ទីអវកាស​មិនមែន​ជាកន្លែងសុវត្ថិភាព​ទៀតទេ ដូច្នេះទើប​អាមេរិកបង្កើត​កងទ័ព​អវកាស ហើយ NASA គាំទ្រ​រឿង​នេះ​…

0

(អាមេរិក)៖ ប្រធាន​អង្គការ NASA ទើបឡើងកាន់តំណែងថ្មីៗ លោក ជិម ប្រាយដិនស្តាញ (Jim Bridenstine) ដែលត្រូវបានជ្រើសរើស​ផ្ទាល់ដៃដោយ​លោក ដូណាល់ ត្រាំ ដើម្បី​ឲ្យ​ធ្វើការ​ដឹក​នាំ​ស្ថាប័ន​​​អវ​កាស​​ឈានមុខគេមួយនេះ​នោះ បានចេញមុខ​បង្ហាញការគាំទ្រ​យ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតទ័ព​អវកាសរបស់លោក​ប្រធានាធិបតី​អាមេ​រិក បើទោះបីជា​ពិភពលោកមាន​ការព្រួយបារម្ភ​ក៏ដោយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ CNET នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

លោក Bridenstine បានធ្វើការបក​ស្រាយថា ហេតុអ្វីបានជាការធ្វើយោធានីយកម្ម (Militarization) នៃទីអវកាសមាន​សារៈសំខាន់។ ​ប្រធាន​ទីភ្នាក់ងារ​អវកាស NASA រូបនេះបាននិយាយ​ដូច្នេះថា «នៅពេលអ្នកគិត​អំពីប្រវត្តិសាស្រ្តនៃរឿងនេះ មនុស្សភាគ​ច្រើនតែងតែមានការ​ជឿ​ជាក់ថា អវកាសគឺជា​ទីជម្រកដ៏មានសុវត្ថិភាព​មួយ ប៉ុន្តែវាមិនដូច្នោះ​ឡើយ។ ពីមួយថ្ងៃទៅ​មួយថ្ងៃ ទីអវកាស​កាន់តែមានការ​ប្រកួតប្រជែង​ខ្លាំងឡើងៗ មិនដូចពេល​មុនៗនោះទេ ហេតុនេះហើយដើម្បី​ថែរក្សាការពារ​ទីអវកាស យើងត្រូវតែ​មានឆន្ទៈ​ការពារវា»។

លោក Bridenstine បានបន្ថែមថា ភាពងាយនឹងរង​គ្រោះនៅទីអវកាស អាចបង្កការ​គំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិ​អាមេរិក ដោយផ្អែកទៅ​លើរបាយការណ៍​​ជាច្រើនដែលថា ចិន និងរុស្ស៊ី កំពុងអភិវឌ្ឍន៍​​សមត្ថភាព ដើម្បីវាយប្រហារ​មកលើផ្កាយរណប​អាមេរិក ហើយវាពុំមែនគ្រាន់​តែជាការបាញ់កម្ទេច​ផ្កាយរណប​ប៉ុណ្ណោះទេ វាគឺជាសមត្ថភាព​ប្រឆាំងផ្កាយរណប​ទ្រង់ទ្រាយធំ​តែម្តង រួមមានការរំខាន​ប្រព័ន្ធ​​ទាក់ទង ការចូលលុកលុយ​ផ្នែកព័ត៌មានវិទ្យា (Hack) និងបញ្ហាជា​ច្រើនទៀត ដោយភាពគំរាមកំហែងទាំងនេះ កំពុងរីករាលដាលក្នុងកម្រិត​មួយ ដែលយើង​មិនធ្លាប់​ឃើញពីមុនមកឡើយ ហើយចិនកំពុងចាត់​ទុកទីអវកាស ជាចំណុចខ្សោយរបស់​អាមេរិកថែម​ទៀត។

គួរជម្រាបថា NASA គឺជាទីភ្នាក់ងារ​ស៊ីវិលផ្នែកអវកាស​របស់អាមេរិក ដែលផ្តោតទៅលើ​ការសិក្សាស្រាវជ្រាវបែប​វិទ្យសាស្រ្ត និង​កា​រុក​រក​​នៅ​ទីអវកាស។ ការបង្ហាញគោលជំហរ​គាំទ្របែបនេះរបស់​មេដឹកនាំ NASA ចំពោះការបង្កើតវត្តមាន​យោធាអាមេរិក នៅលើទីអវកាស​អាច​​ជា​សញ្ញាមួយបង្ហាញ​ពីគោលនយោបាយ ​នាពេលអនាគត​របស់ស្ថាប័ន​នេះ។

បច្ចុប្បន្ននេះ​កងទ័ពអាកាស​អាមេរិក (U.S. Air Force) គឺជាអ្នក​គ្រប់គ្រង​ការបញ្ជា​ទៅលើកិច្ចការពារទីអវកាសអាមេរិក​ជាបឋម ដែលមានដូចជា ទីបញ្ជាការ​ទ័ពអវកាស​ដែលមានតួនាទីធ្វើការអង្កេត និងតាមដាន​លើប្រព័ន្ធផ្កាយរណប និងការបាញ់​មីស៊ីល​លើផែនដី, អង្កេតការណ៍​សម្ងាត់, ដំណើរការ​ប្រព័ន្ធ GPS និងធ្វើទំនាក់ទំនង​​ជាមួយ យន្តហោះ​ចម្បាំងអាមេរិក​នានានៅលើផែនដី។

សរុប​សេចក្តីមក កងទ័ពអវកាស និងទីបញ្ជាការអវកាស​ពិតជាសំខាន់ ហើយអាមេរិក​មានវាជាយូរណាស់​មកហើយ គ្រាន់តែវាស្ថិត​នៅក្នុងអាជ្ញាធរ​របស់កងទ័ពអាកាស​ប៉ុណ្ណោះ។ ដូច្នេះ​លោក ដូណាល់ ត្រាំ ចង់ឲ្យកងទ័ព​អាកាសនេះ​ ក្លាយជាកង​អង្គភាពទី ៦ (ថែមលើទី​កងអង្គភាព​ ដែលមានស្រាប់​ទាំងអស់ ៥) ដើម្បីឲ្យ​ថវិកាជាតិត្រូវ​បានយក​មកប្រើប្រាស់ ក្នុងការអភិវឌ្ឍ​វាឲ្យកាន់​ខ្លាំងក្លា ហើយគោលដៅ​ធំក្នុងរឿងនេះ គ្មានអ្វីក្រៅតែពី​ការបង្កើនឥទ្ធិពល​យោធា​អាមេរិក នៅក្នុងការគ្រប់គ្រង​ថែមមួយជាន់​ទៀត មកលើភព​ផែនដីនោះ​ឡើយ៕

ចែករំលែក