មាន​ការ​ស្នើឲ្យ «លុប​ចោលគំរោង​កសាង ច្រកទ្វារ​អវកាស​ក្បែរឋាន​ព្រះច័ន្ទ​ភ្លាម» បើមិនចង់​ឲ្យខាត​ពេល និង​ដុល្លារ…

0

 

(វ៉ាស៊ីនតោន)៖ ការងាក​ចង្កូតរបស់​អង្គការ NASA ទៅតាមរដ្ឋាភិបាល​អាណត្តិថ្មីនោះ ពេលនេះបាន​ទទួលការរិះគន់​ហើយ ពីសំណាក់​អ្នកវិទ្យាសាស្ត្រ និងជា​អវកាសយានិក​ជើងចាស់មួយរូប​របស់អង្គការ​អវកាស ដែលតែងនាំ​មុខគេនៅលើពិភពលោក​មួយ​នេះ។ នេះបើតាម​ការចេញផ្សាយដោយ Space News នាយប់​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាអវកាស នៅក្នុងសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន អវយានិកជើងចាស់ លោក Terry Virts បានធ្វើការរិះគន់ចំៗតែម្តង ចំពោះផែនការ​កសាងស្ថានីយច្រកទ្វារអវកាសនៅឋានព្រះច័ន្ទ Lunar Orbital Platform-Gateway) ដែលនឹងត្រូវប្រើប្រាស់​ដើម្បីធ្វើជាមន្ទីរ​ពិសោធន៍ផង និងជាច្រកទ្វារ​សម្រាប់អវកាយានិក​​ធ្វើការសំចត​ ដើម្បីត្រៀមធ្វើដំណើរបន្តទៅកាន់​ទីអវកាស​ឆ្ងាយ និងភពអង្គារជាដើមផង។

ក្រៅពីការ​រិះ​គន់នោះ លោក Terry បានអំពាវនាវឲ្យ​​រដ្ឋបាលអាមេរិក ដែល​កំពុងតែដឹក​នាំដោយ​​លោក ដូណាល់ ត្រាំ នោះធ្វើការពិចារណាឡើងវិញ​ផងដែរ អំពីគំរោងខាងលើ​នេះ ដើម្បីកុំឲ្យ​វាហួស​ពេល។ ហេតុផល​នោះ គឺអវកាស​យានិ​ក​ជើងចាស់​រូប​នេះ​​​បានបក​ស្រាយ​ថា ស្ថានីយ​ច្រកទ្វារអវកាស​​នៅ​ក្បែរឋាន​ព្រះច័ន្ទ គឺមិនមាន​ប្រយោជន៍​អ្វីសម្រាប់​​ការធ្វើដំណើរ​​នៅទីអវកាស របស់មនុស្សទៅថ្ងៃអនាគតនោះឡើយ ហើយបើនិយាយជារួមទៅ គឺវាមិនខុសអ្វីពី​ការបង្កើត​ស្ថានីយអវកា​ស​ថែម​មួយទៀត​នោះ​​ឡើយ។

លោក Terry ថ្លែងយ៉ាង​ដូច្នេះថា «វាជាការបង្កើត​ស្ថានីយ​អវកាស (ISS) មួយទៀត​ទៅវិញ​ទេ… នេះជាបទពិសោធន៍ ដែលខ្ញុំនិង​សហសេវិក​របស់ខ្ញុំ បានធ្វើការជជែក​ដេញដោល​រួចមក​ហើយ អំពី ISS នោះ… ច្រកទ្វារ​នៅឋានព្រះច័ន្ទ ត្រឹមតែធ្វើឲ្យយើង​ដើរទៅមុខកាន់​តែយឺត ហើយថែមទាំង​ត្រូវចំណាយពេល និងដុល្លារ​ដោយឥត​ប្រយោជន៍ ខុសពីគោលដៅ​ដែលយើងចង់ស្រាវជ្រាវ​ផ្ទៃព្រះច័ន្ទដោយផ្ទាល់ និងការហោះ​ទៅភពអង្គារនោះ​ទៅទៀត»។

