ពេលនេះក្រុមតារាវិទូ «កំពុងថ្លឹងទម្ងន់កាឡាក់ស៊ី Milky Way សាជាថ្មី», ចង់ដឹងទេថា ទម្ងន់ប៉ុន្មាន Kg?

0

 

(អាមេរិក)៖ ក្រុមតារាវិទូ​ឥឡូវនេះ​មានលទ្ធភាពប្រសើរ​ជាងមុនឆ្ងាយ ក្នុងការថ្លឹងទម្ងន់​របស់​កាឡាក់ស៊ី Milky Way របស់យើង។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

បើតាមរបាយការណ៍​របស់ការសិក្សាថ្មីមួយបានឲ្យដឹងថា ម៉ាស់របស់ Milky Way គឺស្មើនឹង ៩៦០ពាន់លាន​សូឡាម៉ាស់ (ស្មើនឹងវត្ថុប៉ុនព្រះអាទិត្យយើង X ៩៦០ពាន់លាន) ខណៈទម្ងន់​ប៉ាន់​ប្រមាណពីមុនៗ​គឺរហូតដល់អតិបរមា ២ពាន់ពាន់លាន​សូឡាម៉ាស់ (ព្រះអាទិត្យយើងមានទម្ងន់ = 1.989 × 10^30 kg)។ សូឡាម៉ាស់ គឺជាខ្នាត​ដែលគេ​ប្រើម៉ាស់របស់ព្រះអាទិត្យយើង ធ្វើ​​ជាខ្នាតរង្វាស់​​ទម្ងន់។ ក្រុមតារាវិទូបាន​ឲ្យដឹងថា​ កាឡាក់ស៊ី Milky Way មានផ្ទុកផ្កាយ​ចន្លោះ​ពី ១០០ ទៅ ២០០ពាន់លានដួង។

គួរជម្រាបថា លទ្ធផលរបស់ក្រុមអ្នកវិទ្យសាស្រ្ត ខាងលើបានជួយពង្រឹងបន្ថែម ដល់គំនិតដែលថា កាឡាក់ស៊ី Andromeda ដែលនៅ​​ក្បែរយើង ឬហៅថា M31 នោះ​មានទម្ងន់ធ្ងន់​ជាង Milky Way។ ការស្វែងយល់​អំពីកាឡាក់ស៊ី Andromeda គឺជារឿងដ៏​សំខាន់មួយ ដោយសារតែកាឡាក់ស៊ី​ទាំងពីរនេះ នឹងត្រូវប៉ះទង្គិចគ្នា​នៅក្នុងរយៈពេល ៤.៥ពាន់លានឆ្នាំខាងមុខ។ បច្ចុប្បន្ន Andromeda កំពុងរកិល​មកកៀកផែនដី ឬកាឡាក់ស៊ីយើង ​ក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយវិនាទី។

បើតាមការវិភាគ​​របស់ក្រុម​តារាវិទូ ទោះបីជាកាឡាក់ស៊ី​ទាំងពីរនឹង​ប៉ះទង្គិចគ្នាក៏ដោយ ក៏ការប៉ះ​ទង្គិចនោះ ទំនងជានឹងមិន​បង្កការប៉ះពាល់​អ្វីនោះដែរ ព្រោះថា​ប្រព័ន្ធផ្កាយ​នៅក្នុងកាឡាក់ស៊ី​ទាំងពីរនេះ សុទ្ធតែមាន​ដែនម៉ាញេទិច និងគន្លងត្រឹមត្រូវ​រៀងៗខ្លួន ប៉ុន្តែបើការត្របាញ់បញ្ចូគ្នា នៃកាឡាក់ស៊ីទាំងពីរ​ស្ថិត​នៅក្នុងល្បឿន​លឿន និងប្រកបដោយ​កម្លាំងរុញច្រាន​ខ្លាំងនោះ តារា​តូចៗ​​មួយចំនួន នឹងត្រូវតារាធំៗ​​ច្រានចេញពី​គន្លង ឬអាច​បង្កការប៉ះទង្គិច​ក៏ថាបាន។

គួរបញ្ជាក់ថា ខាងលើនេះគ្រាន់ជាការវិភាគត្រួសៗប៉ុណ្ណោះ ព្រោះទិដ្ឋភាពបែបនេះ គឺមិនទាន់មាន​ឧទាហរណ៍ជាក់ស្តែង សម្រាប់ធ្វើការសិក្សាដូចជាបន្ទុះសូពើណូវ៉ា ឬក៏ការ​បង្កើតភពថ្មី​​នោះឡើយ ហើយវាក៏ស្ថិត​នៅក្នុងពេលវែង​ឆ្ងាយបំផុតដែរ ដែលអាចថា ជីវិតមនុស្សលើផែនដី មិនអាច​​បន្តដល់ពេលនោះ​បាន​ឡើយ៕

ចែករំលែក