ក្រុម​តារាវិទូរក​ឃើញ «ប្រហោងខ្មៅភ្លោះក្នុងកញ្ចុំផ្កាយ Messier 22» ដែលនាំ​ឲ្យមាន​ការងឿង​ឆ្ងល់ខ្លាំង…

0

 

(អាមេរិក)៖ ក្រុមអវកាសយានិកជនជាតិ​អាមេរិកនិយាយថា ប្រហោងខ្មៅចំនួន ២ ដែលត្រូវបាន​រកឃើញនៅ​ក្នុងចង្កោមផ្កាយចំណាស់មួយ នៅក្នុងកាឡាក់ស៊ីយើង ប្រហែលជាត្រូវការ​ការពិនិត្យ និង​ពិចារណាឡើងវិញ​ក្នុងការស្វែងរកចំណេះដឹង​របស់យើង​ ទៅលើចង្កោម​ផ្កាយនេះកាលពីមុន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានអាមេរិក ដែលត្រូវបានដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអវកាសយានិក​បានសិក្សាអំពី​ចង្កោមផ្កាយរាងមូល​ ដែលត្រូវបាន​គេហៅថា Messier 22 ហើយមានចម្ងាយច្រើន​ជាង ១០,០០០ឆ្នាំពន្លឺពីភពផែនដី ដែលក្រុមអវកាសយានិក​សង្ឃឹមថា នឹងអាចរកឃើញភស្តុតាង​របស់ប្រហោងខ្មៅ ដែលមានទំរង់​ដ៏កម្រមួយ​នៅចំកណ្តាលរបស់​ចង្កោម​ផ្កាយនោះ។ ជាមួយគ្នានេះដែរ វាត្រូវបាន​ក្រុមអ្នកវិទ្យាសាស្រ្ត​ហៅថា «ប្រហោងខ្មៅដែល​មានម៉ាស់ថ្នាក់កណ្តាល ហើយ វាមានទំហំធំ​ជាងម៉ាស់របស់​ព្រះអាទិត្យ​ពី ២ដង ទៅ ៣ដងប៉ុណ្ណោះ ក៏ប៉ុន្តែ​តូចជាងប្រហោងខ្មៅដ៏ធំ​មហិមា​ ដែលស្ថិតនៅក្នុងស្នូលនៃកាឡាក់ស៊ីយើងឆ្ងាយណាស់។

លោក Laura Chomiuk មកពី​មហាវិទ្យាល័យ​នៃរដ្ឋ Michigan សហរដ្ឋអាមេរិក និង ជាមន្ទីរពិសោធន៍រលកវិទ្យុអវកាសជាតិបាន​និយាយថា «ពួកយើងមិនបាន​រកឃើញនូវអ្វី​ ដែលយើងកំពុង​តែស្វែងរក​នោះទេ ផ្ទុយទៅវិញពួក​យើងបែរជា​បានរកឃើញអ្វី​​ ដែលគួរឲ្យភ្ញាក់ផ្អើល​ខ្លាំង​បំផុត នោះគឺ​ប្រហោងខ្មៅ​តូច ២។ មូលហេតុដែលពួកយើង​ភ្ញាក់ផ្អើល នោះគឺទ្រឹស្តី​ភាគច្រើន​បាន​និយាយថា នៅក្នុង​ចង្កោមផ្កាយ Messier 22 ​អាចមានប្រហោងខ្មៅ​តែមួយ​ប៉ុណ្ណោះ»។

មួយវិញទៀត ទ្រឹស្តីកន្លងមក​បាននិយាយថា ប្រហោងខ្មៅដែលមាន​ចំនួនលើសពីមួយ មិនគួរកើតមាន​នៅក្នុងចង្កោមផ្កាយ​រាងមូល ដែលមាន​អាយុកាល ១២ពាន់លានឆ្នាំនោះឡើយ។ ទោះបីជាបែបនេះក្តី ក្រុមតារាវិទូ និងអវកាសយានិក កំពុងព្យាយាមសិក្សាបន្ថែម ដើម្បីបានដឹងពីគម្លាតនៃប្រហោងខ្មៅទាំងពីរ និងឥទ្ធិពល​របស់វានៅក្នុងកញ្ចុំផ្កាយ Messier 22៕

ចែករំលែក