អបអរសាទរ «ទិវាអាចម៍ផ្កាយអន្តរជាតិ ថ្ងៃទី៣០ ខែវិច្ឆិកា» ជាមួយនិងវិធានការទប់ទល់…

0

 

(អាមេរិក)៖ ថ្ងៃសៅរ៍​សប្តាហ៍នេះ គឺជាទិវាអាចម៍​ផ្កាយអន្តរជាតិ ដែលជាឱកាស​ក្រុមអ្នកស្រាវជ្រាវ​ មកពីគ្រប់ទិសទី​នៅជុំវិញពិភពលោក ធ្វើការ​ជួប​​ជុំ​គ្នាដើម្បីពិភាក្សា​អំពីឥទ្ធិពលគ្រោះ​ថ្នាក់ នៃបំណែកអាចម៍ផ្កាយមក​លើផែនដី និងអំពីមធ្យោបាយ​ដែល​យើង​អាច​ធ្វើបាន ដើម្បីបង្ការ និង​ទប់​ស្កាត់​​ការគំរាម​កំហែងនេះ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀល​ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។

គ្រឹះស្ថាននៅ​ជុំវិញពិភពលោកកំពុងរៀបចំ​ព្រឹត្តិការណ៍​ ដើម្បីបង្កើនការយល់​ដឹងអំពីអាចម៍​ផ្កាយ។ បើតាមទីភ្នាក់ងារ​អវកាស​អាមេរិក NASA និងស្ថាប័ន​អវកាសឯទៀតៗ ទោះបីជាពួក​យើងប្រហែលជាមិនត្រូវការកើតទុក្ខ​ ឬឈឺក្បាល អំពីការដែលអាចម៍​ផ្កាយយក្ស ដូចទៅនឹង​​អាចម៍​ផ្កាយដែល​បានផ្តាច់ជីវិត​សត្វដាយណូស័រឲ្យផុតពូជពីផ្ទៃផែនដី នាពេល​អនាគត​ដ៏ខ្លីខាងមុខក៏ដោយ​ក្តី បំណែកថ្ម​អវកាស​ទាំងនេះ នៅតែអាច​បង្កការ​គំរាមកំហែង​ក្នុងកម្រិតណា​មួយបាន​ដដែល។

តួយ៉ាង​អាចម៍​ផ្កាយទំហំធំល្មមមួយ​ប៉ុណ្ណោះ ដែលបានផ្ទុះឡើង​លើផ្ទៃមេឃ​នៃក្រុង ឈែលយ៉ាប៊ីនក៍ (Chelyabinsk) ប្រទេសរុស្ស៊ី​កាលពីឆ្នាំ២០១៣ បាន​បង្ក​ឲ្យ​មនុស្សជាង ១,២០០នាក់រងរបួស​ ទោះបីជា​ពុំមែនរងរបួស​ដោយផ្ទាល់​ពីអាចម៍ផ្កាយនេះ​ក៏ដោយ ហើយកម្លាំង​ផ្ទុះរបស់វា បានបង្កការ​បំផ្លាញ​​ដល់​អគារនានា ដែលនៅចម្ងាយ​រហូតដល់ ៩៣គីឡូម៉ែត្រ ពីទីតាំងផ្ទុះ​ឯណោះ។

មួយវិញទៀត កាលពីខែមេសា​កន្លងទៅ អាចម៍ផ្កាយ​ទំហំ​ធំ​​ជាងអាចម៍ផ្កាយ​រុស្ស៊ីខាងលើនេះពីរដង និងធំប្រហែល​អាចម៍ផ្កាយ ទុងហ្គូស្កា (Tunguska) ដែលជាប់​កំណត់ត្រា ជាអាចម៍ផ្កាយដ៏អាក្រក់មួយធ្លាក់​មកបុកចំផែនដី​នោះ​ បានធ្វើហោះ​ឆាបកៀកនឹងផែនដី​ ខុសពីធម្មតា​ថែមទៀត។

ថ្មីៗនេះទីភ្នាក់ងារ​អវកាស NASA បានប៉ាន់ស្មានថា មានថ្មអវកាសជិតផែនដីដែល​គេហៅថា NEO ប្រហែល ១០លានដុំ មានទំហំប្រហាក់​ប្រហែល​​នឹង​អាចម៍ផ្កាយ​ ដែលផ្ទុះនៅ​ក្រុង Chelyabinsk ប៉ុន្តែ NEO តូចៗ​ទាំងនេះ គឺមានផលលំបាក​ខ្លាំងក្នុងការប្រទះ​ឃើញ ឲ្យបានមុន​ពេលវាចូល​មកដល់ក្បែរបរិយាកាស​ផែនដី។

ទោះបីជាបែបនេះក្តី វាជាសំណាងល្អដែរ​ដែល​អង្គការ NASA បានឲ្យដឹងថា​ជាង ៩៥ភាគរយ​ នៃអាចម៍ផ្កាយទាំងអស់ ដែលមានទំហំធំ​ល្មមគ្រប់គ្រាន់ ដើម្បី​បង្ក​គ្រោះមហន្តរាយ​ទ្រង់ទ្រាយធំ​ទូទាំងពិភពលោក គឺគ្មានថ្មមួយ​ដុំណាបង្កការ​គំរាមកំហែង​ដល់ផែនដី​នោះ​ឡើយ។ ប៉ុន្តែក្រុម​តារាវិទូជឿជាក់ថា​ពួកគេបានរក​ឃើញតែមួយ​ភាគបី​ប៉ុណ្ណោះ នៃអាចម៍ផ្កាយដែលស្ថិតនៅក្នុងបរិវេណជុំវិញផែនដី មានមុខកាត់​ប្រវែង​យ៉ាងតិច ១៤០ម៉ែត្រ ដែល​ជាទំហំធំ​គ្រប់គ្រាន់ ដើម្បីកម្ទេចរដ្ឋ​តូចមួយ​ឲ្យបាត់ស្រមោល​បាន៕

ចែករំលែក