ភាពអស្ចារ្យ​បំផុតទាំង ០៥ នៃ​ភពផែន​ដី «ធ្វើឲ្យ​យើង​រំភើបនឹក​ស្មាន​មិន​ដល់» និង​មិនអាច​រកឯណា​ទៀត​បាន…

0

(អាមេរិក)៖ អាចថាមេរៀននេះ​សម្រាប់តែកុមារ​ប៉ុណ្ណោះ ប៉ុន្តែបើសិន​ជាមនុស្សគ្រប់​គ្នា​បានយល់ដឹង​យ៉ាង​ទូលំទូលាយ និងអាចចែក​រំលែកការ​ការពារបន្តិច​ម្នាក់ៗ នោះ​ផែនដី​របស់យើង ក៏មិនអាចឆាប់​ប្រឈមមុខនឹង​ការពារប្រែប្រួល​អាកាសធាតុធ្ងន់ធ្ងរ ដូចជាពេល​បច្ចុប្បន្នេះដែរ ហើយប្រការនេះ គឺត្រូវបន្ទោស​ទាំងស្រុងទៅលើ​​ទង្វើ​មនុស្ស ដែលគិតតែពីរឿងកេងយកប្រយោជន៍​ពីភពនេះ ទាំង​មិនខ្វល់ពី​មហន្តរាយនៅពេលក្រោយ។

ដូច្នេះមេរៀន​សម្រាប់ក្មេងៗ ដែលត្រូវបាន​ដកស្រង់ពី National Geographic Kids ខាងក្រោម​នេះ ក៏អាចថា​ជាមេរៀនសម្រាប់​មនុស្សធំ​ធ្វើការស្វែងយល់​ផងដែរ ហើយ​យើង​ត្រូវបណ្តុះគំនិត​មនុស្សជំនាន់ក្រោយ​ឲ្យចេះស្រឡាញ់ផ្ទះ និងថែរក្សាកន្លែង​ដែលបង្កើត​ពូជពង្ស​​របស់​យើងឡើងមក ដើម្បីឲ្យអនាគតមនុស្សជំនាន់ក្រោយ នៅមានកន្លែង​ល្អប្រសើរ​ក្នុងការ​រស់​​នៅតជំនាន់​ទៀត។ ស្វែងយល់​រឿងរ៉ាវសំខាន់ទាំង ០៥ ដែល​នាំឲ្យអ្នក​ស្រឡាញ់ភព​​ផែនដីមួយនេះ​កាន់តែខ្លាំង៖

១៖ ​ផែនដីគឺជាទីកន្លែង​ដ៏ធំមួយប្រជុំទៅដោយ​ទម្រង់ នៃជីវិតយ៉ាងសម្បូរបែបបើតាមយើង​ដឹងមក​ទល់ពេលនេះ ផែនដីគឺជាភពតែមួយគត់​នៅក្នុងកាឡាក់ស៊ី ដែលអាចទ្រទ្រង់​ជីវិតបាន។ អ្នកវិទ្យាសាស្រ្ត​បានធ្វើការប៉ាន់​​ប្រមាណថា ផែនដី គឺជាជម្រក​របស់ពូជរុក្ខជាតិ​ប្រមាណ ៣០០,០០០ប្រភេទ, ជាង ៦០០,០០០ប្រភេទ​នៃជំពូកផ្សិត, និង​ប្រហែល​ជាង ១៩លាន​​នៃ​​​​​ប្រភេទ​សត្វ។

២៖ ផែនដីមានកម្លាំង​ពិសេសមួយ នោះគឺខែល​ការពារភពដែលពុំអាចមើលឃើញ (ដែនម៉ាញេទិច)។ ផែនដី​​ត្រូវបានគ្របដណ្តប់ដោយ​បណ្តុំឧស្ម័ន ដែលគេហៅថា ស្រទាប់ប្លាស្មា (Plasmasphere)។ ​ស្រទាប់នេះអាច​ធ្វើប្រតិកម្មជាមួយ​ខ្សែ​​ភាគល្អិតនានា ដែលនៅជុំវិញ​ភពរបស់យើង ដើម្បីបង្កើតចេញ​ជាខែលបំបាំង​កាយមួយ ដែលការពារភព​យើងពីអេឡិចត្រុង ដែលធ្វើ​ដំណើរ​​យ៉ាងលឿននៅក្នុង​ទីអវកាស និងអាចបង្កគ្រោះ​ថ្នាក់ដល់ផែនដី ប្រសិនបើវា​ត្រូវបានអនុញ្ញាត​ឲ្យជ្រៀតចូលមកក្នុង​បរិយាកាស​​បាន​។

