ផ្គររន្ទះលើ​ភព​ព្រហស្បតិ៍? យាន​អវកាស Juno ទើបបញ្ជូន​រូបថ្មីៗ​ទៀត​មកកាន់​ភព​ផែនដី!

0

 

(អាមេរិក)៖ យាន​អវកាស Juno របស់​អង្គការ NASA ដែលកំពុងសិក្សា​នៅ​ជុំវិញភពព្រហស្បតិ៍ (Jupiter) នោះ នៅតែបន្តបាញ់​បញ្ជូនរូបភាពដ៏អស្ចារ្យ​​ជា​ច្រើនសន្លឹក នៃភព​ឧស្ម័នយក្សនេះ មកកាន់ភពផែនដីវិញ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្វែង​យល់បន្ថែម និងអ្នកគាំទ្រ​នានាទស្សនា​ជាការ​កម្សាន្ត។ ខាងក្រោម​នេះ គឺជារូបភាពថ្មីៗចំនួន ០៦សន្លឹក របស់ភព​ព្រហស្បតិ៍៖

១៖ យាន​អវកាស Juno បានទៅដល់​គន្លងរបស់ Jupiter កាលពី​ខែកក្កដា ឆ្នាំ២០១៦ ហើយចាប់តាំងពី​ពេលនោះមក បានបន្តបញ្ជូន​រូបភាព​​​អស្ចារ្យៗជាច្រើនសន្លឹកមកផែនដី។ ក្នុងរូបភាព​នេះ ព្យុះក្រហមយក្ស ដែលគេហៅថា Great Red Spot ត្រូវបានមើលថា ហ៊ុមព័ទ្ធជុំវិញ​​​ដោយ​តំបន់ព្យុះ​ដទៃៗ​ទៀត។

២៖ នៅក្នុង​រូបភាពនេះ ដែលថតបាននៅ​ខែឧសភា ឆ្នាំ២០១៨ ទស្សនីយភាព​ដ៏ល្អប្លែក​នៃភពព្រហស្បតិ៍ ពីប៉ូលខាងត្បូង​​របស់វា ធ្វើឲ្យ​ចំណុច​ Great Red Spot ហាក់ដូចជា​ស្ថិតនៅតំបន់​ភាគខាងជើង។ បន្ទាប់ពីបញ្ចប់បេសកកម្ម​របស់ខ្លួន យាន Juno ​នឹងត្រូវអង្គារ NASA បញ្ជាទម្លាក់ខ្លួនកម្ទេច​​ចោល ចូលទៅក្នុងបរិយាកាស​របស់ Jupiter។

៣៖ រូបភាពមួយ​ទៀតកាលពី​ឧសភានេះ ស្តែងឲ្យ​ឃើញពីអឌ្ឍគោល​ខាងត្បូង របស់ភពព្រហស្បតិ៍។ បេសកកម្ម​ចម្បងៗរបស់ Jupiter រួម​មាន​​ការ​វាស់វែងសមាស​ធាតុផ្សំ​ ដែនទំនាញ និងដែនម៉ាញេទិច​របស់ភព​ព្រហស្បតិ៍។

៤៖ នៅក្នុងរូបភាព​ថ្មីនេះ​ ដែលបញ្ចេញ​ដោយ NASA យើងអ្នក​មើលឃើញយ៉ាងច្បាស់​ពីសណ្ឋាន​ព្យុះវិល​កួចយ៉ាងខ្មួលខ្មាញ់ នៅលើផ្ទៃរបស់ភព​ព្រហស្បតិ៍។ អ្នក​វិទ្យាសាស្រ្តយល់ថា តំបន់ធំខ្មៅៗ គឺជាកន្លែងដែល​ពពក ឬព្យុះរបស់ Jupiter មាន​ជម្រៅជ្រៅៗ។

៥៖ ផ្លូវខ្យល់ដែល​គេហៅថា Jet Stream ឈ្មោះ Jet N2 នៅក្នុង​រូបភាពនេះ កំពុងធ្វើចលនា​ឆ្លងកាត់បរិយាកាស​របស់​ភពព្រហស្បតិ៍។

៦៖ តាមរយៈរូបភាព​ជាច្រើនថត​បានពី Jupiter យាន​អវកាស Juno បានរកឃើញថា បាតុភូតរន្ទះ​​នៅលើភពឧស្ម័ន​យក្សនេះ គឺមាន​លក្ខណៈ​ជាច្រើនស្រដៀង​នឹងរន្ទះនៅផែនដី ហើយក៏មាន​លក្ខណៈផ្ទុយគ្នា​ច្រើន​ផងដែរ៕

ចែករំលែក