មិនខ្វល់​នរណារិះគន់​ទេ! បំណែក​ដំបូងនៃ «ស្ថានីយ​ច្រកផ្លូវអវកាស​លើឋានព្រះច័ន្ទ» នឹង​ត្រូវផលិត​ឡើង…

0

 

(អាមេរិក)៖ ទីភ្នាក់​អវកាស NASA បានបញ្ចេញគម្រោង​របស់ខ្លួនស្តីពីការ​ទិញយកកំណាត់​ម៉ាស៊ីនដំបូង សម្រាប់ស្ថានីយច្រកទ្វារអវកាស Gateway ដែល​​នឹង​ត្រូវកសាងឡើងនៅគន្លងគោចរជុំវិញឋានព្រះច័ន្ទ ចំពោះមុខការ​រិះគន់ជាច្រើន​ពីអវកាសយានិក​ជើងចាស់ និងអ្នកជំនាញ​មួយ​ចំនួន។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Geek Wire នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែ​មិថុនា ឆ្នាំ២០១៨។

ឯកសារព្រាងមួយ​ដែលទើបតែបញ្ចេញ​នាពេលថ្មីៗនេះ បានអំពាវនាវ​ដល់បណ្តាក្រុមហ៊ុន​ឯកជន ដែលជាដៃគូ​សហការ​របស់ NASA ឲ្យ​ធ្វើ​ការសាងសង់​​នូវបេក្ខភាព​មួយ ឬច្រើន ដើម្បីបម្រើ​ជាម៉ាស៊ីនផ្តល់​ថាមពល និងម៉ាស៊ីនចលនា សម្រាប់​​ស្ថានីយ​ច្រកផ្លូវអវកាស Gateway ដែលនឹង​ត្រូវ​បង្ហោះឡើង​ទៅកាន់ទីអវកាស​នៅឆ្នាំ២០២២។

គួរជម្រាបថា កាលពីឆ្នាំមុន​ក្រុមហ៊ុនឯកជនចំនួន ០៥ បានទទួលការ​ឧបត្ថម្ភដើម្បីធ្វើ​ការសិក្សាផ្សេងៗ ដើម្បីវិភាគថា តើអ្វីខ្លះ​ត្រូវការចាំបាច់​សម្រាប់ការអភិវឌ្ឍ​ម៉ាស៊ីនផ្តល់ថាមពល និងធ្វើចលនា​ក្នុងនោះ​រួមមាន Boeing, Lockheed Martin, Oribital ATK (បច្ចុប្បន្នស្ថិត​នៅក្រោម​​ក្រុមហ៊ុន Northrop Grumman), Sierra Nevada Corp., និង Space Systems/Loral។

បច្ចុប្បន្ននេះ​អង្គការ NASA កំពុងផ្តោតការ​យកចិត្តទុកដាក់​ទៅលើ Gateway ដើម្បីដើរតួជា​ជំហានដំបូង នៅក្នុងកិច្ចប្រឹងប្រែង​បង្កើតមូលដ្ឋានអចិន្រ្តៃយ៍​នៅលើផ្ទៃឋាន​ព្រះច័ន្ទ ព្រមទាំងបញ្ជូន​ក្រុមអវកាសយានិក​ទៅកាន់ភពអង្គារ (Mars) ដោយស្របទៅ​តាមគោលករណ៍​ផ្នែក​អវកាស Directive 1 របស់សេតវិមានអាមេរិក។

ជាមួយគ្នានេះ NASA ក៏បាននិងកំពុង​ប្រមែប្រមូលប្រទេស​ដទៃទៀតផងដែរ រួមមាន​ទាំងរុស្ស៊ី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ​ទៅលើគម្រោង Gateway ស្របពេល​ដែល NASA កាត់បន្ថយតួនាទី​របស់ខ្លួន នៅក្នុងស្ថានីយអវកាស​អន្តរជាតិ ISS។ គម្រោង​ស្ថានីយ Gateway ក៏ធ្លាប់ត្រូ​វ​​បានគេ​ស្គាល់ដោយ​ឈ្មោះដទៃទៀត​រួមមាន Deep Space Gateway ឬ Lunar Orbital Platform – Gateway ហៅ​កាត់ថា LOP-G៕

ចែករំលែក