កំពុងជិះ​ទូក​កម្សាន្ត​សុខៗ​ ស្រាប់តែកម្អែរភ្លើង​មួយដុំ​​ហោះ​មក​ធ្លាក់លើ​ទូក បណ្តាល​ឲ្យរបួស​ ២៣នាក់ នៅ​កោះហាវ៉ៃ (រូបភាពខាងក្នុង)

0

(អាមេរិក)៖ កម្ទេចកម្ទីរ​ដុំបាល់ភ្លើងដែល​ខ្ទាតចេញពី​ភ្នំភ្លើង Kiauea លើ​កោះហាវ៉ៃ របស់​សហរដ្ឋអាមេរិក បានធ្លាក់ចំទូក​ទេសចរណ៍​​​មួយ​គ្រឿង និង​បណ្តាលឲ្យមនុស្ស ២៣នាក់រងរបួស។ នេះបើតាមការឲ្យ​ដឹងពីអាជ្ញាធររដ្ឋហាវ៉ៃ ដកស្រង់​សម្តីដោយ​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

យ៉ាងណាមិញ​អ្នកដែលបានទទួល​រងរបួស គឺភាគច្រើន​របួសស្រាល និង​មានម្នាក់​របួសធ្ងន់ ហើយគ្រាប់បែក​ភ្នំភ្លើងនេះ បានធ្វើឲ្យ​ធ្លុះដំបូល​ទូកថែមទៀត។ នៅពេល​កើតហេតុ ទូកទេសចរណ៍​ខាងលើរបស់​ក្រុមហ៊ុន Lava Ocean Tours Inc កំពុងធ្វើដំណើរ​នៅក្នុងតំបន់​​​​​សុវត្ថិភាព​ទំហំ ៣០០ម៉ែត្រ បួនជ្រុង ដែលត្រូវបាន​កំណត់ដោយ កងឆ្មាំល្បាត​ដែនសមុទ្រ​អាមេរិក។

តំបន់សុវត្ថិភាពនេះ ត្រូវបានអាជ្ញាធរ​អាមេរិក​កំណត់​ឡើង​ នៅជុំវិញតំបន់​ដែលកម្អែរភ្នំភ្លើង​ហូរចូលផ្ទៃសមុទ្រ នៅភាគអាគ្នេយ៍​នៃកោះហាវ៉ៃ ដើម្បីការពារ​មនុស្ស និង​ទូក-នាវានានា​ពីគ្រោះ​ថ្នាក់ ប៉ុន្តែជាអកុសល្យកម្អែរភ្លើងនោះ បែរជ្រុលខ្ទាតធ្លាក់​លើទូកទៅវិញ ហើយជាសំណាង​ដែលមិនមានមនុស្ស​ស្លាប់បាត់​បង់ជីវិត។

នៅពេលកើតហេតុ​មានមនុស្ស​សរុប ៥២នាក់ ក្នុងនោះរួមមាន​អ្នកដំណើរ ៤៩នាក់ និងក្រុមការងារ​ទូក ០៣នាក់ នៅលើទូក​ទេសចរណ៍​នោះ។ បើតាម​វែបសាយរបស់​ក្រុមហ៊ុន Lava Ocean Tours ការធ្វើដំណើរតាម​ទូកបែបនេះ គឺជាការទទួល​បាន​បទពិសោធន៍​​គួរ​ឲ្យ​រំភើប ក្នុងការទស្សនា​​​ទិដ្ឋភាពនៃ​កម្អែរភ្នំភ្លើង​ហូរចូលទឹក​សមុទ្រ។

គួរជម្រាបថា មកទល់​ពេលនេះ លំនៅឋានប្រជាជន​នៃរដ្ឋហាវ៉ៃរាប់រយខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ ដោយសារតែកម្អែរភ្លើងពីភ្នំ Kilauea ដែលបានបន្តផ្ទុះ​ស្ទើរតែឥតឈប់​ឥតឈរ ចាប់តាំងពីដើម​ខែឧសភាមក។ ភ្នំភ្លើងនេះគឺជា​ភ្នំភ្លើងសកម្ម និងក្មេងជាងគេ​បំផុត នៅលើ​​ពិភពលោក៕

ចែករំលែក