ត្រៀម​កក់សំបុត្រ​ឡើងទៅ​ទីអវកាស! Blue Origin នឹងចាប់​ផ្តើមនៅ​ឆ្នាំ២០១៩…

0

 

(អាមេរិក)៖ Blue Origin ​ដែលជាក្រុមហ៊ុន​ទេសចរណ៍​ផ្នែកអវកាស​​​​បង្កើតឡើងដោយ​មហា​សេដ្ឋីលោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលជា​នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន​លក់ទំនិញ​អនឡាញ Amazon បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើម​លក់សំបុត្រ​សម្រាប់ការធ្វើ​ដំណើរកម្សាន្តនៅ​ទីអវកាស ចាប់ពី​​ឆ្នាំ២០១៩តទៅ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​វែបសាយ Fortune នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

កាលបរិច្ឆេទ​ខាងលើនេះ ត្រូវបានធ្វើឡើង​ចេញពីមាត់របស់​​ថ្នាក់ដឹកនាំ​មួយរូបនៅក្នុង​ក្រុមហ៊ុន Blue Origin គឺ​លោក រ៉ូប មែយើសុន (Rob Meyerson) ប៉ុន្តែ​លោកពុំបាន​បញ្ជាក់ថា តើសំបុត្រទៅធ្វើ​ទេសចរណ៍​នៅអវកាសនេះ នឹងថ្លៃដល់កម្រិត​ណានោះឡើយ នៅពេលពួកវាត្រូវ​បានដាក់​ចេញ​លក់​។ ជាមួយ​គ្នានេះ Blue Origin ក៏កំពុងគ្រោង​ធ្វើតេស្តបាញ់បង្ហោះ​សាកល្បង​នូវ​គ្រាប់រ៉ុក្កែត ញូសេផាដ (New Shepard) របស់ខ្លួន ដោយមានមនុស្ស​ផងដែរ​ នាពេលឆាប់ៗ​ខាងមុខ។

គួរជម្រាបថា សម្រាប់​ពេលនេះ Blue Origin មិនទាន់មាន​មហិច្ឆតាដល់ក្រុមហ៊ុន SpaceX របស់​លោក អេឡន ម៉ាសក៍ (Elon Musk) ឡើយ ដែលទើបតែ​ទទួលបានកុងត្រា​យោធាដ៏សំខាន់មួយ សម្រាប់គ្រាប់​រ៉ុក្កែត Falcon Heavy របស់ខ្លួន។ រ៉ុក្កែត New Shepard របស់ Blue Origin បើ​ធៀបនឹង​ Falcon Heavy ឬក៏សូម្បីតែ Falcon 9 គឺមានទំហំតូច​មែនទែន ហើយវាមានកម្រិតហោះ​ហើរដល់រយៈពេល​កម្ពស់​ទាបជាង​ឆ្ងាយ ​ធៀប​នឹង​កម្រិត​​រយៈកម្ពស់នៃ​គ្រាប់រ៉ុក្កែតទាំង​ពីររបស់ SpaceX៕

ចែករំលែក