ពេលនេះអង្គការ NASA ចង់ធ្វើតេស្តដោយយក James Webb ឆ្លុះភពយក្សមួយចំនួន មុននឹងបាញ់ឡើងទីអវកាស…

0

 

(អាមេរិក)៖​ អង្គការ NASA បានឲ្យដឹងថា ខ្លួនមានបំណង​ចង់ធ្វើតេស្ត កែវយឺត​អវកាស​ជំនាន់ចុងក្រោយបំផុត James Webb ទៅលើ​ភព​នៅក្រៅប្រព័ន្ធព្រះអាទិត្យ​​​ ដែលជាប្រភេទ​ឧស្ម័នយក្ស​ដូចទៅនឹង Jupiter (ភពព្រហស្បតិ៍) និង Saturn (ភពសៅរ៍) សិន នៅពេលដែល​វាត្រូវបាន​បង្ហោះ​ មុន​ឈាន​ដល់ការតាមប្រមាញ់​រុករកភពអេលៀន ដែលមានលទ្ធភាព​អាចទ្រទ្រង់​ជីវិតបាន។ នេះបើតាមការដកស្រង់​​ការផ្សាយ​ចេញពី​វែបសាយ BGR នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។ឪ

នៅពេលទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាញ់បញ្ជូន​កែវយឺត James Webb ដ៏មានអានុភាព​របស់ខ្លួនឡើងទៅកាន់​ទីអវកាស វានឹង​​ក្លាយជា​ទីចាប់ផ្តើមមួយ នៃកិច្ចខិតខំ​ប្រឹងប្រែងមួយ ដែលបានចំណាយ​ពេលវេលា​យ៉ាងយូរ និងបានឆ្លងកាត់​ឧបសគ្គជាច្រើន ប៉ុន្តែវាក៏ជាការចាប់​ផ្តើម​ នៃឱកាសថ្មីមួយផ្សេង​ទៀតផងដែរសម្រាប់​ក្រុមតារាវិទូ។ តួនាទី​ចម្បងរបស់ James Webb គឺតាមស្វែងរក​ភពអេលៀន និង​​សិក្សាឲ្យ​បានច្រើនអំពី​ពួកវា ហើយជាពិសេសនោះ​គឺតាមប្រមាញ់​រុករកភព ដែលអំណោយ​ផល និងសាកសមសម្រាប់ឲ្យមនុស្ស​ តាំងទីលំនៅជំនួស​​ផែនដី​បាន។

យ៉ាងណាមិញ ដូចអ្វីដែល NASA បានបញ្ជាក់ហើយថា ការរៀនប្រើប្រាស់​សក្តានុពលរបស់​កែវយឺតអវកាសនេះឲ្យបានត្រឹមត្រូវ ពុំ​មែន​ជា​កិច្ច​ការងាយៗ ដែលហាត់តែ​មួយយប់ចេះ​ស្ទាត់នោះឡើយ ហើយវាត្រូវការ​ការហ្វឹកហាត់​ និងធ្វើតេស្តឲ្យ​បានគ្រប់គ្រាន់ នៅមុន​ពេល​វា​អាច​​​​បង្ហាញអានុភាព​ពេញលេញ​របស់វាបាន។

ដូច្នេះហើយ ដើម្បីជួយអ្នកវិទ្យាសាស្រ្ត​ទទួលបានបទពិសោធន៍ច្បាស់ថា តើឧបករណ៍ដ៏​មាន​ឥទ្ធិពលនេះ​ធ្វើការដោយរបៀបណា​នោះ ពួកគេនឹងប្រើប្រាស់វា​ទៅសង្កេតមើល​គោលដៅធំៗ​ជាមុនសិន ដូចជា​ភពឧស្ម័ន​​​​យក្សធំៗ ដែលនៅក្រៅ​ប្រព័ន្ធអាទិត្យ (ស្ថិតនៅប្រព័ន្ធផ្កាយនៅជិតៗយើងជាដើម ដែលមានចម្ងាយរាប់ឆ្នាំពន្លឺឡើងទៅ)។

គួរជម្រាបថា អ្វីដែលសំខាន់​នាខណៈនេះ​នោះ ជាដំបូងគឺ NASA ត្រូវតែ​បាញ់បង្ហោះ James Webb ឡើងទៅកាន់​ទីអវកាស​ឲ្យ​បាន​សិន ពីព្រោះថា​គម្រោងដែលចាយលុយ​យ៉ាងច្រើនសន្ធឹប​សន្ធាប់នេះ បានជួបប្រទះ​ឧបសគ្គជាច្រើន​នាពេលកន្លងទៅ ហើយ​ថ្មី​ៗ​នេះ ទើបតែត្រូវបាន​ពន្យាពេលបាញ់បង្ហោះ​ជាថ្មីម្តងទៀត​ ទៅដល់ឆ្នាំ២០២១៕

ចែករំលែក