សំនួរ​ពិបាក​ឆ្លើយទាំង ៥ ដែលអ្នក​តែងចោទ​សួរ អំពី​បេសកកម្ម​​នាំមនុស្ស​​ជាន់​​ភព​អង្គារ…

0

 

(ភ្នំពេញ)៖ អាច​ចាត់ទុកថា ជាសំនួរពិបាក​ឆ្លើយក៏បាន តែបើតាម​ការពិតទៅ សំនួរទាំង ០៥ នេះគឺជាសំនួរដែល​មិនទាន់រកឃើញ​ចម្លើយ ដែលអាច​ទទួលបាន ១០០% ឬមួយក៏គ្រាន់តែ​ជាការឆ្លើយ តាមរយៈការសន្និដ្ឋាន​ទុកជាមុនតែប៉ុណ្ណោះ។ មនុស្ស​មិនទាន់អាច​ទៅភពអង្គារ​បានទេ ប៉ុន្តែគំរោង​ដ៏លម្អិត និងប្រាកដ​និយម គឺត្រូវបានរៀបចំ​​រួចហើយ ដោយ​អង្គការ NASA នឹងនាំមនុស្ស​ទៅកាន់​ភពអង្គារ​ឲ្យបាននៅ​ទសវត្សរ៍ ២០៤០ (ទើបតែ​ពន្យារពេលបន្ថែម កាលពី​ពេលថ្មីៗ​នេះ)។

ទោះបីជា​ពន្យារពេលម្តងហើយម្តង​ទៀតក្តី ប៉ុន្តែបេសកកម្មនាំ​មនុស្សលោក​ទៅជាន់ដី​ភពអង្គារ មិនត្រូវបាន​ផ្អាក​នោះ​ឡើយ ដោយវានៅតែដំណើរ​​ទៅមុខដដែល ប៉ុន្តែគ្រាន់មាន​​លក្ខណៈយឺតជាងមុ​នប៉ុណ្ណោះ ដោយសារ​តែយើងដឹង​ហើយថា ថវិកាជាតិ​សម្រាប់​អង្គការ​នេះ គឺមិនត្រូវបាន​​ផ្តល់ ​ទៅតាម​ការស្នើ​សុំឲ្យបានពេញ​លេញនោះ​​ឡើយ។ ដូច្នេះយើង​ទៅ​ស្វែង​យល់ពី​​សំនួរ​ និង​ចម្លើយ​ទាំង ០៥ វិញ ដែល​លោកអ្នក​តែងតែសួរ អំពីបេសកកម្ម​នាំមនុស្សទៅភព​អង្គារនោះ៖

១. តើមនុស្សត្រូវ​ជិះយានរយៈពេលយូរប៉ុណ្ណា ទើបទៅដល់​ភពអង្គារ?
ចម្លើយ៖ បើតាម​អង្គការ NASA យានដែល​មាន​មនុស្សជិះ អាចធ្វើដំណើរ​បានយឺត​ជាងយានដែលនាំ​គ្រឿងយន្ត​ធម្មតាទៅ។ ឧទាហរណ៍យាន​មានផ្ទុកគ្រឿងយន្ត Curiosity បានចំណាយ​ពេលហោះពីផែនដី​ទៅភពអង្គារចំនួន ៧ខែ ប៉ុន្តែ​យានដឹក​មនុស្សពីផែនដី​ទៅភពអង្គារ​ចំនួន ០៤នាក់នោះ នឹងត្រូវប្រើពេលរហូតដល់ ៩ខែ។

