ធ្លាយឯកសារ​សម្ងាត់មួយ​បញ្ជាក់ថា «អង់គ្លេស​ធ្លាប់ចំណាយ​ពេល ៥០ឆ្នាំ តាមស្វែងរក UFOs ឬ​ថាសហោះ»

0

 

​(ឡុងដ៍)៖ ឯកសារសំងាត់​មួយមាន​ឈ្មោះ «Britain’s X-Files» បានបង្ហើបថា ក្រសួងការពារជាតិអង់គ្លេស បានចំណាយពេល​ជាង​កន្លះសតវត្សរ៍ ក្នុងការតាមប្រមាញ់ថាសហោះ ឬយានមនុស្សពិភពផ្សេង (UFOs) ដែលជាផ្នែក​មួយនៃការព្រួយបារម្ភ ខ្លាចក្រែង​អតីតសហភាព​សូវៀត ឬក៏ចិនទទួលបាន​បច្ចេកវិទ្យាមនុស្ស​ពិភព​ផ្សេង (alien technology) មុនខ្លួន។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik​ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម «Britain’s X-Files» ទីភ្នាក់ងារស៊ើបការណ៍​សំងាត់អង់គ្លេស មានឯកសារថាសហោះ​មនុស្សពិភពផ្សេង (UFOs) ចំនួនពីរ​នៅក្នុងដៃ នៅចន្លោះឆ្នាំ១៩៤៧ និងឆ្នាំ១៩៩៧។ ម្យ៉ាងវិញ​ទៀត ក្នុងចំណោម​ឯកសារមួយ បានអនុញ្ញាត​ឱ្យមនុស្សផ្ដល់​ព័ត៌មាន តាមទូរស័ព្ទនៅ​ពេលបាន​ឃើញ UFOs ខណៈអ្នកពាក់ព័ន្ធ​ផ្សេងទៀត ស៊ើបអង្កេត​លើរបាយការណ៍ UFOs។

ប៉ុន្តែអ្វីដែលគួរឱ្យ​កត់សម្គាល់ លោក ណីក ប៉ុបប៉េ (Nick Pope) ដែលធ្លាប់បំពេញ​ការងារឱ្យក្រសួងការពារជាតិ​អង់គ្លេស ពី​ឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៦ បានអះអាង​ថា រដ្ឋាភិបាលអង់គ្លេស​បានដឹងថា រុស្ស៊ី និងចិន កំពុងស្រាវជ្រាវ​ពាក់ព័ន្ធលើថាសហោះ​ ឬយានមនុស្សពិភព​ផ្សេង ក្នុងគោល​បំណងអភិវឌ្ឍន៍​បច្ចេកវិទ្យាយោធា តាមលំអាននៃបច្ចេកវិទ្យា​មនុស្សពិភព​ផ្សេង ធ្វើជាកម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

គួរជម្រាបថា បើតាមលោក Nick Pope ក្រសួងការពារជាតិ​អង់គ្លេស ក៏បានចាប់អារម្មណ៍​ក្នុងការស្រាវជ្រាវ​ បច្ចេកវិទ្យាមនុស្ស​ពិភពផ្សេង​ ដើម្បីយក​ទៅប្រើប្រាស់​​ប្រឆាំងនឹងសត្រូវ​របស់ខ្លួន ក្នុងសម័យ​សង្រ្គាមត្រជាក់​រវាងអតីតសហភាព​សូវៀត និងសហរដ្ឋ​អាមេរិក នៅចន្លោះឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៩០ ផងដែរ។

មិនត្រឹមអង់​គ្លេសប៉ុណ្ណោះទេ កាលពីឆ្នាំមុននេះ​មន្ទីរបញ្ចកោណ​អាមេរិក ក៏ធ្លាប់បាន​ទម្លាយឯកសារ​មួយផងដែរថា ខ្លួនបាន​ចំណាយពេល ០៥ឆ្នាំ ទៅលើ​គំរោងតាម​ស្វែងរកថាសហោះ ដែលជាផែនការ​សម្ងាត់មួយ ប៉ុន្តែធាតុពិត​យ៉ាងណានោះ គឺមិនទាន់​មានការបញ្ជាក់​នោះឡើយ ព្រោះវានៅតែស្ថិតជា​ឯកសារសម្ងាត់​ដដែល៕

ចែករំលែក