រកឃើញគ្រាប់​ពេជ្រកប់ក្រោម​ផ្ទៃផែនដី ដែល​ច្រើនលើស​ការ​រំពឹងទុក ១,០០០ដង ក៏ប៉ុន្តែ…

0

 

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវ​អាមេរិក នៅឯវិទ្យាស្ថាន​បច្ចេកវិទ្យារដ្ឋម៉ាស្សាឈូសេត (MIT) បានឲ្យដឹងថា បរិមាណនៃត្បូងពេជ្រ​ដែល​កប់នៅក្រោម​ផ្ទៃផែនដី គឺច្រើនជាង​ការប៉ាន់ស្មាន​ដល់ទៅ ១,០០០ដង​ឯណោះ ប៉ុន្តែពួកវាទាំងនោះ ទំនងជាគ្មាន​ឱកាសអាចឃើញ​​​​ពន្លឺ​ថ្ងៃ​ ឬក៏បង្ហាញខ្លួន​នៅតាមហាង​គ្រឿងអលង្កា​​ឡើយ​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​សារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

វត្ថុដ៏មានតម្លៃ​ដែលកកើតឡើងដោយ​ធម្មជាតិទាំងនេះ ស្ថិតនៅក្នុង​ជម្រៅយ៉ាងជ្រៅ ដែលពុំធ្លាប់មាន​ប្រតិបត្តិការខួងដី​ណាមួយ រុលទៅ​ដល់​នោះឡើយ គឺនៅជម្រៅ​ប្រហែល ១៤៥គីឡូម៉ែត្រ ទៅ ២៤០គីឡូម៉ែត្រ ពីផ្ទៃខាងលើ​នៃភពរបស់​យើង។ អ្នកស្រាវជ្រាវ​នៅ MIT បានឲ្យ​បញ្ជាក់​ថា ទោះបីជាយើង​មិនអាចយកត្បូងពេជ្រ​ទាំងនោះ ចេញមកបាន​ក៏ដោយ ប៉ុន្តែបរិមាណ​របស់វា គឺច្រើនខ្លាំងជាង​អ្វីដែលយើងធ្លាប់​​បាន​គិត គឺ១,០០០ដង លើសពីអ្វីដែល​យើងធ្លាប់ស្មានកាល​ពីមុន។

ការរកឃើញនេះ​ត្រូវបានធ្វើឡើង តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យាមួយ ដែលវិភាគ​ទៅលើរបៀបដែល​រលកសំឡេង​ ធ្វើដំណើរ​ឆ្លង​កាត់​​​ផ្ទៃផែនដី​។ ក្រុមអ្នកវិទ្យាសាស្រ្ត​បានរកឃើញ​បរិមាណ​ដ៏ច្រើន​លើសលប់ នៃកំណប់ដ៏​មានតម្លៃនេះ នៅក្នុងប្រភេទថ្ម​ដែលគេហៅ​ថា Cratonic ដែលមានរាងដូចភ្នំ​ដែលដាំក្បាល​ចុះក្រោម ចាក់ស្រេះពីស្រទាប់​ខាងលើឆ្ពោះ​ទៅរកស្នូល​ផែនដី។

គម្រោងខាងលើ​បានចាប់​ផ្តើមឡើង ដោយសារតែក្រុម​អ្នកវិទ្យាសាស្រ្តមាន​ការងឿងឆ្ងល់ ដោយសារ​លទ្ធផល​សង្កេត​ដែលថា​ រលកសំឡេងហាក់​ត្រូវបានបង្កើន​ល្បឿនគួរឲ្យ​កត់សម្គាល់ នៅពេលឆ្លង​កាត់ថ្មបុរាណ​ទាំងនេះ។ ដូច្នេះហើយ​ពួកគេបានបង្កើត​​ក្រុមថ្ម​​​សិប្ប​និម្មិត ដែលផ្សំឡើង​ពីសារធាតុរ៉ែ​ជាច្រើនខុសៗ​គ្នា ដើម្បីគណនា​ល្បឿនដែលរលក​សំឡេង ធ្វើដំណើរ​ឆ្លងកាត់​ពួកវា។ ក្នុងការ​ពិសោធន៍​នេះ ក្រុមអ្នកវិទ្យាសាស្រ្ត​បានរក​ឃើញថា មានតែប្រភេទថ្ម​ដែលផ្ទុកពេជ្រ​ប៉ុណ្ណោះ ដែលត្រូវជាមួយ​ល្បឿន​ដែលពួក​គេរកឃើញ​នៅក្នុងថ្ម Cratonic។

 

គួរជម្រាបថា ពេជ្រកកើត​ឡើងពីកាបូនក្រោម​សម្ពាធខ្លាំង​ និងសីតុណ្ហភាព​ខ្ពស់ នៅយ៉ាងជ្រៅ​ក្នុងផែនដី ហើយពួកវាបានងើប​ឡើងមក​កៀកនឹងផ្ទៃខាងលើ​របស់ផែនដី តែតាមរយៈបន្ទុះ​ភ្នំភ្លើង ដែលកម្រមាន​ប៉ុណ្ណោះ គឺជារៀងរាល់​ប៉ុន្មានសិបលាន​ឆ្នាំម្តង ដូច្នេះ​គេ​អាចសន្និដ្ឋានបានថា បើសិនជាចលនាប្រែប្រួលនៃ​ស្រទាប់ផែនដី​មានសភាព​ខ្លាំងក្លានោះ៕

ចែករំលែក