២. តើបេសកកម្មនាំ​មនុស្សទៅ​ភពអង្គារ មានគោលដៅ​ចម្បងជាអ្វី?
ចម្លើយ៖ បេសកកម្មនាំមនុស្ស​ដំបូងទៅកាន់ភពអង្គារ របស់អង្គការ NASA គឺមាន​ឈ្មោះថា Mars One ស្ថិតនៅក្នុងគោលដៅ​ចម្បងដើម្បីត្រួសត្រាយផ្លូវ សម្រាប់ឲ្យមនុស្សដាក់​​អាណានិគម ជាអចិន្ត្រៃយ៍នៅ​លើភព​អង្គារ និងការតាំង​ទីលំនៅដំបូងនៅក្រៅពីភពផែនដី ​ដោយមិនគិតពី​​ឋានព្រះច័ន្ទ។ បន្ថែមពីនេះ វាក៏ជាជំហាន​ទីមួយ ដែលមនុស្ស​​បង្ហាញ​អំពីសក្តានុពល​ធំធេង ដើម្បីឈាន​ទៅឈរជើងនៅ​កន្លែងផ្សេងៗ​ទៀត។

៣. តើយើងអាច​ដកដង្ហើម នៅក្នុងបរិយាកាសនៃភព​អង្គារបានទេ?
ចម្លើយ៖ ពាក្យមួយម៉ាត់ តែមាន​ន័យគ្រប់គ្រាន់នោះគឺ «ទេ»។ យើងមិន​អាចដកដង្ហើម​ដោយផ្ទាល់​ហ្នឹងបរិយាកាស ឬខ្យល់អាកាស​នៅភពអង្គារ​បានឡើយ ព្រោះភព​ក្រហម​នេះ ពោពេញដោយ​កាបូនឌីអុកស៊ី (ខ្យល់ពុល​ធម្មជាតិ) និងឧស្ម័ន​ពុលជាច្រើនទៀត។ ដូច្នេះបើចង់​ដកដង្ហើមលើភពអង្គារ មនុស្សត្រូវមាន​ម៉ាស់បំពាក់​អុកស៊ីសែន និងម៉ាស៊ីន​ចម្រាញ់យក​ខ្យល់អុក​ស៊ីសែន ចេញពីបរិយាកាស​របស់​ភពអង្គារ នោះទើបបាន។

 

៤. តើនរណាបាន​ទៅដល់ភពអង្គារមុនគេបង្អស់?
ចម្លើយ៖ បើនិយាយ​ពីមនុស្ស គឺមិនទាន់មាននរណាម្នាក់​បានទៅដល់ភពអង្គារ ឬក៏ត្រូវបានជ្រើសរើស​ឲ្យទៅជាន់ដី​ភព​អង្គារមុនគេ ឲ្យច្បាស់លាស់​នោះឡើយ ប៉ុន្តែបើតាម​គំរោង អង្គការ NASA នឹងបញ្ជូន​មនុស្ស​ទៅដំបូង ០៤នាក់ ដែលពួក​គេអាច​ជា​វេជ្ជបណ្ឌិតផង អវកាស​យានិកផង អ្នកវិទ្យាសាស្ត្រ និងវិស្វករផង និយាយរួមទៅ គឺ​ជា​មនុស្សដែល​​មាន​ពហុជំនាញ។ ដោយឡែកបើ​និយាយពីយានវិញ យានដែល​បានជាន់ភព​អង្គារមុនគេ គឺ Mariner 9 កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧១ និងក្លាយជា​ផ្កាយរណប​ដំបូងគេ ដែលគោចរ​ជុំវិញ​ភពអង្គារ។

៥. តើបេសកកម្ម Mars One នឹងអំណាយ​ថវិកាអស់​ប៉ុន្មាន?
ចម្លើយ៖ បើតាមគំរោង​ រដ្ឋបាលអាមេរិកអាចផ្តល់ត្រឹម ០៦ពាន់​លានដុល្លារ​ប៉ុណ្ណោះ​​ សម្រាប់ Mars One ដែលមនុស្ស​ជាច្រើនបាន​ធ្វើការ​រិះគន់​ថា តិចហួស​ហេតុ​ពេក។ ក្រុមអ្នកសិក្សា​ពីគំរោងនាំមនុស្ស​ទៅភពអង្គារ និងត្រឡប់មកផែនដី​វិញរបស់ NASA បាន​គណនាថា បេសកកម្ម​ពេញលេញ​របស់ Mars One យ៉ាងហោច​ណាស់​ក៏ត្រូវការ ១០០ពាន់​លានដុល្លារដែរ៕

ចែករំលែក