តើកងទ័ពអវកាស​ពិតជា​មធ្យោបាយល្អ​បំផុត ដើម្បីការពារ​ទីអវកាស ឬក៏ជាទង្វើ​ដែលគួរឲ្យ​ភ័យ​ខ្លាច​…?

0

(អាមេរិក)៖ ការបង្កើត​​កងទ័ពអវកាស មិនមែនទើប​​តែលេចឡើងនៅ​ប៉ុន្មានឆ្នាំ​​នេះទេ ប៉ុន្តែគឺរាប់​ទសវត្សរ៍​​មកហើយ ដែលអ្នកវិភាគ​មួយ​ចំនួនធ្លាប់បាន​​រំលឹកអំពីវា ដោយពួកគេ​​ជឿជាក់ថា នៅថ្ងៃអនាគត​​មនុស្សប្រាកដ​​ជាបង្កើត​ កងទ័ព​ទៅគ្រប់គ្រង​នៅទីអវកាស​ពីលើ​ភព​ផែនដី ហើយប្រទេស​ដែល​អាចដើរ​ផ្លូវនេះមុន​គេ គ្មាននរណា​ក្រៅ​ពីសហរដ្ឋអាមេរិក​​នោះ​​ឡើយ។ នេះបើតាម​ការដកស្រង់​​ការផ្សាយ ចេញ​ពីវែបសាយ Popular Mechanics នា​ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។

ទោះបីជាការបង្កើត​នោះវាតូច ឬធំក៏ដោយ តែការចំណាយវិញ គឺប្រាកដណាស់ថា នឹងធំធេងមែនទែន​សម្រាប់ប្រទេសដែល​ហ៊ានចំណាយ ដើម្បីបង្កើន​ឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រងពិភពលោក​ពីលើទីអវកាស។ តួយ៉ាងដូចជាអ្វី​ដែលបានលេចធ្លាយ​កាលពីពេលថ្មីៗនេះ អំពីបទបញ្ជារបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅការមន្ទីរការពារជាតិ​បញ្ចកោណ ឲ្យក្រសួងការពារជាតិ​គិតគូរអំពីការបង្កើត កងកម្លាំងទ័ព​នៅទីអវកាស ដាច់ដោយពី​ទ័ពអាកាសនោះ តើវាពិតជាចាំបាច់ និងជាមធ្យោបាយ​ល្អបំផុត ដើម្បីការពារ​ទីអវកាសមែន​ឬ?

ឆ្លើយតបនឹង​សំនួរនេះ លោក Sean O’Keefe សាស្ត្រាចារ្យជំនាញ​តាមដានការ​វិវឌ្ឍ​នៃវិស័យ​អវកាស មកពីសាកល​វិទ្យាល័យ Syracuse University បាន​អះអាងថា «បច្ចុប្បន្នប្រទេស​មួយ​ចំនួន បានចាប់ផ្តើមបង្កើន​ឥទ្ធិពលគួរឲ្យភ្ញាក់​ផ្អើលរួចទៅហើយ នៅក្នុងការ​អភិវឌ្ឍវិស័យអវកាស ដែលប៉ុន្មានឆ្នាំមុននេះ វាគ្រាន់តែ​ជារូបភាពប្រឌិត​តាម​បែបវិទ្យាសាស្ត្រតែ​ប៉ុណ្ណោះ»។ បច្ចុប្បន្ន​បណ្តាប្រទេស​ដែលលេចធ្លោ និងកំពុងប្រឹង​ប្រែង​ខ្លាំងជាងគេ​នោះ គឺសហរដ្ឋអាមេរិក ចិន និង​រុស្ស៊ីតែម្តង។

