តើលោកអ្នកគាំទ្រ «ច្បាប់​ការពារការ​បំពុល​ភព-ព្រះច័ន្ទ​នានា» ដែរ ឬទេ? NASA កំពុងតែ​គិតគូរ​រឿងនេះ…

0

 

(អាមេរិក)៖ របាយការណ៍ថ្មីមួយ​បានផ្តល់ជាអនុសាសន៍ថា ទីភ្នាក់ងារ​អវកាស NASA គួរឲ្យធ្វើបច្ចុប្បន្នភាព​ទៅលើគោលបាយ​របស់ខ្លួន ស្តីពី​ការការពារ​ភព និងព្រះច័ន្ទនានា នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​ពីការបំពុល​ផ្សេងៗ នាអំឡុងការ​បំពេញបេសកកម្ម​រុករក​ក្នុងទីអវកាស។ នេះបើ​តាម​ការដកស្រង់ការផ្សាយ​ចេញពី វែបសាយ Space.com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

បើតាមរបាយការណ៍​ដដែលខាងលើ នីតិវិធីសព្វថ្ងៃនេះសម្រាប់ការ​អភិវឌ្ឍគោលការណ៍​ការពារ ការបំពុល​ភព ឬព្រះច័ន្ទ គឺពុំទាន់គ្រប់គ្រាន់​ឡើយ។ របាយការណ៍​ចំនួន ១៧០ទំព័រ ដែលចេញផ្សាយ​ដោយ បណ្ឌិត​សភាវិទ្យាសាស្រ្ត​របស់សហរដ្ឋអាមេរិក បានអំពាវនាវ​ដល់​អង្គការ NASA ឲ្យបង្កើតផែនការ​យុទ្ធសាស្រ្ត​មួយ សម្រាប់ការការពារ​ការបំពុលភព និងវាយតម្លៃ​ទៅលើភាពពេញ​លេញ នៃគោល​នយោបាយ​នានា ព្រម​ទាំងចាប់ផ្តើម​ដាក់ចេញនូវដំណើរ​ការមួយ ដើម្បីកំណត់​ជាផ្លូវការទៅលើតម្រូវការ​ផ្សេងៗ ដែលពុំ​ទាន់មាន។

ទាក់ទិននឹង​បញ្ហានេះ អ្វីដែលបានលើក​ឡើង​ជាពិសេស នៅក្នុង​របាយការណ៍​ខាងលើ គឺបេសកកម្ម​នាំយកគំរូតាង​ពីភពអង្គារ (Mars) ព្រម​ទាំងយុទ្ធនាការ​រុករកនៅលើ​ព្រះច័ន្ទ​ទឹកកក​របស់​ភពព្រហស្បតិ៍ (Jupiter) និង​ភពសៅរ៍ (Saturn)។ គម្រោង​ទាំងនេះ​មួយចំនួន គឺកំពុង​ទៅមុខ​ជា​បណ្តើរៗ​ហើយ រួមមានដូច​ជាបេសកកម្ម​របស់ NASA ដែលគ្រោង​បញ្ជូនយានរុករក​មួយគ្រឿង​នៅ​ឆ្នាំ២០២០ ដើម្បីទៅ​ប្រមូលយក​គំរូតាង​ សម្រាប់ការវិល​ត្រឡប់មកផែនដីវិញ​ នាពេលអនាគត។

ក្រៅពីនេះ NASA ក៏គ្រោងនឹងចេញ​បេសកកម្ម បញ្ជូនយានប្រភេទជាផ្កាយរណប​ទៅ​កាន់​ព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ ដែលមានភាគរយអាច​ទ្រទ្រង់ជីវិតបានខ្ពស់ នៅអំឡុងឆ្នាំ២០២០ ឬយូរជាងនេះផងដែរ។ ម៉្យាងវិញ​ទៀត NASA កំពុងអភិវឌ្ឍន៍​យានសម្រាប់ចុះចត​នៅលើ Europa ផ្ទាល់ ដែលហ៊ុមទ័ព្ធដោយ​ផ្ទៃសមុទ្រ ទឹកកកកម្រាស់អតិបរមា ១០​គីឡូម៉ែត្រ ថែមទៀតផង។

