យានស្រាវជ្រាវ «តម្លៃ​៤០០លានដុល្លារ នៅ​តែគាំងដដែល» ព្រោះតែអំណាច​ព្យុះធូលី​យក្ស​លើ​ភព​អង្គារ!

0

 

(អាមេរិក)៖ បើតាមការបញ្ជាក់ពី ទីភ្នាក់ងារ​អវកាសអាមេរិក NASA នៅតែមិនទាន់​ទទួលបាន​ការទាក់ទង​ពីយានរុករក Opportunity ដដែល​ ខណៈដែលមហាព្យុះ​ធូលីដ៏ធំសម្បើម​មួយ នៅតែបន្តគ្របដណ្តប់​លើផ្ទៃរបស់​ភពអង្គារ (Mars)។ នេះ​បើ​តាម​ការ​​ដក​ស្រង់ការ​ផ្សាយ​​​ចេញ​ វែប​សាយ Space.com នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ព្យុះខាងលើបាន​ចាប់ផ្តើមកកើត​ឡើង កាលពី​ថ្ងៃទី៣០ ខែឧសភាកន្លងទៅ ហើយរីកមាឌធំ​ឡើង រហូតដល់​ហ៊ុមទ័ព្ធជុំវិញ​ភពអង្គារ​ទាំង​មូលតែម្តង នៅប៉ុន្មានសប្តាហ៍​ក្រោយ​មក។ ដោយសារតែ​កម្រិតនៃធូលីដី​ ដ៏ច្រើនសន្ធឹបសន្ធាប់​បែបនេះ​នៅលើ​ផ្ទៃអាកាស យានដែល​ដើរដោយថាមពល​ព្រះអាទិត្យ Opportunity មិនអាចមាន​ឱកាសសាក​ថាមពល​របស់វាបានឡើយ ហើយរហូតមក​ដល់ពេលនេះវាបាន​និងកំពុងបន្ត​ស្ថិតនៅក្នុងដំណាក់​កាលបែបសំងំខ្លួន ដែលគេ​ហៅថា Hibernation។

អនុប្រធានផ្នែកស្រាវជ្រាវ​នៃបេសកកម្ម Mars Exploration Rover លោក Ray Arvidson បានឲ្យដឹង​ដូច្នេះថា «អស់រយៈពេលជា​ច្រើន​សប្តាហ៍មក​ហើយ យើងមិន​បាន​ទទួល​​ដំណឹងពី Opportunity ឡើយ»។ បេសកកម្ម Mars Exploration Rover ពីដំបូងឡើយរួម​មាននូវ​​យាន Opportunity និងយានភ្លោះ​របស់វាមួយទៀត​ឈ្មោះ Spirit។ យានទាំង​នេះ បានចុះទៅដល់កន្លែង​ខុសគ្នា​នៅភព Mars នៅចន្លោះ​ប៉ុន្មានសប្តាហ៍​ខុសគ្នា កាលពី​ខែមករា ឆ្នាំ២០០៤។

យានរុករក Opportunity បានបន្តធ្វើប្រតិបត្តិការ​រហូតមកទល់​ពេលនេះ ទោះបីជាយាន Spirit បានផុតអាយុកាលរបស់វា តាំងតែពីយូរ​​​ឆ្នាំទៅហើយ​ក្តី ប៉ុន្តែនា​ពេលនេះ ព្យុះធូលីយក្ស​នៅលើ​ភពអង្គារ បាននិងកំពុងបង្ក​បញ្ហា​លំបាក​​​​ដល់យានរុករក​ដែលមានទំហំ​ប៉ុនរថយន្ត ដែលគេជិះ​នៅលើទីវាល​វាយកូនហ្គោល​មួយនេះ។

បើតាម NASA យានរុករក Opportunity មិនបានបញ្ជូនរូបភាព​ត្រឡប់មក​ផែនដីវិញ តាំងតែពី​ថ្ងៃទី១០ ខែមិថុនាមក។ សម្រាប់​យាន Spirit គឺវាបាន​ឈប់ដំណើរ និងផ្ញុកទៅដោយធូលីដីភពអង្គារ កាលពី​ចុងឆ្នាំ២០០៩ ដោយការ​ទាក់ទំនងលើចុង​ក្រោយ​របស់វា​ជាមួយផែនដី គឺធ្វើឡើង​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១០។

លោក Arvidson បានឲ្យ​ដឹងថា ខណៈពេល​នេះ Opportunity ទំនងជាស្ថិត​នៅក្នុងដំណាក់កាល​មានថាមពលទាប ហើយនៅក្នុងដំណាក់​​កាលបែបនេះ គឺនៅពេល​វាភ្ញាក់ឡើងវិញរួចហើយឆែកមើល​ថាមពលរបស់វា នោះប្រសិនបើ​កម្រិតថាមពល​នៅតែមានកម្រិតខ្សោយ​​ពេក​ដដែល វានឹងត្រឡប់​ទៅ​សំងំខ្លួនវិញ។ លោក Arvidson ក៏បានបង្ហាញ​ជំនឿជឿជាក់​ផងដែរថា យាន Opportunity ដែលមានតម្លៃ ៤០០លានដុល្លារនេះ នឹងឆ្លងផុត​បញ្ហាលំបាក​មួយនេះ៕

ចែករំលែក