តើទំហំ​កាឡាក់ស៊ី Milky Way ប្រែប្រួលឬ? ពេលនេះ​ប្រព័ន្ធតេឡេស្កូប​ចិន កំពុងធ្វើ​ការវាស់ទំហំ​ឡើងវិញ​ហើយ!

0

 

(ប៉េកាំង)៖ ក្រុមតារាវិទូកំពុង​ធ្វើការគណនាឡើងវិញ​ នូវទំហំរបស់​កាឡាក់ស៊ី Milky Way ដោយសារតែ​ទិន្នន័យថ្មី បានមកពីប្រព័ន្ធ​តេឡេស្កូប​របស់ប្រទេស​ចិន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

អស់រយៈពេល​ជាច្រើនទសវត្សរ៍កន្លង​ទៅនេះ ក្រុមតារាវិទូ​បានកំណត់ប្រវែង​នៃកាំរបស់ Milky Way ​ប្រមាណ ៥០,០០០ឆ្នាំពន្លឺ ដោយ​​​ព្រះ​អាទិត្យ​​​របស់​យើង​ស្ថិតនៅ​ចម្ងាយប្រហែល​ជា ២៥,០០០ឆ្នាំពន្លឺ ពីចំណុចកណ្តាលនៃកាឡាក់ស៊ីរាងគូទខ្យងនេះ។ និយាយរួម​ទៅព្រំដែន​ គឺ​​ត្រូវ​​បានកំណត់​ច្បាស់លាស់​តែម្តង នៅឯគែម​នៃសំណុំប្រព័ន្ធចង្កោមផ្កាយ​យក្ស ដែលមានរាងដូចបន្ទះ​ឌីសនេះ ដោយចំនួន​ផ្កាយនៅផុត​ពីព្រំដែន​របស់ Milky Way មានការថយ​ចុះ​ជាខ្លាំង។

យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុង​ក្រោយនេះ ផ្កាយក្មេងៗកាន់តែ​ច្រើនឡើង ត្រូវបានរកឃើញ​ជាបន្តបន្ទាប់ នៅក្រៅព្រំដែនខាងលើ ដែលវា​​​ជា​សញ្ញាបង្ហាញថា បន្ទះឌីសរបស់ Milky Way កំពុងតែរីកធំ​ឡើង។ នេះបើតាម​ទិន្នន័យពីប្រព័ន្ធ​តេឡេស្កូប​ នៅស្រុក Xinglong នៃខេត្ត Hebei ភាគខាងជើង​ប្រទេស​ចិន។

អ្នកវិទ្យាសាស្រ្ត​ចិនឈ្មោះ Liu Chao តាមរយៈការប្រើប្រាស់​តេឡេស្កូប LAMOST បានរកឃើញថា ផ្កាយមានចំនួន​តិចតួចមែន ប៉ុន្តែពុំឈប់​នៅចម្ងាយ ៥០,០០០ឆ្នាំពន្លឺ ពីបេះដូងរបស់ Milky Way ឡើយ ពួកវាលាតសន្ធឹង​រហូតដល់ចម្ងាយ ៦២,០០០ពន្លឺ ឯណោះ។ ជាមួយគ្នានេះ ​ក្រុមតារាវិទូឯទៀតៗ​ដោយមានទាំងមកពី​អេស៉្បាញ បានចូលរួមជាមួយ​កិច្ចការស្រាវជ្រាវ​របស់លោក Liu ហើយពួកគេបាន​រកឃើញថា ​កាំរបស់ Milky May អាចរីករហូត​ដល់ ១០០,០០០ឆ្នាំពន្លឺ​ ឯណោះ៕

ចែករំលែក