ទីបំផុត​គ្រាប់រ៉ុក្កែត SpaceX ហោះឡើង​ទៅទីអវកាស​ហើយ ដោយពាំនាំនូវឧបករណ៍​ពិសេសទៅ​ជា​មួយ…

0

 

(វ៉ាស៊ីនតោន)៖ ទីបំផុតនៅព្រឹក​ព្រហាមថ្ងៃសុក្រ (ម៉ោងនៅភាគ​ខាងត្បូងអាមេរិក) គ្រឿងយន្តឆ្លាតវ័យ​ដែលមានបំពាក់ បញ្ញាសិប្បនិម្មិត ឬ AI ត្រូវបានដឹកនាំ​តាមរយៈ​គ្រាប់​រ៉ុក្កែតរបស់ SpaceX ឡើងទៅកាន់ស្ថានីយ​អវកាសអន្តរជាតិ (ISS) ហើយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

គ្រឿងយន្តវ័យឆ្លាត​ខាងលើនេះ គឺហោះទៅជាមួយនូវឧបករណ៍​វិទ្យាសាស្ត្រ​ទម្ងន់ ២,៧០០គីឡូក្រាម, ឧបករណ៍ផ្គត់ផ្គង់ និងគ្រឿងបន្លាស់ ដែលបាន​ហោះចេញពី​មូលដ្ឋានបាញ់​បង្ហោះនៅស្ថានីយ​ទ័ពអាកាស Cape Canaveral នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក កាលពីវេលា​ម៉ោង ៥៖៤២នាទីព្រឹក​ថ្ងៃសុក្រ (ពេលវេលា​ក្នុងតំបន់)។

ក្រោយការបាញ់​​បង្ហោះតែ ១០នាទីប៉ុណ្ណោះ មូលដ្ឋានគ្រប់គ្រង​​ការហោះ​ហើររបស់ SpaceX បានប្រកាស​​ឲ្យដឹងថា យាន​រ៉ុក្កែត Dragon របស់ខ្លួន​កំពុងធ្វើ​ដំណើរ​នៅក្នុងគន្លង​ដ៏​ត្រឹមត្រូវល្អ។ បើតាម​បញ្ជាក់ យានផ្ទុកគ្រឿង​បរិក្ខា​យ៉ាង​ច្រើននេះ នឹងទៅដល់ស្ថានីយ​​អវកាស ISS នៅថ្ងៃទី០២ ខែកក្កដា​ខាង​មុខនេះ ហើយនឹង​បន្តស្ថិតនៅទី​នោះ​​រយៈពេល០១ខែ ទើបត្រឡប់​មក​ផែន​ដីវិញ។

គួរបញ្ជាក់ថា គ្រឿងយន្តវ័យឆ្លាត​ខាងលើនេះមាន​ឈ្មោះថា CIMON ដែលវាជាការ​ធ្វើតេស្ត និងស្រាវជ្រាវបន្ថែម​ទៅលើការប្រើប្រាស់​បច្ចេកវិទ្យា AI។ ជា​ដំបូង​វានឹង​អាចជួយបំបាត់​ភាពអផ្សុករបស់​អវកាយានិក នៅលើស្ថានីយ​អវកាស ISS និងអាច​បំពេញការងារ​នៅអំឡុងពេលធ្វើដំណើរ​ ក្នុងទីអវកាសនារយៈពេលវែង។

ចែករំលែក