ស្វែងយល់​កម្លាំងម៉ាញេទិច​ទីពីររបស់​ផែនដី ដែលអ្នក​វិទ្យាសាស្ត្រ ESA ទើបរក​ឃើញ…

0

 

(អាមេរិក)៖ ដូចដែលយើងធ្លាប់បានដឹងហើយថា ផែនដីមានដែនម៉ាញេទិច​តែមួយ​ប៉ុណ្ណោះ ប៉ុន្តែនាពេលថ្មីៗ​នេះ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA ទំនងទើបតែ​បានរកឃើញស្រទាប់​ម៉ាញេទិចទី ២ នៅហ៊ុមព័ទ្ធជុំវិញ​ភព​របស់យើង។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​​​​វែប​សាយ Science Alert នៅព្រឹក​ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ផ្កាយរណប ០៣គ្រឿង ដែលកំពុងសិក្សា​ទៅលើដែនម៉ាញេទិច​នៃភពរបស់យើង បានបង្ហាញពីព័ត៌មាន​លម្អិតនៃស្រទាប់ម៉ាញេទិច​មួយ​​ផ្សេងទៀត ដែលបង្កើតឡើង​ចេញពីជំនោរ​នៃមហាសមុទ្រ។ ការប្រមូលទិន្នន័យ​រយៈពេល ០៤ឆ្នាំ ដោយ​បេសកកម្ម Swarm របស់​ ESA បានចូលរួមចំណែក​យ៉ាងធំធេង​ ទៅក្នុងការកំណត់ផែនទី​នៃដែនម៉ាញេទិច​ថ្មីនេះ ដែលអាចជួយអ្នក​វិទ្យាសាស្រ្តឲ្យបង្កើត​គំរូកាន់តែ​ល្អ​​ជាងមុន នៅជុំវិញបញ្ហា​កើនឡើងកំដៅ​ផែនដី។

គួរជម្រាបថា ដែនម៉ាញេទិច​ខាងលើ គឺមានទំហំតូច​ប៉ុណ្ណោះ និងខ្សោយជាងដែន​ម៉ាញេទិច ដែលការពារផែនដី​ដល់​ទៅ​ ២០,០០០ដង​ ប៉ុន្តែកម្លាំងម៉ាញេទិច គឺតែងតែមានប្រយោជន៍​សម្រាប់ការពារភពផែនដីរបស់យើង ពីវត្ថុអវកាសមួយមួយចំនួន ជាពិសេសគឺរលក​វិទ្យុសកម្មដ៏អាក្រក់ពីព្រះអាទិត្យ ដែលអាចគំរាមកំហែងអាយុជីវិតលើភពផែនដី។

សម្រាប់​របកគំហើញនេះ​ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររបស់ ESA អង្កេតដឹង​តាំងតែពីខែមេសា ឆ្នាំ២០១៨មកម្ល៉េះ ដោយរហូតមកទល់នឹង​ពេលនេះ ក្រុមអ្នក​វិទ្យាសាស្ត្រ​កំពុងតែព្យាយាមសិក្សាអំពីវានៅឡើយ ដើម្បីបានដឹងពីទំហំពិត​ប្រាកដ និងមូលហេតុដែលវា​ត្រូវបានបង្កើតឡើង និងថាតើវាជា​កម្លាំង​ម៉ាញេទិច ដែលមាន​និរន្តរភាព ឬទេ៕

ចែករំលែក