ត្រៀមៗ! នៅថ្ងៃទី៣១ ខែកក្កដា ភពអង្គារ​នឹងគោចរមក​គន្លងកៀក​ផែនដី​បំផុត ដែលជាបាតុភូត​កម្រកើត​មាន…

0

 

(អាមេរិក)៖ ក្នុងអំឡុងខែ​មិថុនានេះ ភពអង្គារ (Mars) បានចំណាយពេល​ស្ថិតនៅក្នុងចំណោម​កញ្ចុំផ្កាយ Capricornus ដោយចាប់​តាំងពី​ដើម​ខែនេះ វាបានបន្ត​លេចឡើងនៅក្រោយពាក់​កណ្តាលអាធ្រាត​ជារៀងរាល់ថ្ងៃ ហើយបន្តអាច​ឲ្យយើងតាមទស្សនា​បានរហូតដល់​ពេល​ព្រលឹម​ នៅឯតំបន់ភាគ​អាគ្នេយ៍នៃ​ផ្ទៃមេឃ។ នេះបើតាម Space.com ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ដោយឡែក នៅពេលផុតពាក់​កណ្តាលខែទៅ​ ភពអង្គារបានចាប់ផ្តើមរះ​ឡើងនៅមុនពាក់​កណ្តាលអាធ្រាត​វិញ ដែលនឹង​បន្ត​រហូត​​ដល់​ចុង​រដូវក្តៅ​របស់អាមេរិក។ ពេលមកដល់​ថ្ងៃព្រហស្បតិ៍សប្តាហ៍​នេះវិញ Mars នឹងបញ្ឈប់ចលនា​គោចរឆ្ពោះទៅរកភាគខាង​កើតរបស់វា ហើយ​ចាប់​ផ្តើម​​ចលនា​​មើល​ទៅ​ដូច​បញ្រ្ចាស់​ដែល​គេ​​ហៅថា Retrograde Loop ដែលនឹងប្រព្រឹត្ត​ទៅរហូតដល់ចុង​ខែសីហា។

គួរជម្រាបថា ក្នុងអំឡុងខែមិថុនា​នេះ ចលនគន្លងគោចរ​របស់ផែនដី នឹងបន្ត​កាត់បន្ថយ​​គម្លាតរវាងយើងពី​ភពក្រហម Mars។ ជាលទ្ធផល​​​ភពអង្គារនឹង​កើនឡើងពន្លឺ និងមើលទៅធំជាងមុខ។ កាលពីថ្ងៃទី០៣ ខែមិថុនា ព្រះច័ន្ទបានរះឡើង​នៅកម្រិត ០៣ដឺក្រ ខាងក្រោម Mars ខណៈនៅពេលដែល Mars លេចឡើងនាយប់​ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ​វិញ ព្រះច័ន្ទនឹងនៅកម្រិត ៤.៥ដឺក្រេ ពីផ្នែកលើ​ខាងដៃ​របស់វា (នៅជិតព្រះច័ន្ទ និងមានពន្លឺទឹកក្រូច នឹងនរប្លែកពីគេ)។

គួរជម្រាបថា នៅថ្ងៃទី៣១ ខែកក្កដា ចុងខែក្រោយវិញនោះ ភពអង្គារ​នឹងធ្វើដំណើរដល់ចំណុច​​កៀកបំផុត នៅក្នុងគន្លងរបស់វា​មក​ផែនដី គឺនៅចម្ងាយប្រហែល ៥៧.៦​លាន​គីឡូ​ម៉ែត្រ​ពីភពរបស់យើងប៉ុណ្ណោះ ខណៈនេះគឺ​ជារយៈចម្ងាយ​ដ៏ខ្លីបំផុតរវាងភពទាំងពីរ គិតចាប់តាំង​ពី​ឆ្នាំ​២០១៣​​មក​។

យ៉ាងណាក្តី ភពអង្គារនឹងមើល​ទៅខ្សោយចុះពន្លឺទៅវិញ នៅពាក់កណ្តាល​ខែសីហា ដោយសារភព​ក្រហមនេះ និងផែនដី នឹងធ្វើដំណើរ​​ឃ្លាត​ឆ្ងាយពីគ្នា នៅក្នុងគន្លង​រៀងៗខ្លួនជុំវិញ​ព្រះអាទិត្យ៕

ចែករំលែក