(អាមេរិក)៖ នៅពេលបញ្ជូនទៅកាន់ទីអវកាស កែវយឺត James Webb នឹងក្លាយជាកែវយឺតអវកាសទំនើប និងមានខ្លាំងជាងគេបង្អស់ហើយ ក្នុងនាមជាកែវយឺតជំនាន់ក្រោយ បន្តពីកែវយឺត Hubble, Spitzer, និង Kepler James Webb នឹងប្រើប្រាស់ឈុតឧបករណ៍ទំនើបៗរបស់វាធ្វើការសិក្សាស្រាវជ្រាវទៅលើអំឡុងពេលដំបូងៗ នៃការកកើតចក្រវាឡ, ទៅលើប្រព័ន្ធព្រះអាទិត្យ, និងជួយចាត់ថ្នាក់ភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យជាដើម។
ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា កែវយឺតអវកាស James Webb បានឆ្លងកាត់ការពន្យារពេលជាច្រើនលើកច្រើនសា ហើយនាពេលនេះកាលបរិច្ឆេទនៃការចេញបេសកកម្មដ៏នេះ ត្រូវបានលើកទៅដល់ប៉ុន្មានឆ្នាំខាងមុខទៀតឯណោះ ប៉ុន្តែវាក៏អាចចាត់ទុកថា ជាដំណឹងល្អមួយដែរ ដែលគម្រោងអភិវឌ្ឍន៍កែវយឺតអវកាស ប្រកបដោយមហិច្ឆតានេះ នៅតែមិនត្រូវបានបោះបង់ចោល ទោះបីជាមានឧបសគ្គច្រើនបែបណាក្តី។
នាពេលថ្មីៗនេះ ក្រោយការវិភាគ និងវាយតម្លៃទៅលើវឌ្ឍនភាពនៃគម្រោង James Webb ទីភ្នាក់ងារអវកាស NASA បានសម្រេចជាថា ការងារទៅលើកែវយឺតវកាសនេះ គួរតែបន្តទៅមុខ ប៉ុន្តែកាលបរិច្ឆេទនៃការបាញ់បង្ហោះរបស់វា ត្រូវបានលើកទៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១។ ការពន្យារពេលសាជាថ្មីម្តងទៀតនេះ ត្រូវបានអង្គការ NASA អះអាងថា បណ្តាលមកពីកត្តាជាច្រើន រួមមានបញ្ហាប្រឈមផ្នែកបច្ចេកទេស ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវដោះស្រាយ មុនពេលបេសកកម្មអាចចាប់ផ្តើមបានជាដើម។
គួរជម្រាបថា កាលបរិច្ឆេទដំបូងបំផុតដែល NASA ប្រុងនឹងបាញ់បង្ហោះកែវយឺត James Webb ឡើងទៅកាន់ទីអវកាស គឺនៅខែតុលា ឆ្នាំ២០១៨ ប៉ុន្តែក្រោយមកត្រូវបានលើកទៅអំឡុងដើមឆ្នាំ២០១៩ រួចហើយក៏ពន្យារទៅដល់ខែឧសភា ឆ្នាំ២០២០ និងចុងក្រោយបំផុតនេះ គឺនៅចុងខែមីនា ឆ្នាំ២០២១។
ចំណុចសំខាន់៖ កែវយឺតអវកាស James Webb ត្រូវបានបង្កើតឡើងដោយអង្គការ NASA សហការជាមួយនឹងទីភ្នាក់ងារអវកាសអឺរ៉ុប ESA នៅក្នុងគំរោងផលិតវាចេញមក ដោយប្រើប្រាស់រយៈពេល ០៥ឆ្នាំ និងគ្រោងបំពេញប្រតិបត្តិការនៅទីអវកាស ក្នុងរយៈពេល ១០ឆ្នាំ។ សម្រាប់ស្ថានភាពទូទៅវិញ គឺ James Webb មានទម្ងន់ ៦.៥តោន និងទំហំ ២០ម៉ែត្រ គុណនឹង ១៤ម៉ែត្រ។
គោលដៅធំៗរបស់ James Webb គឺវានឹងធ្វើការអង្កេតវត្ថុនានានៅក្នុងចក្រវាឡដូចជាផ្កាយ ភព និងសូពើណូវ៉ា ជាពិសេសនោះគឺការកកើតឡើងនៃកាឡាក់ស៊ីនានា កាលពីពេលដំបូងៗក្រោយបន្ទុះប៊ីកប៊ែង (Big Bank)។ បន្ថែមពីនេះទៀត ឧបករណ៍ពហុវិស័យនៅលើ James Webb នឹងធ្វើការចាប់យក ព្រមទាំងសិក្សាអំពីការចាប់កំណើតនៃផ្កាយ និងភពនានា ហើយជាពិសេសនោះ គឺវានឹងធ្វើការថតរូបដោយផ្ទាល់ចំពោះភពអេលៀន (ពពួក Exoplanets) និងសូពើណូវ៉ាផងដែរ។
ឆ្នាំ២០២១ ខាងមុខនេះ កែវយឺតអវកាស James Webb នឹងត្រូវដង្ហែក្បួនដ៏ធំមហិមាមិនធ្លាប់មាន ឡើងទៅកាន់ទីអវកាស ដើម្បីជួយជ្រោមជ្រែងរាមច្បងរបស់ នោះគឺ Kepler។ និយាយឲ្យចំទៅ Kepler ដើរតួជាអ្នករកមើលភព និងស្វែងយល់លក្ខណៈនៃគន្លងភពនោះ គោចរជុំវិញផ្កាយរបស់វា ហើយបន្ទាប់មកទៀត James Webb ក៏មានតួនាទីគណនាថា តើភពដែលអាចមានជីវិតនោះ ផ្សំឡើងពីបរិយាកាសអ្វី (មានសារធាតុ ឬឧស្ម័នអ្វីខ្លះ នៅក្នុងបរិយាកាសរបស់វា)។
គួរបញ្ជាក់ថា ការយល់ដឹងបរិយាកាសខាងក្រៅនៃភពមួយ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាវា នឹងអាចបញ្ជាក់ឲ្យយើងដឹងថា ភពនោះអាចមានជីវិតរស់នៅ ឬអត់ ឬមួយក៏អាចនិយាយថា វាស្វាគមន៍ជីវិតដែរ ឬអត់។ ឧទាហរណ៍ថា ភពមួយត្រូវបាន James Webb អង្កេតដឹងថា មានឧស្ម័នគ្របដណ្តប់ក្នុងបរិយាកាសស្រដៀងនឹងផែនដី ដូចជាមានអាសូត អុកស៊ីសែន ឬកាបូនឌីអុកស៊ីត និងកំហាប់បរិយាកាសប្រហែលគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រប្រាកដជាអាចសន្និដ្ឋានបានថា ភពនោះមានជីវិតឬទេ៕