ជាការឆ្លើយតបនឹង​ការអំពាវនាវនេះ លោក Jim Bridenstine ប្រធាន​អង្គការ NASA ដែលទើប​ឡើងកាន់​តំណែងថ្មីៗ បានគូស​បញ្ជាក់ថា «ស្ថានីយ​​ច្រកទ្វារអវកាស​​ឋាន​ព្រះច័ន្ទ គឺពិតជានឹងដើរ​តួនាទីសំខាន់​ណាស់ នៅក្នុងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃវត្តមានមនុស្សនៅលើឋាន​ព្រះច័ន្ទ ព្រោះវាជាឱកាស​ដែលអង្គការ NASA ធ្វើការស្រាវជ្រាវ​ផ្នែកជាច្រើនទៀត​នៃព្រះច័ន្ទ ដែលមិនធ្លាប់​មាន​ពីមុនមក តាមរយៈកិច្ច​សហការជាមួយ​ដៃគូនានា…»។

គួរបញ្ជាក់ថា លោក Terry តំណាងឲ្យ​អវកាសយានិករួម​អាជីពរបស់លោក​មួយ​ចំនួនទៀត បានចេញមុខអំពាវនាវ​ឲ្យរដ្ឋបាល​អាមេរិក ធ្វើការគិតគូរ​ឡើងវិញ ដោយគួរលុបចោល​គំរោង Gateway នៅឋានព្រះច័ន្ទ​នោះវិញ និងជំនួស​នូវផែនការ​កាលពីមុន នោះ​គឺការប្រឹងប្រែអភិវឌ្ឍន៍​បច្ចេកវិទ្យា ដើម្បីឲ្យមនុស្ស​អាចចុះទៅស្រាវ​ជ្រាវដោយផ្ទាល់​លើផ្ទៃព្រះច័ន្ទ​តែម្តង។

រំលឹកព័ត៌មាន៖ អង្គការ​ NASA បានបញ្ជាក់ថា ស្ថានីយអវកាស​ដែលកំពុងស្ថិត​នៅក្នុង​ការ​អភិវឌ្ឍ និងគ្រោងយក​ទៅដាក់ឲ្យគោចរ​ជុំវិញព្រះច័ន្ទនោះ នឹងត្រូវសម្រេច​ជាផ្លូវការ​នៅឆ្នាំ២០២៥ (មិនមែននៅអំឡុងទសវត្សរ៍ ២០២០ ឬឆ្នាំ២០២០-២០២៩ ដែល​មិនច្បាស់ថា ឆ្នាំណា​ឲ្យ​ប្រាកដទៀត​នោះ​​ឡើយ) ដោយវាស្ថិតនៅ​ក្នុង​គោលដៅធំៗ​ចំនួនពីរ នោះគឺ​ទី ១៖​ ដើម្បីសិក្សាបន្ថែម​អំពីសក្តានុពល​នានា​​ ដែលមាននៅលើ​ឋាន​ព្រះច័ន្ទ ជាពិសេសគឺ​ស្រទាប់ព្រះច័ន្ទ ព្រមទាំងទឹក​នៅក្នុងនោះ​ផងដែរ។ ទី ២៖ រក្សា​ស្ថានីយ​អវកាសនេះ គឺជាកន្លែងឈប់​​សំចត​ដ៏សំខាន់​មួយសម្រាប់ក្រុមអវកាយានិក ដើម្បីរៀបចំខ្លួន​ឆ្ពោះដំណើរ​ទៅភព​អង្គារ ដែលគ្រោងធ្វើ​ឡើងនៅ​ទសវត្សរ៍ ២០៣០។

បើតាម NASA ស្ថានីយ Gateway ដែលមាន​ឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជា​កន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារ​នៅកៀកនឹងព្រះច័ន្ទ​ប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រ​ដល់បេសកកម្ម​ជាច្រើនផ្សេង​ទៀត​ផងដែរ ទៅកាន់ឋាន​ព្រះច័ន្ទ និង​​សូម្បី​តែទៅ​កាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗ​ដទៃទៀត ហើយ​ក្រុម​អ្នកវិទ្យាសាស្រ្ត អាច​ប្រើ​ប្រាស់​​ឧបករណ៍​ដ៏​សម្បូរ​​បែប​ និងទំនើបៗ​​នៅ​ក្នុងស្ថានីយ ដើម្បីសិក្សាតាមដាន​មើល​ភពផែនដី និងព្រះអាទិត្យ​​ព្រមពេលជាមួយគ្នា​ថែមទៀត៕

ចែករំលែក