តើនៅក្នុងខ្លួនភពឧស្ម័នយក្ស​មួយនេះ មានផ្ទុកអាថ៌កំបាំងធំៗអ្វីខ្លះ?

0

 

(បរទេស)៖ នរណាក៏ដឹងដែរថា ភពព្រហស្បតិ៍ជាភព​ធំជាងគេបង្អស់នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដែលអាចផ្ទុកវត្ថុប៉ុន​ភពផែនដីប្រមាណជាង ១,៣០០ (ពិតជាធំធេងណាស់) ហើយគ្រាន់តែ​មុខកាត់របស់វា គឺអាចតម្រៀបផែនដីបានចំនួន ១១ ត្រង់ជាជួរ។ ភពនេះ​មិនធម្មតាទេ ដោយវាមានលាក់​អាថ៌កំបាំងជាច្រើន នៅក្នុងខ្លួនរបស់វា ហើយមានយាន​តែ ១គត់ ដែលអាចស៊ូទ្រាំ​រស់នៅ និងគោចរជុំវិញវាបាន នោះគឺ Juno ដែលបាន​ទៅដល់ទីនោះ កាលពីពាក់​កណ្តាល​ឆ្នាំ២០១៦។

តាមរយៈរូបភាព និងវីដេអូ យើងអាចមើលឃើញ​ត្រឹម​តែផ្ទៃស្រទាប់លើ នៃបណ្តុំពពក​ឧស្ម័នដ៏កញ្ជ្រោល​របស់ភពយក្សស្ថិតនៅលេខរៀងទី ៥ បន្ទាប់ពីព្រះអាទិត្យ​នេះប៉ុណ្ណោះ ដោយមានការផ្សំឡើង​ភាគច្រើនបំផុតដោយ អេល្យូម និងអ៊ីស្រូសែន ព្រមទាំង​សារធាតុ​បន្ទាប់បន្សំមួយ​ចំនួន​ទៀតដូចជា មេតាន អាម៉ូញាក់ អ៊ីដ្រូសែនស៊ុលភីដ និងទឹក ឬទឹកកកផងដែរ។

បន្ថែមពី​នេះទៀត មូលហេតុដែលនាំឲ្យ​ភពព្រហស្បតិ៍ មានស្រទាប់ពពក និងឧស្ម័ន​ពោពេញដោយ​ពណ៌ចំរុះលើសពី​គេនោះ ក៏ព្រោះតែការធ្វើប្រតិកម្ម​រវាងសារធាតុ​គីមី​ជាច្រើនជាមួយ​នឹងពន្លឺព្រះអាទិត្យ។ បើគិតពីពណ៌​របស់ភពព្រហស្បតិ៍វិញនោះ គឺមានចំរុះគ្នា​ដូចជា ស ក្រហម ទឹកក្រូច ត្នោត និងលឿង ដែលពណ៌ខ្លះ​មិនដិត​ខ្លាំង​នោះឡើយ ដោយត្រឹមតែ​បង្ហាញស្រាលៗ​ប៉ុណ្ណោះ។

ផ្ទៃខាងលើដែល​ឲ្យយើងឃើញ និងសម្គាល់ដឹងថា នេះជាភពព្រហស្បតិ៍ គឺមានសភាព​កញ្ជ្រោលខ្លាំង​បែបនេះទៅហើយ ចុះតើនៅក្នុងខ្លួនភព​ព្រហស្បតិ៍មាន​អ្វីខ្លះទៅ? យើង​ចាប់​ផ្តើមពីស្នូល​របស់ភពព្រហស្បតិ៍វិញ ប៉ុន្តែសូមបញ្ជាក់ថា សូម្បីតែអ្នក​វិទ្យាសាស្ត្រ​ដែលខំ​ស្រាវជ្រាវ​រាប់ទសវត្សរ៍​មកនេះ ក៏មិនទាន់ច្បាស់​នោះដែរថា តើស្នូលរបស់​យក្សឧស្ម័ន​​មួយនេះ ត្រូវបានផ្សំ​ឡើងពីអ្វីខ្លះ ប៉ុន្តែគេអាច​សន្និដ្ឋានបាន​ត្រួសៗថា វាអាចត្រូវបាន​ផ្សំឡើងដោយ​សារធាតុរឹង និងមានកំហាប់​ខ្លាំងអស្ចារ្យ។

បន្ទាប់ពីស្នូលរបស់វា ដែលអាចមានទំហំប៉ុនភពផែនដី​គុណនឹង ១០ ឬក៏ ២០ នោះ ស្រទាប់ដែលស្រោប​ជុំវិញស្នូលនោះ (ស្រទាប់ក្នុង) គឺជាសារធាតុ​អ៊ីដ្រូសែន និងអេល្យ៉ូមរាវ។​ បន្ទាប់ពី​ស្រទាប់ក្នុងនោះ គឺជាស្រទាប់ក្រៅរបស់​ភពព្រហស្បតិ៍ ដែលសុទ្ធសឹង​ជា​បណ្តុំ នៃម៉ូលេគុលអ៊ីដ្រូសែន​ភាគច្រើន រួមទាំងកម្ទេចទឹកកក​តិចៗ។

ដូច្នេះលោកអ្នក​បានដឹងហើយ​អំពីសារធាតុផ្សំ នៃភពព្រហស្បតិ៍​ដ៏ធំអស្ចារ្យ ប៉ុន្តែសម្រាប់​ព័ត៌មានទាំងអស់​អំពីភពព្រហស្បតិ៍ មានមួយចំនួន​គឺស្ថិតនៅក្នុងការសន្និដ្ឋាន​ប៉ុណ្ណោះ ហើយយាន​អវកាស Juno កំពុងតែព្យាយាម​ប្រមូលយកទិន្នន័យ​បន្ថែមជាច្រើន ដើម្បីឲ្យ​អ្នកវិទ្យាសាស្ត្រធ្វើ​ការសិក្សា និងចងក្រងជាឯកសារនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ​ទៀត។ ហេតុផល​តែមួយ​គត់ នោះគឺភពព្រហស្បតិ៍​ជាភពដែលខ្លាំង​អស្ចារ្យ ដែលគ្មានយាន​អវកាស​ក្រៅពី Juno អាចទៅជិតភពនេះ ដើម្បីធ្វើការសិក្សា​ស្រាវជ្រាវ​នោះឡើយ៕

ចែករំលែក