីសង្ឃឹម នាថ្ងៃសុក្រ​សប្តាហ៍នេះ ខណៈដែលធាតុ​របស់លោក នឹងត្រូវបញ្ចុះនៅ​ព្រះវិហារ Westminister Abbey នៃទីក្រុងឡុងដ៍​​ក្បែរអ្នកប្រាជ្ញល្បីៗ​មួយចំនួន​ទៀត។

អ្នកវិទ្យាសាស្រ្ត​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​​នៅលើពិភពលោករូបនេះ បានទទួលមរណភាព​ក្នុងវ័យ ៧៦ឆ្នាំ កាលពីមីនា​កន្លងទៅនេះ ​ក្រោយពីបានចំណាយពេលវេលារបស់​លោក ស្ទើរតែពេញមួយជីវិត តស៊ូជម្នះលើជំងឺ​ស្លាប់សាច់ដុំ​ដ៏កាចសាហាវ​ តាំងតែពី​លោកមានអាយុប្រមាណ ២០ឆ្នាំ ព្រមទាំងខិតខំ​ធ្វើការសិក្សាស្រាវជ្រាវ អំពីដើមកំណើត​នៃចក្រវាឡ ព្រមទាំងអាថ៌​កំបាំងនៃបាតុភូត​ប្រហោងខ្មៅ (Black Hole) និងទម្រង់​​លក្ខណៈ​នៃពេលវេលា​ជាដើម ឬ Time Travel។

គួរជម្រាបថា ធាតុរបស់​លោក Hawking នឹងត្រូវបញ្ចុះនៅក្បែរអ្នក​ប្រាជ្ញជនជាតិអង់គ្លេស​ដ៏ល្បីពីររូបទៀត​គឺលោក អាយសាក់ ញូតុន (Issac Newton) និងលោក ឆាលីស ដាវីន (Charles Darwin) នៅ​ព្រះវិហារ និងសារមន្ទីរ Westminister Abbey ដែលជាទីតាំង​ដ៏ពេញនិយម សម្រាប់ការ​ឡើង​​​​​គ្រងរាជ្យសម្បត្តិ​របស់រាជរង្ស​អង់គ្លេស ពិធី​មង្គលការ និង​ពិធីបុណ្យសព។

នៅក្នុងអំឡុង​ពិធីបញ្ចុះធាតុ​សំឡេងរបស់ លោក Stephen Hawking នឹងត្រូវបាញ់បញ្ជូន​ឡើងទៅ​ទីអវកាស ដោយទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ខណៈគោលដៅ​នៃការផ្ញើសារ​នេះ គឺឆ្ពោះទៅកាន់​ប្រហោងខ្មៅ​ ដែលនៅកៀក​យើងបំផុត​ឈ្មោះ 1A 0602-00 ដែលស្ថិត​នៅក្នុង​​​ប្រព័ន្ធ​​​ផ្កាយភ្លោះមួយ៕

ចែករំលែក