ការគ្រោងបញ្ជូនមនុស្សនៅ​កាន់ Mars ក៏ជាបញ្ហាសំខាន់មួយ​ទៀតផងដែរ។ ទោះបីជា NASA បានដាក់គោលដៅ​បញ្ជូន​​អវកាសយានិក ឡើង​ទៅកាន់​ភពក្រហមនេះ ឲ្យបានមុនឆ្នាំ២០៤០ ក៏ដោយ ទីភ្នាក់ងារអវកាសនេះ​ពុំមានគោលការណ៍​ការពារការបំពុល​ភព ឬព្រះច័ន្ទ​ច្បាស់​​លាស់ណាមួយ​នៅឡើយទេ ពាក់ព័ន្ធនឹង​រឿងនេះ។ ជាមួយគ្នានេះ នីតិវិធីបច្ចុប្បន្ន​របស់រដ្ឋាភិបាល​អាមេរិក ក្នុងដឹកនាំចាត់ចែងទៅ​លើគំរូ​តាង​​​ដែលគ្រោង​នឹងនាំយកមកពីភពអង្គារ​ និងកន្លែង​ផ្សេងៗ​ទៀតនោះ គឺវាហួស​សម័យទៅ​ហើយ ពោលគឺតាំងពី​ជំនាន់​បេសកកម្ម Apollo មក​ម្ល៉េះ​។

បញ្ហាមួយផ្សេង​ទៀតគឺ សព្វថ្ងៃពុំមានទីភ្នាក់ងារ​ត្រួតពិនិត្យណាមួយ នៅក្នុងជួរ​រដ្ឋាភិបាល​អាមេរិក ដែលមានតួនាទី និងអំណាច ដើម្បី​គ្រប់​គ្រងទៅលើការ​រុករក​ទីអវកាស ដែលធ្វើឡើង​ដោយស្ថាប័ន​ មិនមែនរដ្ឋាភិបាលនោះ​ឡើយ។​​ របាយការណ៍​ខាងលើ បានលើកជា​យោបល់ថា​ ច្បាប់គួរតែ​ត្រូវបានតាក់តែងឡើង​ និងអនុម័ត ដើម្បីផ្តល់អំណាច​ឲ្យទីភ្នាក់ងារសហព័ន្ធ​ ដែលសាកសមណាមួយ អាចធ្វើការត្រួត​ពិនិត្យ និងចាត់​ចែងលើការ​ចេញសិទ្ធិដល់សកម្មភាព​នានា របស់ស្ថាប័នឯកជន​ផ្នែកវិស័យ​អវកាស។

 

ពាក់ព័ន្ធនឹង​ក្តីព្រួយបារម្ភនេះ ការបាញ់បង្ហោះជាលើកដំបូង​ នៃគ្រាប់រ៉ុក្កែត Falcon 9 Heavy កាលពី​ខែកុម្ភៈកន្លងទៅ ត្រូវ​បាន​លើក​​ឡើង​ជា​​ឧទាហរណ៍ ដោយកាលនោះ​រថយន្តម៉ាក Tesla មួយគ្រឿង​ត្រូវបាន​បញ្ជូនឲ្យបណ្តែតចោល​ ឆ្ពោះទៅកាន់គន្លង​របស់ភពអង្គារ ដោយតាម​​អ្នកចងក្រង​របាយការណ៍ខាងលើ គឺពុំមានការប្រឹក្សា​ទាក់ទិននឹងបញ្ហា​ នៃការការពារការបំពុលភព ត្រូវបានធ្វើឡើង​នោះ​ឡើយ៕

ចែករំលែក