៣៖ ភពនេះគាំទ្រ​ការប្រើប្រាស់​ឡើងវិញតួយ៉ាងដីដែល​យើងដើរជាន់ពីលើ​ជារៀងរាល់ថ្ងៃនេះ គឺសុទ្ធតែបានឆ្លងកាត់​ដំណើរការ នៃការប្រើប្រាស់​ឡើងវិញ ឬវដ្តន៍។ ដំបូងឡើយ​វា​ចាប់ផ្តើម​​​ពី​​ម៉ាក់ម៉ា (Magma) ដែលទន់ប៉ុន្តែក្តៅនៅ​ក្នុងស្នូលផែនដី​របស់យើង ហើយម៉ាកម៉ា​នេះ ត្រូវ​បាន​រុញ​ច្រាន​​ឡើង​មក​ផ្ទៃ​ស្រទាប់​​ខាង​លើ​​របស់​ផែនដី ជាទី​ដែលវាត្រូវថយចុះ​កម្តៅហើយ​ចាប់​ផ្តើម​ក្លាយ​ទៅជារឹង។ បន្ទាប់មកទៀត​កម្លាំងខ្យល់​ធ្វើឲ្យដីក៏ដូច​ជាថ្មរឹងនេះ បានសឹករិចរិល ដែល​​​នាំឲ្យកម្ទេចកម្ទីរបស់​វាកប់ចូល​ទៅក្នុងផែនដី​វិញ ជាទីដែល​ពួកវាទទួលរងកម្តៅ ហើយ​វិវត្តន៍ទៅជា​ម៉ាក់ម៉ាវិញ។

៤៖ ផែនដីស្ថិតនៅ​ចំទីតាំងដ៏ល្អ​ឥតខ្ចោះ ​ផែនដីយើងវិលជុំវិញ​ខ្សែ​អ័ក្ស​មួយ​ ដែលទ្រេត ឬក៏អាចនិយាយ​បានថា ជាបន្ទាត់​មួយ​ដែលរត់ពីប៉ូលខាងត្បូង​ ឡើងទៅកាន់​ប៉ូលខាងជើង​​។ ​ប្រសិនបើភព​របស់យើង វិលក្នុងមុំខុស​ពីនេះតែបន្តិច ឬក៏ផែនដីបែរ​ជាស្ថិតនៅកៀក ឬក៏ឆ្ងាយពី​ព្រះអាទិត្យជាង​មុនតែបន្តិចវិញនោះ សីតុណ្ហភាព​​នឹង​មានការប្រែប្រួលខ្លាំង​ជាក់ជាពុំខាន​ ហើយវាប្រហែល​ជានឹងបណ្តាល​​ឲ្យជីវិតនៅ​លើទីនេះ ពុំអាចកើត​មាន ឬបន្តទៅមុខ​ទៀតនោះទេ។

៥៖ ភពរបស់យើង​គឺជាអាថ៌កំបាំងដ៏​ធំមហាសាលមួយ តើអ្នកទាំងអស់​គ្នាដឹងទេថា ​ប្រមាណជា ៩៥ភាគរយ​ នៃមហាសមុទ្រ​របស់យើង (ជាង ៧០ភាគរយ នៃផ្ទៃ​របស់​ផែនដី) នៅតែពុំទាន់​ត្រូវបាន​​​គេរុករក និងស្រាវជ្រាវ​នោះឡើយ។ អ្នកវិទ្យាសាស្រ្ត​បាន​សន្និដ្ឋានថា ពូជសត្វ ឬរុក្ខជាតិប្រហែលជាមួយ​លានទៀត ដែលមិនទាន់​ត្រូវបាន​រក​​ឃើញ ប្រហែល​ជាកំពុងរស់នៅ​ក្នុង​តំបន់ផ្ទៃ​សមុទ្រទាំង​នោះ ដែលគ្មានការ​រុករក​ពីមនុស្ស។​ ដោយឡែក​នៅតាមតំបន់​ដីមួយចំនួន ដូចជា​​នៅផ្នែក​ខ្លះ​នៃព្រៃទាក់ទាញ​ទឹកភ្លៀង នៅកោះ​ញូហ្គីណេ ក៏ពុំទាន់មាន​នរណាម្នាក់​បានទៅដល់ដែរ។ ដូច្នេះវា​មានន័យថា រឿងរ៉ាវជាច្រើន​ទៀត​នៅលើផែនដី​យើង គឺពុំទាន់ត្រូវ​បានរកឃើញ​ឲ្យអស់​ឡើយ៕

ចែករំលែក