Oops! សណ្ឋាគារ​អវកាស​ ២០២២ «តម្លៃស្នាក់នៅមួយយប់ អាចទិញ​រថយន្ត​ប្រណិត​មួយ​គ្រឿង» ពិតជា…

0

 

(អាមេរិក)៖ ប្រសិនបើគម្រោង​ប្រកបដោយ​មហិច្ឆតា របស់ក្រុមហ៊ុន​ទើបតែបង្កើត​ឡើងមួយ លេចចេញជា​រូបរាងនោះ អ្នកដែល​តែងតែ​មានក្តី​ប្រាថ្នាចង់ធ្វើ​ដំណើរទេសចរណ៍​ ឡើងកាន់​ទីអវកាស នឹងមាន​ឱកាសស្នាក់នៅ​ក្នុង​សណ្ឋាគារដ៏​ប្រណិតមួយ ដែលគេគ្រោង​នឹងបង្កើតឡើង​នៅក្បែរគន្លង​នៃភព​របស់យើង ក្នុងរយៈពេល ០៣ ទៅ ០៤ឆ្នាំទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយ ចេញពីវែបសាយ Space.com នៅ​រសៀល​ថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។

ក្រុមហ៊ុនខាងលើ​មានឈ្មោះថា Orion Span ដែលមានគោលដៅ​សាងសង់ស្ថានីយ Aurora Station របស់ខ្លួន ទៅកាន់ទីអវកាស​នៅចុង​ឆ្នាំ​២០២១ និងចាប់ផ្តើម​ទទួលភ្ញៀវទេសចរ ដែលចង់កម្សាន្ត​នៅទីនោះឲ្យ​ស្នាក់នៅបាន ក្នុងឆ្នាំ២០២២។ គំនិតខាងលើ​ត្រូវបានបង្ហើប​ឲ្យដឹង​ជា​​លើកដំបូង​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) ដោយ CEO (នាយក​ប្រតិបត្តិ) របស់ Orion Span ផ្ទាល់។

ស្ថានីយ ឬសណ្ឋាគារ​អវកាស Aurora Station នឹងមានទំហំប៉ុន​បន្ទប់របស់​យន្តហោះឯកជន​ខ្នាតធំមួយ ពោលគឺបណ្តោយ​ប្រហែលប្រវែង​ ១៣.៣​ម៉ែត្រ​ និងទទឹង ៤.៣ម៉ែត្រ។ សណ្ឋាគារ​អវកាសឯកជន​នេះ នឹងធ្វើគោចរ​នៅរយៈកម្ពស់ ៣២០គីឡូម៉ែត្រ ពីលើ​ផ្ទៃផែនដី គឺទាប់ជាង​​បន្តិចបើធៀប​ជាមួយរយៈកម្ពស់​គោចរ របស់ស្ថានីយ​អវកាសអន្តរជាតិ (៤០០គីឡូម៉ែត្រ)។

ស្ថានីយ Aurora Station នឹងបើកទទួលឲ្យ​ភ្ញៀវស្នាក់​នៅបានចំនួន ០៤នាក់ និងក្រុមការងារ​សណ្ឋាគារពីរនាក់ ដែលអាចជា​អតីត​អាកាស​យានិក សម្រាប់​ជំហានដំបូង ហើយបើសណ្ឋាគារ​អវកាសនេះ នឹងកាន់តែធំ​ឡើងៗ ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅតាម​ការគ្រោងទុក ពីព្រោះថា​ ក្រុមហ៊ុន Orion Span នឹងបញ្ជូនបន្ទប់​បន្ថែមជាបន្ត​បន្ទាប់ទៀត ដើម្បីភ្ជាប់នឹងបន្ទប់​ស្នូលរបស់​ស្ថានីយ។

គួរជម្រាបថា សម្រាប់អ្នកដែលមាន​ចំណាប់អារម្មណ៍ចង់​បំពេញក្តីស្រមៃរបស់ខ្លួន ឡើងទៅធ្វើដំណើរកម្សាន្ត និងស្នាក់នៅ​ក្នុងទីអវកាស គឺ​អាចចាប់ផ្តើម​ធ្វើការកក់សណ្ឋាគារ Aurora បាន​ចាប់ថ្ងៃនេះតទៅ តាមរយៈការទាក់ទង​ទៅកាន់​ក្រុមហ៊ុន Orion Span ផ្ទាល់។ ដោយឡែក​ ការធ្វើដំណើរ​ទៅទីនោះ គឺត្រូវតែឆ្លងកាត់កម្មវិធីហ្វឹកហាត់​ពិសេសមួយ ​រយៈពេល ០៣ខែ។ យ៉ាងណាមិញ អ្វីដែលសំខាន់ និងជា​បញ្ហា​​នោះគឺថា សម្រាប់ការ​ស្នាក់រយៈពេល ១២ថ្ងៃ នៅក្នុងសណ្ឋាគារ Aurora Station នឹងត្រូវ​ចំណាយ​ ៩.៥លានដុល្លារ គឺប្រមាណ ៨០,០០០ដុល្លារ ក្នុង​​មួយថ្ងៃ។

គួរជម្រាបផងដែរថា កាលពីចន្លោះ​ឆ្នាំ២០០១ រហូតដល់​ឆ្នាំ២០០៩ ជនស៊ីវិលទូទៅ​ចំនួន ០៧នាក់ បានធ្វើដំណើរ​សរុប ០៨ជើង ឡើងទៅ​កាន់​ស្ថានីយអវកាស​អន្តរជាតិ ISS ដោយ​ចំណាយថវិកាអស់ប្រហែល​ពី ២០ ទៅ ៤០លានដុល្លារ ក្នុងមួយ​លើកៗ។ វាក៏ជាគោលដៅ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ផងដែរ សម្រាប់​វិស័យ​អវកាស៕ ​

ចែករំលែក