តោះៗ! មកស្គាល់​ទីតាំង និងពេលវេលា​ដែលអាច​ទស្សនា «ពន្លឺកាំរស្មី​ប្រាំពីរពណ៌» នៅប៉ូល​ផែនដី…

0

 

(បរទេស)៖ ពន្លឺកម្មរស្មី​ប្រាំពីរពណ៌នេះ Cambo Space ធ្លាប់ធ្វើការបកស្រាយ​ជាខ្សែ​វីដេអូមួយកន្លង​មកហើយ អំពីដំណើរនៃ​ការកកើតវាឡើងនៅប៉ូលខាងជើង និងប៉ូលខាងត្បូង​ភពផែនដី ប៉ុន្តែសម្រាប់ពេល​វេលា និងទីតាំងជាក់លាក់ ដែលមនុស្ស​អាច​ទៅ​​ទស្សនាបាតុភូតធម្មជាតិ​ដ៏អស្ចារ្យនេះ គឺមិនទាន់ត្រូវ​បានឲ្យបញ្ជាក់ច្បាស់​នោះឡើយ។

ជាការពិតណាស់ពាក្យថា «បាតុភូតធម្មជាតិ» គឺជាអ្វីដែលមួយដែលមិនអាចកំណត់​ពេលវេលា ទំហំ និងកន្លែងពិតប្រាកដជាក់លាក់ ដែលវានឹងត្រូវកើតនោះឡើយ ប៉ុន្តែសម្រាប់រដូវកាល ឬតំបន់នោះ យើងអាចធ្វើការសន្និដ្ឋានបាន ដោយមិនប្រាកដថាខុសទាំងស្រុងនោះឡើយ ជាពិសេស​គឺកាំរស្មីប្រាំពីរពណ៌ «អូរ៉ូរ៉ា» (Aurora) នៅប៉ូលខាងជើង និងខាងត្បូង​នៃភព​ផែនដីនេះ។

ពេលវេលាដែល​ជាក់លាក់ សម្រាប់ការកើត​ឡើងនៃពន្លឺអូរ៉ូរ៉ានេះ គឺនៅក្រោយរយៈពេល​​មានការផ្តល់​ដំណឹងថា ព្យុះព្រះអាទិត្យ ឬកំសួលចេញពីផ្ទៃស្រទាប់លើ​របស់ព្រះអាទិត្យ​ត្រូវបានជះចេញ ហើយប៉ុន្មាននាទីក្រោយមក វានឹងធ្វើដំណើរមកដល់បរិយាកាស​ផែនដី និងបង្កជាពន្លឺអូរ៉ូរ៉ា នៅប៉ូលខាងជើង និងប៉ូលខាងត្បូង (ក្នុងអំឡុងពេលជាង ៨នាទី)។ ទោះបីជាយើង​ហៅថា ជាពន្លឺប្រាំពីរពណ៌​មែន ប៉ុន្តែបើពិនិត្យ​ភាពជាក់ស្តែង ពណ៌​ដែលលេចចេញ​ស្តែងៗ គឺពណ៌បៃតង ស្វាយ ខៀវ និងពណ៌​ផ្កាឈូក​ស្រាល។

រយៈពេលនៃការកើតឡើងរបស់ពន្លឺអូរ៉ូរ៉ា គឺនៅត្រូវបានក្រុមអ្នកអង្កេតអះអាងថា នៅចន្លោះពីដើមខែមេសា ដល់ចុងខែសីហា រៀងរាល់ឆ្នាំ ដោយស្ថិត​នៅតំបន់​ប៉ូលខាងជើង នៃភពផែនដី។ ម៉ោងដែលអាចទស្សនាបានសម្រាប់ Aurora នោះគឺម៉ោងជាង ៤៖០០នាទីរសៀល និងម៉ោងជាង ៦៖២០នាទីព្រឹក ម៉ោងនៅតំបន់ជុំវិញប៉ូលខាងជើងផែនដី។

គួរជម្រាបថា តំបន់ដែលអាចមើលឃើញពន្លឺនេះ នៅប៉ូលខាងជើងផែនដីនោះ គឺស្ថិតនៅភាគខាងជើងរដ្ឋអាឡាស្កា, ភាគខាងជើងប្រទេសកាណាដា, តំបន់ Svalbard នៃប្រទេសណ័រវេយ៍, តំបន់ ​Kakslauttanen ប្រទេសហ្វាំងឡង់, តំបន់ Jukkasjärvi ប្រទេសស៊ុយអែត, តំបន់ Reykjavik នៃកោះអាយឡែន, ប្រទេសស្កុតឡេន នៃចក្រភពអង់គ្លេស និងផ្នែកភាគខាងជើងនៃប្រទេសរុស្ស៊ី ដែលជាប់មហាសមុទ្រទឹកកកអាក់ទិក។

ដោយឡែកសម្រាប់ប៉ូលខាងត្បូង​ភពផែនដីវិញ គឺពន្លឺ អូរ៉ូរ៉ា អាចបង្ហាញខ្លួន​បានច្បាស់​បំផុត​នៅកោះ South Georgia Island, កោះ Stewart នៃប្រទេសនូវែលសេឡង់, តំបន់ Ushuaia នៃប្រទេសអាហ្សង់ទីន និងទ្វីប​អង់តាក់ទិកតែម្តង។ សម្រាប់​ពេលវេលា​នៃការកកើតវាវិញ គឺមិនខុសពីតំបន់​ប៉ូលខាងជើង​នោះឡើយ ៕ ប្រភព៖ Wikipedia

 

ចែករំលែក