ទម្លាយ​អាថ៌​កំបាំង​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា «អាចមាន​ភព​រាប់​លាន គោចរ​ជុំវិញ Black Hole យក្ស…»

0

 

(បារាំង)៖ បើតាម​អ្នកវិទ្យាសាស្រ្ត​ជនជាតិបារាំង​មួយរូប ប្រហោងខ្មៅ​អាចមានផ្ទុកភព​ដល់ទៅ​មួយលាន​នៅក្បែរវា ហើយភព​ទាំងនោះ​អាច​​មានលទ្ធភាពកើតមាននូវទម្រង់ជីវិត ដូចអ្វីដែលយើងបានសិក្សា និងយល់ដឹងថែមទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅយប់ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ដោយហេតុតែ​ជីវិតស្ទើរតែមាន​វត្តមាន នៅរាល់កន្លែង​ដែលមានទឹករាវ​នៅលើភពផែនដី ក្រុមអ្នក​វិទ្យាសាស្រ្ត តែងតែ​វាយ​តម្លៃថា ភពមួយ​អាចមាន​លទ្ធភាពទ្រទ្រង់​ជីវិតបាន ប្រសិនបើវាធ្វើគោចរ​នៅក្នុងតំបន់ ដែលទឹករាវអាច​មានវត្តមាននៅ​លើផ្ទៃរបស់វា។ សម្រាប់តំបន់​អាច​ទ្រង់ទ្រង់​ជីវិតបាន ដែលគេ​ហៅថា Habitable Zone របស់​ព្រះអាទិត្យ​យើងវិញ គឺមានផ្ទុកភពតែ​មួយប៉ុណ្ណោះឈ្មោះថា ផែនដីនេះឯង ប៉ុន្តែ​​រឿងនេះអាច​មានភាព​ខុសគ្នា សម្រាប់ប្រព័ន្ធផ្កាយ​ដទៃៗទៀត។ តួយ៉ាងផ្កាយ TRAPPIST-1 អាចភពដូច​ផែនដីដល់ទៅ ០៣ភព ដែលស្ថិត​​នៅក្នុង​តំបន់ Habitable Zone របស់វា។

លោក Sean Raymond គឺជាអ្នកវិទ្យាសាស្រ្ត​មកពី​ប្រទេសបារាំង ដែលធ្វើការសិក្សាស្រាវជ្រាវ​ទៅលើ​ទម្រង់ និងដំណើរវិវត្តន៍របស់​ប្រព័ន្ធ​ភព​​ ហើយថ្មីៗនេះ លោក​បានដាក់គោល​ដៅ​ដើម្បីស្វែងរក​ចំនួនភព ដែលអាចធ្វើ​គោចរនៅជុំវិញ​ប្រហោងខ្មៅ​មួយបាន។

បច្ចុប្បន្ននេះ ប្រភេទប្រហោងខ្មៅ​ចំនួន ០២ ដែលអ្នកវិទ្យាសាស្រ្ត​ស្គាល់ច្បាស់បំផុត​ជាងគេ។ ទីមួយគឺប្រហោងខ្មៅ​បែប Stellar-mass ដែល​​មានម៉ាស ឬទម្ងន់ប្រហាក់ប្រហែល​នឹងព្រះអាទិត្យ ពីរទៅបីរួម​បញ្ចូលគ្នា និងកើតឡើងចេញ​ពីផ្កាយយក្ស​មួយ បានអស់អាយុ​ទៅហើយផ្ទុះ​ជា​បន្ទុះ​សូភើណូវ៉ា។ មួយទៀត គឺប្រហោងខ្មៅ​យក្ស ដែលគេ​ហៅថា Supermassive Black Hole គឺមានម៉ាសធ្ងន់ជាង​​​ម៉ាស​ព្រះអាទិត្យ​​ ដល់​ទៅ​រាប់លាន ឬរាប់ពាន់លាន​ដងឯណោះ ហើយត្រូវគេជឿជាក់​ថា ប្រហោងខ្មៅប្រភេទនេះ កំពុងពួន​សំងំនៅតំបន់កណ្តាល​នៃកាឡាក់ស៊ីធំៗ​​ភាគ​ច្រើន។

ប្រហោងខ្មៅ ជាទូទៅមានសភាព​ហាប់ណែនខ្លាំង ដោយប្រហោង​ខ្មៅមួយ ដែលមានម៉ាស​ស្មើនឹងព្រះអាទិត្យ គឺមានមុខកាត់តែ ០៦លានគីឡូម៉ែត្រ​ប៉ុណ្ណោះ។ ម៉្យាងវិញទៀត ប្រហោងខ្មៅ​យក្ស Sagittarius A* ដែលត្រូវគេជឿថា នៅកណ្តាល​កាឡាក់ស៊ី Milky Way របស់​យើងនោះ និងមាន​​ម៉ាសប្រហែល​ស្មើនឹងម៉ាសព្រះអាទិត្យ ០៤លានដងនោះ គឺមានមុខ​កាត់ប្រវែង ២៣.៦លានគីឡូម៉ែត្រ ឬស្មើនឹង ៤០ភាគរយ​នៃទំហំ​របស់​​គន្លង​ដែល​ភពពុធ (Mercury) គោចរជុំវិញ​ព្រះអាទិត្យ។

ជុំវិញការស្រមៃ​អំពីជីវិតនៅជុំវិញ​ប្រហោងខ្មៅ លោក Raymond បាន​លើកឡើងថា «ភាគច្រើនមាន​គេឆ្ងល់ថា តើនឹងមានការប្រែប្រួល​បែប​ណា ប្រសិនបើ​ព្រះអាទិត្យ ត្រូវបានជំនួស​ដោយប្រហោងខ្មៅ ដែលមានម៉ាស​ស្មើគ្នា។ ចម្លើយនោះគឺថា បើនិយាយអំពី​គន្លងរបស់ភព គឺ​ពុំ​មានការផ្លាស់​ប្តូរអ្វីឡើយ។ យ៉ាងណាមិញ វាច្បាស់​ណាស់ថា ជីវិតនៅលើ​ផែនដី នឹងជួបបញ្ហា​លំបាក ដូចជាកង្វះពន្លឺ និងកម្តៅជាដើម»។

