គ្រប់ជំហានរបស់​មហាយក្សចិន គឺដើម្បីក្លាយខ្លួន​ជាមហាអំណាច​នៅទីអវកាស…

0

 

(ប៉េកាំង)៖ មហាអំណាច​សេដ្ឋកិច្ចទីពីរ​លើលោក កំពុងស្ថិតលើ​ដងផ្លូវឆ្ពោះ​ទៅកាន់​ការអភិវឌ្ឍខ្លួន ឲ្យក្លាយជាប្រទេស​កំពូលមួយ​នៅ​ក្នុង​វិស័យ​អវកាស ខណៈទាំង​បច្ចេកវិទ្យា និងភាពញឹកញាប់​នៃការបាញ់បង្ហោះ​ផ្កាយរណប របស់មហាយក្ស​នៅអាស៊ី​មួយនេះ កំពុងរីកចម្រើន​​ទៅមុខក្នុងកម្រិត​ឆាប់រហ័ស ដែលគួរជា​ទីកត់សម្គាល់​ជាខ្លាំង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ចិនបានក្លាយ​ជាប្រទេសទី ៥ លើពិភពលោក ដែលបានបញ្ជូន​ផ្កាយរណបទៅកាន់​ទីអវកាស កាលពី​ឆ្នាំ១៩៧០ ខណៈមក​ទល់ពេលនេះ ផ្ការណប​សរុបចំនួន ៤០០គ្រឿងហើយ ត្រូវបានបាញ់បង្ហោះ និងជាង​២០០គ្រឿង កំពុងដំណើរ​នាពេល​បច្ចុប្បន្ន។ ប្រភេទផ្កាយរណប​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ត្រូវបានអភិវឌ្ឍន៍​ឡើងនៅ​ប្រទេសចិន ដោយគ្រប​ដណ្តប់ទៅលើវិស័យ​ទំនាក់ទំនង ឧតុនិយម ការ​​ចង្អុល​បង្ហាញផ្លូវ និងវិទ្យាសាស្រ្ត​​អវកាស។

តួយ៉ាង ផ្កាយរណប BeiDou Navigation Satellite System (BDS) បច្ចុប្បន្នផ្តល់​​នូវសេវាទីតាំង​ ដែលមានភាពច្បាស់លាស់​កម្រិតខ្ពស់ នៅក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយ​ផ្កាយរណប BDS ចំនួន ១៨គ្រឿង នឹងត្រូវបាន​បង្ហោះថែមទៀត​នាឆ្នាំនេះ។ សម្រាប់​ប្រភេទ Fengyun ជា​ផ្កាយ​រណបបម្រើ​វិស័យឧតុនិយម​របស់ចិន បច្ចុប្បននកំពុង​ផ្តល់ទិន្នន័យ និងសេវាដល់ប្រទេស​ព្រមទាំងតំបន់​ជាង ៨០ រួមជាមួយអតិថិជន​ក្នុង​ស្រុក​ប្រមាណ ២,៥០០ផងដែរ។ បន្ថែមពីនេះ វាក៏ផ្តល់សេវា​ដោយឥតគិត​ថ្លៃ ដល់ប្រទេសក្នុង​កិច្ចផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ ព្រមទាំង​សមាជិក​ នៃ​​អង្គការកិច្ច​សហប្រតិបត្តិការ​អវកាសអាស៊ី-ប៉ាស៊ីហ្វិក ថែមទៀតផង។

ចាប់តាំង​ពីឆ្នាំ២០១០ ចិនបានខិតខំ​ឥតឈប់ឈរ ក្នុងការបង្កើន​ចំនួននិងភាពញឹកញាប់​ នៃការបង្ហោះ​ផ្កាយរណប​របស់ខ្លួន។ បើគិត​ជាទូទៅ​ក្នុងមួយឆ្នាំៗ ផ្កាយរណប​ប្រហែល ២០គ្រឿង ត្រូវបានបាញ់​បង្ហោះដោយ​ប្រទេស​ចិន។

ផ្កាយរណប Dongfanghong-4 គឺជាចំណុច​ដ៏សំខាន់មួយ​នៅក្នុងប្រវត្តិសាស្រ្ត​ នៃការអភិវឌ្ឍផ្កាយរណប​របស់ប្រទេស​ចិន។ នៅពេល​ដែល​​ចិនកំពុងសាងសង់​ផ្កាយរណប​ទំនាក់ទំនង​ខ្នាតធំនេះ កាលពី​ឆ្នាំ១៩៩៩ មានការដាក់​សំណើជាច្រើន​ ដើម្បីទិញ​បច្ចេកវិទ្យា​ពីបរទេស ប៉ុន្តែ​បច្ចេកវិទ្យា​ទំនើបៗ​ ពុំមែនមានលុយអាច​ទិញបាននោះ​ឡើយ។ ដូច្នេះហើយ ក្រុមអ្នក​វិទ្យាសាស្រ្តចិន ក៏បានខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ដើម្បីបង្កើត​គំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍​បច្ចេកវិទ្យាឯករាជ្យ​ដោយខ្លួនឯង​ជាបន្តបន្ទាប់​តែម្តង។

គួរជម្រាបថា ចិនស្ថិតក្នុងចំណោម​ប្រទេសមួយចំនួន​តូចប៉ុណ្ណោះលើលោក ដែលមានបច្ចេកវិទ្យា​ទំនើបៗ​ផ្នែកអវកាស និងបានកសាង​​ក៏ដូច​ជាអភិវឌ្ឍន៍​ប្រព័ន្ធអវកាស​ផ្សេងៗ៕

ចែករំលែក