ព្យុះធូលីលើភពអង្គារ​ «កាន់តែអាក្រក់លើសពីការស្មាន» ដោយពពក​ធូលីឡើង​ដល់កម្ពស់​៦០​គីឡូម៉ែត្រ!

0

 

(អាមេរិក)៖ យានរុករកដើរ​ដោយថាមពល​ព្រះអាទិត្យ Opportunity របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA កំពុងប្រឈម​នឹងបញ្ហាដ៏យ៉ាប់​យឺន​​បំផុតមួយនៃ​បេសកកម្ម​រយៈពេល ១៤ឆ្នាំ របស់វា​នៅលើផ្ទៃនៃភព​ព្រះអង្គារ (Mars) ខណៈដែលព្យុះ​ធូលីដ៏ធំសម្បើម​ ដែលកើតឡើងកាល​ពីពេលថ្មីៗនេះ បានបន្តគ្រប​ដណ្តប់ពាស​ពេញ Mars និងប្រែក្លាយពេល​ថ្ងៃឲ្យទៅជាពេល​យប់តែម្តង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

បើតាមការ​ឲ្យដឹងពី NASA ព្យុះធូលីយក្ស​ខាងលើ នាពេលនេះបាន​គ្របដណ្តប់ពេញ​ភពអង្គារទាំងមូល​តែម្តង ដោយពពក​ធូលីបានឈាន​ដល់កម្ពស់ខ្ពស់​រហូតដល់ជាង ៦០គីឡូម៉ែត្រ ឯណោះ។ ជាមួយគ្នានេះ​យានរុករក Curiosity ដែលដើរដោយ​​ថាម​ពល​​នុយ​ក្លេ​អ៊ែរ ​កំពុង​ធ្វើ​ការ​សិក្សាទៅលើ​ឥទ្ធិពលនៃព្យុះនេះ​​ពី​ផ្ទៃរបស់​ភពអង្គារ ខណៈពុំមាន​សញ្ញាទទួលបាន​ពីយានរុករក Opportunity នោះឡើយ ព្រោះ​វា​​បាន​បញ្ឈប់​សកម្មភាព​ដោយសារតែផ្ទាំង​​​ស្រូបថាមពល​ព្រះអាទិត្យ​របស់វា មិនអាចផ្តល់ ឬសាកថ្មរបស់​យាន​នេះបាន។

ក្នុងស្ថានភាពដែលអាក្រក់កម្រនឹងកើតឡើងនេះ មានតែ​​យាន Curiosity ប៉ុណ្ណោះ ដែលអាចមាន​ឱកាសផ្តល់ចម្លើយ​សម្រាប់សំណួរ ពាក់ព័ន្ធនឹងរយៈពេល​​នៃព្យុះធូលី​ ដ៏ធំមហិមានៅលើភពអង្គារ​នេះ​។ ដោយឡែក​ការស្រោច​ស្រង់​យាន Opportunity នឹងត្រូវធ្វើពេល​ដែលស្ថានការណ៍​ស្ងប់ស្ងាត់។

គួរជម្រាបថា ព្យុះធូលីតែង​តែ​កើតមានឡើងជារឿយៗ​​នៅលើភពអង្គារ ជាពិសេសនោះ​គឺនៅ​និទាឃរដូវ និងរដូវក្តៅរបស់​ភពក្រហមនេះ នៅពេលវាខិត​នៅ​ជិតនឹង​ព្រះអាទិត្យ ហើយដោយសារ​តែភពនេះមាន​បរិយាកស្តើង និងដែនម៉ាញេទិច​ខ្សោយបំផុត នោះឥទ្ធិពល​នៃព្យុះព្រះអាទិត្យ គឺត្រូវបាន​ភពអង្គារ​ទទួលយកស្ទើរតែ​ទាំងអស់៕

ចែករំលែក