ទម្លាយ​អាថ៌​កំបាំងធំមួយ កាល​ពី​បេសកកម្ម Apollo ឡើង​ឋាន​ព្រះច័ន្ទ នៅអំឡុង​ទសវត្សរ៍​១៩៧០…

0

 

(អាមេរិក)៖ ជិតកន្លះសតវត្សរ៍មកហើយ ដែលអង្គការ NASA បានបញ្ជូនមនុស្ស​ជាលើកដំបូង និងជាបន្តបន្ទាប់ឡើងទៅឋានព្រះច័ន្ទ ដោយកាលណោះរបកគំហើញ និងភាពអស្ចារ្យជាច្រើនបានកើតមានឡើង ប៉ុន្តែកាលពីពេលថ្មីៗនេះ អាថ៌កំបាំង​ថ្មី​មួយទៀត ក៏ត្រូវបានបង្ហាញផងដែរ នោះគឺស្ថានភាពកម្តៅ នៅលើផ្ទៃព្រះច័ន្ទតែម្តង។ នេះបើតាម​ដកស្រង់​ការផ្សាយពី Space.com នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។

អាថ៌កំបាំងដែល​ត្រូវបានទម្លាយ​នោះ គឺកាលពី​អវកាសយានិក ឡើងទៅ​ឋានព្រះច័ន្ទ​នៅ​ទសវត្សរ៍ ១៩៧០ ពួកគេបានពើប​ប្រទះនឹងស្ថានភាពកម្តៅដ៏​ចម្លែក​មួយ។ វាបានកើត​ឡើង​​នៅ​ពេល​​ពួកគេដើរ និង​បើកបរយាន​យន្តនៅលើ​ផ្ទៃព្រះច័ន្ទ​ ទៅដកឧបករណ៍​ស្រូបកម្តៅ ឬស្ទាបស្ទង់លំហូរកម្តៅ (heat-flow probes) ដែលត្រូវបាន​កប់នៅជិតនោះ ហើយក៏បានធ្វើ​សកម្មភាព​ដកយក​ឧបករណ៍នោះ​ចេញ​ពីទីតាំងដែលបាន​កប់ ពេលនោះស្រាប់​ពួកគេ​បាន​ឃើញ «កំន​ពណ៌ខ្មៅ» នៅក្រោមទីតាំង​​ដែលបានកប់​ឧបករណ៍​​ខាង​លើនេះ​​​តែម្តង។

បើតាមការសិក្សាថ្មីៗនេះ​ឲ្យដឹងថា ឧបករណ៍របស់ NASA ដែលត្រូវបានកប់ក្នុង​ដី​របស់ព្រះច័ន្ទនោះ គឺស្រូបកម្តៅបានច្រើនជាងផ្ទៃខាងលើរបស់ព្រះច័ន្ទទៅទៀត ដែលធ្វើឲ្យ បាតដីដែលត្រូវហ្នឹងឧបករណ៍ស្រូបកម្តៅ បានទទួលរងកម្តៅខ្លាំង​ជាង ស្រទាប់​ដែលប៉ះ​នឹងពន្លឺ​អាទិត្យផ្ទាល់។

ជុំវិញ​បញ្ហានេះ សមាជិកនៃក្រុមអ្នក​វិទ្យាសាស្ត្រ ដែលកំពុង​សិក្សា​អំពីព្រះច័ន្ទ​បានឲ្យដឹងថា លទ្ធផលនេះ​មិនមែនត្រឹមតែ​ជួយយើង ឲ្យដោះស្រាយ​ចម្ងល់រាប់ទសវត្សរ៍​​ អំពីអាថ៌​កំបាំងនៃ​ស្ថានភាពកម្តៅនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរៀនថ្មី​សម្រាប់យើង ឈានទៅរកការបង្កើត​​បេសកកម្មនានា ទៅកាន់ទីឋាន​ផ្សេងៗ​ទៀត នៅក្បែរនឹងភពផែនដីយើង​ផងដែរ។

អ្នកនិពន្ធ Seiichi Nagihara នៃសាកលវិទ្យាល័យ​​បច្ចេកវិទ្យាមួយ​ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានលើកឡើង​យ៉ាងដូច្នេះថា «នៅក្នុងដំណើរការ នៃការបំពាក់​ឧបករណ៍អ្វីមួយ អ្នកត្រូវតែធ្វើការសិក្សាឲ្យច្បាស់អំពីបរិស្ថាន នៃតំបន់ដែលអ្នក​ចង់បំពាក់ឧបករណ៍នោះ ទើបអ្នកអាចធ្វើការគណនា និងសិក្សា​អំពីអ្វី​ផ្សេងទៀតបាន។ វាគឺជាសិក្សា​មួយប្រភេទ ដែលអាចឲ្យយើង​ឈានទៅរកការបង្កើត​​ឧបករណ៍ ដែលអាចធ្វើការ​ពង្រាយជាអចិន្ត្រៃយ៍លើផ្ទៃព្រះច័ន្ទ នៅថ្ងៃណាមួយ»។

គួរបញ្ជាក់ថា ក្រុមអវកាស​យានិក បានដាក់ពង្រាយឧបករណ៍​ស្ទាបស្ទង់លំហូរ​កម្តៅ នៅអំឡុងពេល​ទៅបំពេញ​បេសកកម្ម Apollo ទី១៥ និង Apollo ទី១៧ កាលពី​ឆ្នាំ១៩៧១ និងឆ្នាំ១៩៧២។ វាមានប្រយោជន៍​ក្នុងការសិក្សា​​អំពី​ស្ថានភាព​នៃ​កំសួល​កម្តៅ ដែលផ្លាស់ប្តូរពីផ្ទៃក្នុងនៃព្រះច័ន្ទ មកកាន់​ស្រទាប់​ខាងក្រៅ ហើយ​វានឹង​អាចជួយឲ្យ​យើងធ្វើការសិក្សា​អំពីរចនាសម្ព័ន្ធ និងសមាសធាតុ​ផ្សំ​របស់ព្រះច័ន្ទ​បាននៅថ្ងៃមុខផងដែរ។

សម្រាប់ឋាន​ព្រះច័ន្ទវិញមាន​ចម្ងាយ​ខ្ទង់ ៣៨៤,០០០គីឡូម៉ែត្រពី​ផែនដី និងមានកម្លាំង​ទំនាញខ្សោយ​បំផុត។ ព្រះច័ន្ទគ្មាន​បរិយាកាស​នោះទេ ហេតុដូច្នេះ​ទើបរបស់វា​ទទួល​រងកម្តៅ ដោយ​ផ្ទាល់ទាំងស្រុងពី​ព្រះអាទិត្យតែម្តង។ អ្នកវិទ្យាសាស្ត្រ​​បាន​អះអាងថា ផ្ទៃព្រះច័ន្ទ​ដែល​នៅចំពោះមុខ​ព្រះអាទិត្យ គឺមានកម្តៅ​រហូតដល់​ទៅ ១០០អង្សាសេ​ឯណោះ ហើយវា​ក៏ជាឧបសគ្គធំ​មួយ នៃការបំពេញ​បេសកកម្ម​ផងដែរ៕

ចែករំលែក