​Facebook កំពុងចាត់​វិធានការ​ក្តៅ «បិទព័ត៌មាន​ក្លែងក្លាយ ហិង្សា និង​ញុះញង់»

0

 

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន ​Facebook បានខិតខំប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការទប់ស្កាត់ព័ត៌មាន​ក្លែងក្លាយ ឬព័ត៌មាន​ដែលបង្ក​ជាការ​ភ័ន្ដច្រឡំ​ដល់សាធារណៈមតិ ប៉ុន្តែក្នុងមួយ​រយៈពេលចុងក្រោយ​នេះ ការបង្ហោះ និងការចែករំលែក​រូបភាពហិង្សា​នៅក្នុងប្រទេស ឥណ្ឌា ស្រីលង្កា និងមីយ៉ាន់ម៉ា បានជំរុញឱ្យ​ក្រុមហ៊ុនបណ្ដាញ​ទំនាក់ទំនងសង្គម​ដ៏ធំមួយនេះ​ ឈានទៅរកផ្លាស់ប្ដូរគោលនយោបាយ​របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

រហូតមកទល់​ពេលនេះ Facebook បានដោះស្រាយជា​មួយព័ត៌មានក្លែងក្លាយ តាមរយៈការប្លុក ឬធ្វើឱ្យវាមិនត្រូវបាន​គេមើល​ឃើញនៅលើ News Feeds។ ជាក់ស្ដែង​នៅក្នុងសប្ដាហ៍​នេះ ក្រុមហ៊ុន​បានប្រកាសថា ខ្លួននឹងចាប់ផ្ដើម​លុបចោល​ព័ត៌មានក្លែង​ក្លាយ​ត្រូវបាន​គេបង្ហោះ ឬចែកចាយបន្ត​ដែលមានលក្ខណៈ​ហិង្សា និងរំលោភបំពាន​លើរាងកាយ។

លើសពីនេះទៅទៀត Facebook ក៏បាន​អះអាងដែរថា ខ្លួនកំពុងសហការជាមួយ​ក្រុមសង្គមស៊ីវិល​មួយចំនួន នៅក្នុងតំបន់​ដើម្បីបញ្ជាក់ពី​ព័ត៌មានក្លែងក្លាយ និងអំពើ​ហិង្សានានា ហើយបើសិន​ជាមានការរាយការណ៍​ពីព័ត៌មាន​ទំាងនេះ នោះ Facebook នឹងចាត់វិធានការ​ទាំងបន្ទាន់ តាមរយៈការបិទព័ត៌មានទាំងនោះមិនឲ្យមានការចែក​ចាយ ឬឃើញក្នុង News Feed តទៅទៀត។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរគោល​នយោបាយនេះ នឹងត្រូវអនុវត្តន៍មុនគេនៅ​ប្រទេស​ស្រីលង្កា ជាទីដែលព័ត៌មាន​ក្លែងក្លាយបែបញុះញង់ ឱ្យប្រឆំាង​នឹងអ្នកកាន់សាសនាអ៊ីស្លាម​ កើតមានឡើង​ជាប​ន្តបន្ទាប់ រហូតដល់រ​ដ្ឋាភិបាល​ប្លុក Facebook ជាបណ្ដោះអាសន្ន​កាលពី​ខែមីនាកន្លងទៅ ក្នុងគោលបំណង​បន្ធូរបន្ថយ​ស្ថានភាព៕

ចែករំលែក