អូខេ! អង្គការ NASA ចាប់អារម្មណ៍​បញ្ជូនយានជ្រែកពពក ទៅសិក្សាលើផ្កាយព្រះសុក្រ…

0

 

(អាមេរិក)៖ អង្គការ NASA កំពុងតែចាប់​អារម្មណ៍ខ្លាំង និងអាចចំណាយលុយ​ដើម្បី​ផលិតយាន ទៅសិក្សាស្រាវជ្រាវ​ផ្នែកដ៏សំខាន់មួយ ដែលជាក្តីសង្ឃឹម​ក្នុងការ​ដាក់អណានិគម​លើភពសុក្រ ហើយទីតាំងនោះ​លោកអ្នកភាគច្រើន​ប្រាកដជាធ្លាប់​បានដឹងរួចមក​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Space នារសៀល​ថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។

សម្រាប់ក្រុមហ៊ុន​ដែលនឹងទទួលបន្ទុក កសាងយានជ្រែក​ពពកភពសុក្រ ដើម្បីធ្វើការ​សិក្សាស្រាវជ្រាវ​អំពីភាពដែល​អាចទៅរួច ក្នុងការដាក់​មូលដ្ឋាន​នៅទីនោះ គឺក្រុមហ៊ុន Black Swift Technologies (BST) ស្ថិតនៅក្នុង​រដ្ឋខូឡូរ៉ាដូ។ វាជាប្រភេទ​យាន ឬគ្រឿង​យន្តអវកាស ដែលមានសមត្ថភាព​ក្នុងការស៊ូទ្រាំ ចល័ត​នៅក្នុងពពករបស់​ភពសុក្រ ដែលមានលក្ខណៈ​កញ្ជ្រោល និងមានព្យុះ ថែមទាំងផ្គរ​រន្ទះ។

ដូចដែលយើង​បានដឹងកន្លងមក​ហើយថា កំហាប់បរិយាកាស​នៃភពសុក្រ គឺក្រាស់ជាង កំហាប់បរិយាកាស​ផែនដីរហូតដល់ទៅ ៩០ដងឯណោះ ដូច្នេះវាពិត​ជាលំបាកណាស់ នៅក្នុងការផលិត​យានហោះហើរមួយ​ចេញមក ដើម្បីឲ្យធ្វើចលនា​នៅក្នុងបរិស្ថាន​ដែនអាកាសដ៏​លំបាកវេទនាបែបនោះ។ ប៉ុន្តែ​ក្រុមហ៊ុន BST គឺមានបទ​ពិសោធន៍​រួចមក​ហើយនៅក្នុង​ការផលិតឧបករណ៍​បច្ចេកវិទ្យា ដើម្បីធ្វើការ​អង្កេតបន្ទុះ​ភ្នំភ្លើង ព្យុះថូណា​ដ៏ដ៏កំណាច និងព្យុះហ៊ឺរីខិន​ជាដើម ដែលសុទ្ធសឹង​តែជាគ្រោះ​ធម្មជាតិ​អាក្រក់ៗ តែងតែ​កើតមាននៅលើភព​ផែនដី។

ដូច្នេះ​លោក Jacke Elston ដែលជារៀបចំផែនការ​នេះបាន​អះអាងថា បេសកកម្ម​នាពេល​ខាងមុខ គឺជាការពង្រីក​ការយល់អំពីធម្មជាតិ​របស់យើង​បន្ថែមទៀត ហើយ​មានតែពេលនេះ​ប៉ុណ្ណោះ ដែលយើងអាច​ចាប់ផ្តើម​គិតគូរ អំពីការសិក្សាចំពោះ​ស្ថានភាព​ដ៏លំបាកវេទនា និងក្តៅគគុក​របស់ភពសុក្រ (ខ្មែរបុរាណហៅថា ផ្កាយព្រះសុក្រ) ដែលភពទីពីរ​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។

គួរបញ្ជាក់ថា ភពសុក្រ គឺជាទីតាំងទីពីរ​បន្ទាប់ពីភព​ព្រះអង្គារ ដែលមាន​យាន​ពីផែនដី​ទៅធ្វើការសិក្សា​ច្រើនជាងគេ ជាពិសសកាលពីសម័យអតីត​សហភាព​សូវៀត ដែលបាន​ចុះទៅ​ថតរូបដោយ​ផ្ទាល់ តាម​រ​យៈយានស៊េរី Venera ដ៏អស្ចារ្យកាលពី​អំឡុង​ទសវត្សរ៍ ១៩៧០ និង ១៩៨០។ យាននៅក្នុង​ពពកភពសុក្រ អាចជា​ពោងខ្យល់​សណ្តោង​គ្រឿងយន្ត​ស្រាវជ្រាវ ដែលមាន​សមត្ថភាពសិក្សាអ្វីៗគ្រប់យ៉ាង​អំពី​បរិយាកាស និងផ្ទៃ​ស្រទាប់លើ នៃភព​ដែលមានកម្តៅអាច​រំលាយសារធាតុ​សំណ​បាននេះ៕

ចែករំលែក