Oops! ភ្ញាក់ផ្អើល! ភាគល្អិតជះចេញពី​ប្រហោងខ្មៅ​យក្ស នៃ​កាឡាក់ស៊ី​ផ្សេង មកធ្លាក់នៅប៉ូលខាងត្បូង​ផែនដី​…

0

 

(អង់តាក់ទិក)៖ វាគឺជាលើកដំបូង​បំផុតមិនធ្លាប់​មានឡើយ ដែលក្រុមតារាវិទូ បានធ្វើការស្រាវជ្រាវ​រកឃើញប្រភព​ នៃភាគល្អិតម៉្យាង​​ហៅ​ថា Neutrino ដែលមក​ពីប្រហោងខ្មៅ។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។

ក្រោយការតាម​ដានរកប្រភពរបស់វា ភាគល្អិតខាងលើ​ត្រូវអ្នកវិទ្យាសាស្រ្ត​អះអាងថា ត្រូវបានបាញ់ចេញ​ពី​ប្រហោងខ្មៅ​ដ៏មានឥទ្ធិ​ពល​មួយ ដែលគេ​ហៅថា Blazar។ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ភាគល្អិត Neutrino បានធ្លាក់ចុះ​ពីលើផ្ទៃមេឃ​មកលើតំបន់​ប៉ូល​ខាង​ត្បូង នៅក្នុងល្បឿនជិតស្មើ​នឹង​ល្បឿនពន្លឺ ដែលប្រការនេះ​បានប្រព័ន្ធតាមដាន​មានឈ្មោះថា IceCube ចាប់សញ្ញា​បាន​ភ្លាមៗ។

តែប៉ុន្មានវិនាទី​ប៉ុណ្ណោះ IceCube បានបញ្ជូនដំណឹងនេះ​ដល់ក្រុមផ្កាយរណប រួមមានទាំង​កែវយឺតអវកាស Fermi ជាដើម ដែលបាន​​តាម​ដាន​ប្រភពរបស់ Neutrino នេះទៅលើ​ចំណុចដ៏ចម្លែក​មួយ​នៅលើផ្ទៃមេឃ ដោយវាគឺជាកាឡាក់ស៊ី​ដ៏សែនឆ្ងាយមួយ (៤ពាន់លាន​ឆ្នាំពន្លឺ) មានឈ្មោះ​ថា TXS 0506+056 ដែលស្ថិតនៅ​ខាងឆ្វេងដៃនៃ​កញ្ចុំផ្កាយ Orion។

គួរជម្រាបថា បើតាមតារាវិទូ​របកគំហើញខាងលើ អាចផ្តល់តំរុយ​ដ៏សំខាន់ ចំពោះរឿងអាថ៌​កំបាំងថា តើភាគល្អិតដ៏ច្រើនសន្ធឹក​សន្ធាប់​មកពីទីអវកាស ដែលគេ​ហៅថា Cosmic Ray នោះ​មានប្រភពមកពីណា។ អ្នកវិទ្យាសាស្រ្តបាន​ដាក់ការសង្ស័យ​ជាយូរណាស់​មកហើយ​ទៅលើ Quasar ដែលជាប្រហោងខ្មៅ​ធ្ងន់ៗនៅកណ្តាល​កាឡាក់ស៊ី ជាទីដែលរូបធាតុ និងថាមពលនានា ត្រូវបានច្របាច់​​បាញ់​ចេញទៅដូចជាកាំរស្មី​ដ៏មានថាមពលមួយ។

កាឡាក់ស៊ី TXS 0506+056 គឺជាប្រភេទ Quarsar ដែលគេអាចហៅថា Blazar ហើយ​ផែនដី​របស់​យើង គឺនៅ​ចំ​កាណុង​របស់វាតែម្តង ដូច្នេះប្រហោងខ្មៅធំមួយ ដែលស្ថិតនៅក្នុងកាឡាក់ស៊ីមួយនេះ ងាយនឹងជះភាគល្អិតរបស់វា​មកកាន់ផែនដី​របស់​យើងបាន ដូចដែល​ក្រុមអ្នកវិទ្យាសាស្ត្រ​រកឃើញដ៏គួរឲ្យ​ភ្ញាក់ផ្អើល​នេះ៕

ចែករំលែក