បាតុភូតកម្រ! ភពអង្គារ​នឹងគោចរ​ មក​ទីតាំង​កៀកភពផែនដីបំផុត មិនធ្លាប់​មានជាងមួយ​ទសវត្សរ៍​មក​ហើយ…

0

 

(វ៉ាស៊ីនតោន)៖ ភពអង្គារ (Mars) នៅចុង​ខែក្រោយ​នឹងមើលទៅ​ធំ និងបញ្ចេញពន្លឺខ្លាំង​ជាងពេលណាៗ​ទាំងអស់ ក្នុងរយៈពេល ១៥ឆ្នាំកន្លង​ទៅនេះ ហើយពន្លឺរបស់ភពនេះ គឺងាយឲ្យយើងស្វែងរកណាស់ ដោយវាមានពណ៌ក្រូច និងមាន​ស្ថេរភាពពន្លឺ (មិ​នព្រិចៗ​ដូចផ្កាយ)។ នេះបើតាម​សេចក្តីប្រកាសរ​បស់ ទីភ្នាក់ងារអវកាស​អាមេរិក NASA ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

នៅថ្ងៃទី៣១ ខែកក្កដា ភពអង្គារ​នឹងធ្វើដំណើរដល់ចំណុច​កៀកបំផុត នៅក្នុងគន្លងរបស់វា​មកផែនដី គឺនៅចម្ងាយប្រហែឡ ៥៧.៦​លាន​គីឡូ​ម៉ែត្រ​ពីភពរបស់យើង ខណៈនេះគឺ​ជារយៈចម្ងាយ​ផែនដី-ភពអង្គារដ៏ខ្លីបំផុត គិតចាប់តាំង​ពីឆ្នាំ២០១៣​មក។ នៅពេលភព​អង្គារ និងផែនដី​ខិត​ជិតគ្នា ភពអង្គារនឹង​បង្ហាញខ្លួនដោយ​មានពន្លឺចែងចាំង​ នៅលើផ្ទៃមេឃរបស់​យើង ហើយវាក៏ងាយ​នឹងមើលឃើញ​ដោយប្រើ​កែវយឺត​ ឬភ្នែកទទេ​ផងដែរនារាត្រី។

គួរជម្រាបថា ភពអង្គារ​តែងមកកៀក​ផែនដី ដើម្បីល្មមអាច​បង្ហាញទស្សនីយ​ភាពបែបនេះ តែមួយ ឬពីរលើកប៉ុណ្ណោះ ក្នុងរយៈពេល ១៥ ឬ​ ១៧​ឆ្នាំម្តង ហើយព្រឹត្តិការណ៍ដូចគ្នា​ចុងក្រោយនោះ គឺបានកើត​ឡើងតាំងតែ​ពីឆ្នាំ២០០៣ មកម្ល៉េះ នៅពេល​រយៈចម្ងាយ​​រវាង​ភព​ទាំងពីរ​គឺត្រឹម ៥៥.៧លានគីឡូម៉ែត្រ ជាចម្ងាយ​កៀកបំផុត​នៅក្នុងរយៈពេល​ជិត ៦០,០០០ឆ្នាំ​កន្លងទៅ។

យ៉ាងណាក្តី ភពអង្គារនឹងមើល​ទៅខ្សោយចុះពន្លឺទៅវិញ នៅពាក់កណ្តាល​ខែសីហា ដោយសារភព​ក្រហមនេះ និងផែនដី នឹងធ្វើដំណើរ​​ឃ្លាត​ឆ្ងាយពីគ្នា នៅក្នុងគន្លង​រៀងៗខ្លួនជុំវិញ​ព្រះអាទិត្យ៕

ចែករំលែក