ដោយឡែកប្រសិនបើព្រះអាទិត្យ មានដៃគូដែល​ជាប្រហោងខ្មៅ​មានម៉ាសស្មើគ្នា ធ្វើគោចរនៅក្បែរ​វាវិញនោះ… ឧទាហរណ៍ថា​នៅចម្ងាយ​ ១៥​លានគីឡូម៉ែត្រ គន្លងរបស់ភព​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើង នឹងមិនប្រែប្រួល​ខ្លាំងឡើយ ដោយគ្រាន់តែ​កម្លាំងទំនាញរវាង​ព្រះអាទិត្យ​ និងប្រហោងខ្មៅដែល​ជាគូនឹងវា នឹងបណ្តាលឲ្យ​ភពនានា វិលឆាប់បានមួយជុំ​ព្រះអាទិត្យលឿនជាងមុនបន្តិច​ប៉ុណ្ណោះ។ តួយ៉ាងមួយឆ្នាំ​របស់ផែនដី ត្រូវបាន​ថយចុះពី ៣៦៥ថ្ងៃ មកនៅត្រឹម ២៥៨ថ្ងៃជាដើម។

ក្រៅពីករណី​ដូចខាងលើ លោក Raymond ក៏បានធ្វើការ​គណនាអំពីចំនួនភព​ ដែលអាចទ្រទ្រង់ជីវិត ដែលប្រហែលជាមានលទ្ធភាពស្ថិត​នៅជុំវិញ​ប្រហោង​ខ្មៅយក្ស (Supermassive Black Hole) ដែលមានម៉ាស​ស្មើនឹងម៉ាស​ព្រះអាទិត្យ ០១លាន​ដងផងដែរ ដោយវានឹង​មានមុខកាត់​ ឬ​ទំហំ​ប្រហាក់ប្រហែល​នឹង​ព្រះអាទិត្យ។

គួរជម្រាបថា នៅជុំវិញ​ព្រះអាទិត្យ គន្លងដែលភពនានា​ធ្វើដំណើរ​អាចទៅនៅផ្តុំ​កៀកគ្នាបាន ដរាបណាឥទ្ធិពល​នៃកម្លាំងទំនាញ​របស់ពួកវា​មិនទាន់ដល់​ដំណាក់កាលខ្លាំង​ កម្លាំង​ទំនាញ​របស់​ព្រះអាទិត្យ ដែលអាច​ឈានទៅរកការ​បង្កអស្ថិរភាព​ នៃគន្លងគោចរ។ លោក Raymond បានគូស​បញ្ជាក់ថា ភពមានម៉ាស​ស្មើផែនដីចំនួនតែ ០៦ប៉ុណ្ណោះ ដែលអាច​នៅក្នុងគន្លងរួម​ផ្តុំមានស្ថិរភាព នៅក្នុង​តំបន់ Habitable Zone របស់ព្រះអាទិត្យ​បាន។

ផ្ទុយមកវិញ ឥទ្ធិពលនៃទំនាញ​របស់ Supermassive Black Hole មានកម្លាំងខ្លាំងខុស​ពីធម្មតា អាចងាយនឹងជម្នះលើកម្លាំង​ទំនាញរបស់​ភព​​​។ ប្រសិនបើ​ព្រះអាទិត្យ ត្រូវបាន​ជំនួសដោយ​ប្រហោងខ្មៅ ​មានម៉ាសស្មើនឹងម៉ាស​របស់ផ្កាយមួយ​លានវិញនោះ ភពមានម៉ាស​ប៉ុនផែនដី​​​​ចំនួន ៥៥០ភព អាចប្រមូលផ្តុំគ្នា​នៅលើ​គន្លងមួយ ក្នុង​តំបន់ Habitable Zone បាន។

វិធីមួយដើម្បី​បង្កើតតំបន់ Habitable Zone នៅជុំវិញប្រហោងខ្មៅ​យក្សនេះ គឺត្រូវមានក្រុមផ្កាយ​នៅចន្លោះខ្លួនវា និងភពនានារបស់វា។ បើតាម​​ករណីខាងលើ ចង្កោមផ្កាយដូច​ព្រះអាទិត្យចំនួន ០៩ដួង នៅចម្ងាយ ៧៥លានគីឡូម៉ែត្រ​ពីប្រហោងខ្មៅ​ មានម៉ាសស្មើ​ព្រះអាទិត្យ ០១លានដួង​​​នឹងធ្វើឲ្យភពដូចផែនដី​ទាំង ៥៥០ទាំងនោះ អាចទ្រទ្រង់​ជីវិតបាន។

គួរជម្រាបថា យោងតាមលទ្ធផល​ខាងលើ លោក Raymond បានធ្វើការគណនា​បន្ថែមថា ភពមានម៉ាសប៉ុន​ផែនដី​ចំនួន ០១លាន អាចធ្វើ​គោចរនៅ​ក្នុងតំបន់ Habitable Zone លើគន្លងចំនួន ៤០០ខ្សែខុសគ្នា ហើយគន្លងនីមួយៗ​មានផ្ទុកភពចំនួន ២,៥០០ភព ដែលមានឃ្លាត​ពី​គ្នា​​ នៅចម្ងាយដូច​ចម្ងាយពីផែនដី​ទៅព្រះច័ន្ទ៕

ចែករំលែក