ធ្ងន់ក! រុស្ស៊ី​ត្រៀមសង​លុយ​ទៅអង់ហ្គោឡា​វិញ ក្រោយ​ផ្កាយរណប​តម្លៃ ៣០០​លាន​ដុល្លារ ខូច​ទាក់ទង​លែង​បាន​…

0

 

(អាហ្រ្វិក)៖ ដោយយោង​តាមកិច្ចព្រមព្រៀង​ជាមួយប្រទេសរុស្ស៊ី រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ នឹងចេញថ្លៃសំណង​ដល់អង់ហ្គោឡា ក្រោយ​ពី​ផ្កាយ​រណបដំបូង​បំផុតរបស់ប្រជាជាតិ​អាហ្រ្វិក​មួយនេះ ឈ្មោះ Angosat-1 បានខូចមិន​ដំណើរការ។ នេះបើតាមការ​ចេញ​ផ្សាយដោយ​ ​ទីភ្នាក់ងារ​​​ព័ត៌​​មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

សេចក្តីប្រកាស​ខាងលើត្រូវបានធ្វើ​ឡើងនៅក្នុងទីក្រុង លួនដា (Luanda) នៅចំពោះមុខ​ក្រុមអ្នក​សារព័ត៌មាន ដោយរដ្ឋមន្រ្តី​ទូរគមនាគមន៍​ និង​​ពត៌​មានវិទ្យា​អង់ហ្គោឡា លោក ចូស ខារវ៉ាលហូ ដា រ៉ូចា (Jose Carvalho da Rocha)។ បើតាមខសន្យា​នៅក្នុងកិច្ចព្រមព្រៀង​ជាមួយប្រទេស​រុស្ស៊ី ដែលជាអ្នក​ទទួលកសាង​ផ្កាយ​រណប Angosat-1 ដែលត្រូវបាន​ប្រកាសថា ខូចកាលពីថ្ងៃទី២៣ ខែមេសា រុស្ស៊ីមាន​កាតព្វកិច្ច​ត្រូវផ្តល់សំណង​ដល់​អង់ហ្គោឡា​សម្រាប់
ការខូចខាត​នេះ។

គួរជម្រាបថា ផ្កាយរណប Angosat-1 ត្រូវបានបាញ់​បង្ហោះទៅក្នុង​គន្លងអវកាស តាមគ្រាប់រ៉ុក្កែតដឹក​ជញ្ជូនរបស់​អ៊ុយក្រែន ចេញពី​​មូលដ្ឋាន បៃកូណឺ (Baikonur) ក្នុងប្រទេស​កាហ្សាក់ស្ថាន។ Angosat-1 ត្រូវបានចាប់ផ្តើម​សាងឡើងកាលពី​ឆ្នាំ២០១២ ក្រោយពីមានកិច្ចព្រមព្រៀង ​រវាង​​​ប្រទេស​ទាំងពីរ​ខាងលើកាលពី​ឆ្នាំ២០០៩ និងមាន​តម្លៃជាង ៣០០លានដុល្លារ។ ផ្កាយរណប​ទំនាក់ទំនង​នេះ ត្រូវបានបញ្ជូន​ទៅទីអវកាស​កាលពីថ្ងៃ​​ទី២៦ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវបាន​គេកំណត់ថា អាចធ្វើប្រតិបត្តិការ​ដល់ទៅ ១៥ឆ្នាំឯណោះ៕

ចែករំលែក