លោក Sean ក៏បានចោទជា​សំនួរផងដែរថា តើគោលដៅចម្បង​នៃការបង្កើតកងទ័ព​អវកាស នៃមន្ទីរបញ្ចកោណ​អាមេរិក គឺជាអ្វីឲ្យប្រាកដ​ទៅ? ឬក៏តាម​ការពិត វាគ្រាន់​តែជាផ្នែកមួយ​នៃការបង្កើនឥទ្ធិពល​យោធានោះ? ទោះជាយ៉ាង​នេះក្តី ការបញ្ជាដោយ​ផ្ទាល់ទៅមន្ទីរ​បញ្ចកោណ ឲ្យបង្កើតកងទ័ព​អវកាសនោះ គឺនឹងក្លាយ​ជាបញ្ហាធំមួយ​សម្រាប់​លោក ដូណាល់ ត្រាំ ព្រោះថា​ថ្លៃចាយវាយនៅ​ក្នុងដំណើរការនេះ ប្រាកដជាមិនតិច​​នោះឡើយ ហើយលោក​គ្មានអំណាចសម្រេចចិត្ត​នៅក្នុងរឿងនេះ​ឡើយ ដោយថ្លៃចំណាយ​ត្រូវតែទទួលបាន​ការសម្រេច ដោយសភា​អាមេរិក​ជាមុន​សិន។

ហេតុដូច្នេះ គ្រប់គ្នាមាន​ការ​ភ្ញាក់ផ្អើលទៅនឹងគំរោង​​បង្កើតកងទ័ព​​អវកាស​របស់អាមេរិក និងប្រទេសមួយ​​ចំនួនដូច​ជាចិន រុស្ស៊ី ឬប្រទេសមាន​ទំនោរប្រឆាំង​​អាមេរិក ក៏គង់​អង្គុយមើលមិន​​ដាក់ភ្នែកដែរ ព្រោះនេះ​អាចមិនមែន​ជាគំរោងថ្មីដែល​ទើប​តែបង្កើតឡើងនោះ​​ឡើយ តាមរយៈសកម្មភាព​​​ប្លែកៗថ្មីៗ ដែលអាមេរិក​បានធ្វើ​កន្លងមក ដូចជាការ​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​​អង្កេតការណ៍ និងការ​បញ្ជូន​យន្តហោះអវកាស​​យោធាកាលពី​ឆ្នាំមុន​ទៅទីអវកាស​ជាដើម គឺអាចឲ្យយើង​ដឹងមុន​បានខ្លះៗរួចមកហើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ​កងទ័ពអាកាស​អាមេរិក (U.S. Air Force) គឺជាអ្នក​គ្រប់គ្រង​ការបញ្ជា​ទៅលើកិច្ចការពារទីអវកាសអាមេរិក​ជាបឋម ដែលមានដូចជា ទីបញ្ជាការ​ទ័ពអវកាស​ដែលមានតួនាទីធ្វើការអង្កេត និងតាមដាន​លើប្រព័ន្ធផ្កាយរណប និងការបាញ់​មីស៊ីល​លើផែនដី, អង្កេតការណ៍​សម្ងាត់, ដំណើរការ​ប្រព័ន្ធ GPS និងធ្វើទំនាក់ទំនង​​ជាមួយ យន្តហោះ​ចម្បាំងអាមេរិក​នានានៅលើផែនដី។

សរុប​សេចក្តីមក កងទ័ពអវកាស និងទីបញ្ជាការអវកាស​ពិតជាសំខាន់ ហើយអាមេរិក​មានវាជាយូរណាស់​មកហើយ គ្រាន់តែវាស្ថិត​នៅក្នុងអាជ្ញាធរ​របស់កងទ័ពអាកាស​ប៉ុណ្ណោះ។ ដូច្នេះ​លោក ដូណាល់ ត្រាំ ចង់ឲ្យកងទ័ព​អាកាសនេះ​ ក្លាយជាកង​អង្គភាពទី ៦ (ថែមលើទី​កងអង្គភាព​ ដែលមានស្រាប់​ទាំងអស់ ៥) ដើម្បីឲ្យ​ថវិកាជាតិត្រូវ​បានយក​មកប្រើប្រាស់ ក្នុងការអភិវឌ្ឍ​វាឲ្យកាន់​ខ្លាំងក្លា ហើយគោលដៅ​ធំក្នុងរឿងនេះ គ្មានអ្វីក្រៅតែពី​ការបង្កើនឥទ្ធិពល​យោធា​អាមេរិក នៅក្នុងការគ្រប់គ្រង​ថែមមួយជាន់​ទៀត មកលើភព​ផែនដីនោះ​ឡើយ៕

ចែករំលែក