ទម្លាយការពិតថ្មីមួយ​ទៀតអំពីអាចម៍ផ្កាយ Oumuamua! មិនដឹងត្រូវជឿមួយណាទេ…

0

 

(វ៉ាស៊ីនតោន)៖ តារាវិទូអន្តរជាតិ​មួយក្រុម បានរកឃើញថា អូម័រម័រ (Oumuamua) ដែលជាវត្ថុធ្វើដំណើរ​ឆ្លងកាត់ប្រព័ន្ធ​​ផ្កាយ ចូលមកក្នុង​ប្រព័ន្ធ​​ព្រះ​អាទិត្យ​ គឺកំពុងធ្វើចលនា​លឿនខុសពីធម្មតា ដែលប្រការនេះ​បានធ្វើឲ្យក្រុមអ្នកវិទ្យសាស្រ្ត​សន្និដ្ឋានថា វាទំនងជាដុំអាចម៍​ផ្កាយ​ដុះ​កន្ទុយ​​​ ជា​​ជាង​​បំណែក​​អាចម៍​​ផ្កាយ​ធម្មតា។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ ចេញពីទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ការរកឃើញ​ខាងលើដែលចេញផ្សាយ​ នៅលើទស្សនាវដ្តី​វិទ្យាសាស្រ្ត Nature បានលាត​ត្រដាងឲ្យដឹងថា កំណើននៃ​ល្បឿនខាងលើ គឺមាន​កម្រិត​តិចតួច​ប៉ុណ្ណោះ ហើយ Oumuamua ដែលត្រូវបាន​ប្រទះឃើញជា​លើកដំបូង​ កាលពីខែធ្នូ ឆ្នាំ២០១៧ បាននិងកំពុង​តែថមថយ​ល្បឿន​​​ដដែល​នោះ ដោយសារតែទំនាញ​ពីព្រះអាទិត្យ។

បើតាមក្រុម​អ្នកស្រាវជ្រាវខាងលើ មូលហេតុដែលសមហេតុ​សមផលជាងគេ សម្រាប់បាតុភូត​ខាងលើ គឺថា Oumuamua កំពុងបង្ហុយ​សារ​ធាតុ​ផ្សេងៗចេញពី​ផ្ទៃរបស់វា ដោយសារតែកម្តៅ​របស់ព្រះអាទិត្យ ដែលគេ​ហៅថា Outgassing ​គឺវាហាក់​ដូចទៅ​នឹង​សកម្មភាព​ទូ​ទៅ​​របស់​ពពួកផ្កាយ​ដុះកន្ទុយ ហើយ​ផ្ទុយពីការចាត់​ថ្នាក់កាលពីមុនរបស់ Oumuamua ដែលថា វាគឺជាអាចម៍ផ្កាយ​ធម្មតាមកពីប្រព័ន្ធ​ព្រះអាទិត្យផ្សេង។

ដោយសារតែរូបធាតុ​ដែលត្រូវបានបំភាយចេញ​នេះហើយ ទើបវាបាន​ផ្តល់ល្បឿនរុញច្រាន​ក្នុងកម្រិតទាប​ប៉ុន្តែថេរ ដែលបញ្ជូន Oumuamua ហោះចេញពី​ប្រព័ន្ធផ្កាយរបស់​យើង ហួសពីការរំពឹងទុក។ គិតត្រឹម​ថ្ងៃទី០១ ខែមិថុនា ល្បឿនធ្វើដំណើរ​របស់វត្ថុអវកាស​នេះ គឺប្រហែលជា ​១១៤,០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ យ៉ាងណាមិញ ក្រុមតារាវិទូ​ខាងលើ ពុំបានប្រទះឃើញ​ភស្តុតាងជារូបភាព​ជាក់ស្តែងណាមួយ អំពី​​​បាតុ​ភូត Outgassing នេះឡើយ។

គួរជម្រាបថា ភាពខុសគ្នាចម្បងរវាងបំណែកអាចម៍ផ្កាយធម្មតា (Asteroid) និងផ្កាយដុះកន្ទុយ (Comet) គឺត្រង់សមាសធាតុផ្សំ​របស់ពួកវា​​។ Asteroid រួមផ្សំឡើងពី​សារធាតុដូចជាថ្ម និងលោហៈ ខណៈ Comet ផ្សំឡើងពី​ដុំទឹកកក ធូលី ថ្ម ហើយថ្មអវកាស​ទាំងនេះ បានកកើត​ឡើង​​ជាយូរណាស់មកហើយ​ដូចគ្នា កាលពីប្រមាណជា ៤.៥ពាន់លានឆ្នាំមុន។ សម្រាប់វត្ថុ​ពោពេញដោយអាថ៌កំបាំង Oumuamua នេះ នាពេល​កន្លងទៅ​ក៏ធ្លាប់មានការ​សង្ស័យថា វាជាយានអវកាស​របស់ពួកអេលៀន​ផងដែរ ប៉ុន្តែក្រោយមកគំនិតនេះត្រូវបានបោះបង់ចោល ដោយសារតែ​សញ្ញាគ្រប់គ្រាន់​បញ្ជាក់ថា វាគ្រាន់តែ​ជាអាចម៍​ផ្កាយ រាងដូច​បារីមួយដើម​ប៉ុណ្ណោះ៕

 

ចែករំលែក