អ្នកវិទ្យាសាស្ត្រទម្លាយ៖ «ពួកអេលៀនអាចរស់នៅបានរាប់ពាន់លានឆ្នាំ លុះត្រាតែចេះវិធីទាំងនេះ…»

0

(អាមេរិក)​៖ អ្នកវិទ្យាសាស្រ្តម្នាក់បានយល់ឃើញថា ពួកអេលៀនវ័យឆ្លាត​បើមានមែននោះ នាពេលអនាគត ប្រហែលជាអាចបន្តរស់នៅទៀតបាន លុះត្រាណាតែពួកគេចេះពីវិធីសាស្ត្រ ប្រមែប្រមូល​ ស្តុកទុក និងប្រើប្រាស់ថាមពលនៃផ្កាយមេរបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី២៧ ខែ​មិថុនា ឆ្នាំ២០១៨។

លោក Dan Hooper ជាអ្នកវិទ្យាសាស្រ្តជើងចាស់មួយរូប​នៅរដ្ឋ Illinois បានដាក់ចេញនូវគំនិតខាងលើនេះ នៅក្នុងរបាយការណ៍សិក្សាថ្មី​មួយ ដែលលោកបានលើកឡើងថា ក្នុងពេលប្រហែល ១០០ពាន់លានឆ្នាំមុខ ជីវិតវ័យឆ្លាតនៅក្រៅភពទំនងជានឹងស្ថិតក្នុងភាពឯកោ ហើយត្រូវការប្រភពថាមពលជាខ្លាំង ខណៈដែលចក្រវាឡនៅតែបន្តពង្រីកខ្លួនរបស់វា។ លោក Hooper បានបកស្រាយថា ពពួកអេលៀនទាំងនោះ អាចនឹងត្រូវប្រើប្រាស់ផ្កាយ ធ្វើជាប្រភពថាមពលថ្មីរបស់ពួកគេ។

ពួកអេលៀននឹងត្រូវចាប់យកផ្កាយផ្សេងៗ និងទាញថាមពលរបស់ពួកវា តាមរយៈការប្រើប្រាស់ឧបករណ៍ម៉្យាងគេហៅថា Dyson Spheres ដែលជាបណ្តុំនៃផ្កាយរណបបំពាក់ផ្ទាំងសូឡា។ បើតាមទ្រឹស្តី Dyson Spheres នឹងត្រូវសាងសង់ឡើងជុំវិញផ្កាយរួចហ៊ុមព័ទ្ធវា ហើយចាប់ផ្តើមទាញថាមពល។

ទោះជាបែបនេះក្តី មនុស្សភាគច្រើនប្រហែលខ្វាយខ្វល់អំពីគំនិតដែលថា អរិយធម៌ជីវិតក្រៅភព ប្រហែលត្រូវចាប់យកផ្កាយ ដើម្បីបំពេញតម្រូវការថាមពលរបស់ខ្លួននោះឡើយ។ ជុំវិញរឿងនេះ តារាវិទូជើងចាស់ម្នាក់ទៀតគឺលោក Seth Shostak បានឲ្យដឹងថាអ្នកទាំងនោះប្រហែល​ជាមានការគិតមិនទូលំទូលាយគ្រប់គ្រាន់។

បើតាមលោក Shostak ដោយសារតែថាមពលងងឹត ដែលគេហៅថា Dark Energy ចក្រវាឡយើងកំពុងតែពង្រីកខ្លួនឥតឈប់ឈរ ខណៈបាតុភូតនេះ កំពុងដំណើរការទៅមុខកាន់តែលឿន និងពុំមានដែនកំណត់នោះទេថា តើទីអវកាសអាចលាតសន្ធឹងបានឆាប់រហ័យ​ប៉ុណ្ណា ហើយយ៉ាងហោចណាស់គឺសម្រាប់មនុស្សលោកយើង ប្រភពថាមពលស្ទើរតែទាំងអស់នៅទីនេះលើផែនដី លើកលែងតែថាមពលនុយក្លេអ៊ែរ គឺបានមកពីព្រះអាទិត្យ ដែលជាផ្កាយរបស់យើង។

ដូច្នេះហើយ ដោយសារតែចក្រវាឡនៅតែបន្តពង្រីកខ្លួន និងផ្កាយកាន់តែឃ្លាតឆ្ងាយពីទម្រង់ជីវិត ពពួកអេលៀនទាំងនោះទំនងជាត្រូវរិះរក​​មធ្យោបាយដើម្បីចាប់ និងស្តុកថាមពលរបស់ផ្កាយ ពីព្រោះនាពេលអនាគតដូចទៅជាយើងដែរ ពួកគេនឹងអស់ថាមពលប្រើប្រាស់។ យ៉ាងណាមិញ បើតាមការគូសបញ្ជាក់លើរបាយការណ៍ខាងលើ រឿងបែបនេះហាក់មិនអាចកើតឡើង​នៅមុន ១០០ពាន់លានឆ្នាំខាងមុខឡើយពីព្រោះថា នៅអំឡុងរយៈពេលដ៏វែងនេះ ទើបដោយសារ Dark Energy ដែលទីអវកាសអាចពង្រីកខ្លួនធំគ្រប់គ្រាន់ ឲ្យអរិយធម៌​អេលៀនមួយ​ឯកោបាន៕

ចែករំលែក